ក្រុមសមត្ថកិច្ច Bolivia កាលពីថ្ងៃទី ២៩កញ្ញា បានរកឃើញថង់មួយដែលមានប្រាក់ ១លានដុល្លារអាមេរិក ត្រូវបានគេបោះចុះពីលើយន្ដហោះ ត្រូវបានគេជឿថា ជាករណីជួញដូរថ្នាំញៀន។
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ Bolivia លោក Carlos Romero
ប្រភពព័ត៌មាន បានឱ្យដឹងថា ក្រុមប្រឆាំងគ្រឿងញៀនមួយនៅប្រទេស Bolivia បានប្រមូលយកថង់មួយដែលមានដាក់ប្រាក់ ១លានដុល្លារអាមេរិក ដែលត្រូវបានបោះចុះពីយន្ដហោះ មកលើក្រុង Santa Cruz របស់ខេត្រ Andres Ibanez ។ ក្នុងហេតុការណ៍នេះ មនុស្ស ៣នាក់ដែលមានបំណងយកថង់ប្រាក់នោះ ក៏ត្រូវបាននគរបាលឃាត់ខ្លួន។
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ Bolivia លោក Carlos Romero ឱ្យដឹងថា ប្រាក់ទាំងនេះត្រូវបានដកពីធនាគារមួយ នៅ Paraguay ។ ក្រៅពីថង់ប្រាក់ នគរបាលក៏បានរកឃើញស្រោមសំបុត្រមួយបង្ហាញថា ក្រុមហ៊ុនដឹកជញ្ជូនមួយ ត្រូវបានក្រុមជួញដូរថ្នាំញៀន ជួលឱ្យដឹកប្រាក់ទាំងនេះ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវ វែករកមុខម្ចាស់ប្រាក់នេះ ដើម្បីឱ្យដឹងច្បាស់អំពីមូលហេតុនៃការបោះប្រាក់ដ៏ច្រើនពីលើយន្ដហោះ។
ដោយ ៖ តារា
ប្រភព ៖ Youtube/Telegraph