(សៀមរាប)៖ កម្លាំងសមត្ថកិច្ចនគរបាល នៃការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរឹបអូសឱសថបំប៉នសុខភាព និងគ្រឿងសំអាង ដែលបាននាំចូលពីសហរដ្ឋអាមេរិក តាមព្រលានយន្ដហោះអន្តរជាតិសៀមរាប ហើយមិនបានបង់ពន្ធនោះ គឺមានចំនួនរហូតដល់ ៧០មុខ ស្មើនឹងជាង១លានគ្រាប់។ ប្រតិបត្តិការរឹបអូសនេះ បានធ្វើឡើង កាលពីពេលថ្មីៗនេះ នៅទឹកដីខេត្តសៀមរាប។
លោកវរសេនីយឯក សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ ថា« បើតាមការសន្និដ្ឋានដំបូង សម្រាប់តួលេខ ៥៤កែសនេះ យើងមិននឹកស្មានថា មានចំនួនយ៉ាងច្រើនដល់កម្រិតនេះឡើយ។ ដំបូងយើងអាចគិតថា តែត្រឹម ៤ ទៅ ៥មុខទេ ហើយក្នុងចំនួនទំនិញជាង ១តោននេះ ជាក់ស្ដែងយើងពិនិត្យឃើញ ៧០មុខ ហើយតម្លៃវិញក៏អាចរាប់សិបម៉ឺនដុល្លារដែរ។ បើយោងតាមច្បាប់ នៃការគ្រប់គ្រងឱសថ គឺយើងនឹងបញ្ជូនតាមនីតិវិធីទាំងវត្ថុតាង ទាំងជនសង្ស័យទៅមន្ត្រីរបស់មន្ទីរសុខាភិបាល ខេត្តសៀមរាប ដើម្បីចាត់ការសំណុំរឿងនេះ» ។
លោកស្រី លី វណ្ណៈ ប្រធានការិយាល័យឱសថ នៃមន្ទីរសុខាភិបាលខេត្តសៀមរាប ដែលបានចូលរួមសហការក្នុងការត្រួតពិនិត្យ និងរាប់ផ្ទៀងផ្ទាត់ឱសថបំប៉នសុខភាព គ្រឿងសំអាង និងផលិតផលសុខភាពមួយចំនួនទៀតនោះ បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦នេះថា ឱសថបំប៉នសុខភាព និងគ្រឿងសំអាងនេះ គឺមានចំនួន ៧០មុខ ស្មើនឹង ១,២០២,៣៦៦ គ្រាប់។
សូមបញ្ជាក់ផងដែរថា ក្នុងប្រតិបត្តិការបង្រ្កាបនេះ កម្លាំងសមត្ថកិច្ចតាមចាប់បាននៅភូមិគោកដូង សង្កាតទឹកវិល ក្រុងសៀមរាប នៅចំណុចខាងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
ស្រ្ដីដែលបាននាំទំនិញទាំងនេះ គឺមានឈ្មោះ ជា ណារី អាយុ ៤២ឆ្នាំ រស់នៅភូមិដក់ពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។ ក្រៅពីនោះសមត្ថកិច្ចក៏បានឃាត់ខ្លួន បុរសម្នាក់ដែលជាអ្នកបើកបររថយន្ដដឹកទំនិញនោះផងដែរ រួមទាំងរថយន្ដដឹក ១គ្រឿងទៀត ដែលមានស្លាកលេខ ភ្នំពេញ 2AF-7251 បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី