(ម៉ាឌ្រីដ)៖ កីឡាករបាល់ទាត់ជនជាតិព័រទុយហ្គាល់ Cristina Ronado បានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនចំនួន ៣លានផោន ដល់ក្លឹប Chapecoense របស់ប្រេស៊ីល និងគ្រួសារនៃសពរបស់កីឡាករដែលជួបធ្លាក់យន្តហោះនៅប្រទេសកូឡុំប៊ី ថ្ងៃទី២៩ ខែវិច្ឆិកាម្សិលមិញនេះ។
តាមរយៈសារព័ត៌មាន Talkingbaws បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធវ័យ៣១ឆ្នាំ ដែលកំពុងប្រកបអាជីពនៅក្នុងក្លឹប Real Madrid នៃប្រទេសអេស្ប៉ាញ បានចូលរួមរំលែកទុក្ខ និងបរិច្ចាគផ្ទាល់ខ្លួនភ្លាមៗ ក្រោយទទួលបានដំណឹងដ៏តក់ ស្លុតមួយនេះ ក្នុងនាមអ្នកស្លាប់សុទ្ធសឹងតែជាកីឡាករដែលប្រកបអាជីពដូចគ្នានោះ។
Ronaldo បានសរសេរសាររំលែកទុក្ខនៅលើ Facebook របស់ខ្លួនថា «ពិតជាតក់ស្លុតខ្លាំងណាស់ ដែលហេតុការណ៍ អាក្រក់បានកើតឡើងចំពោះក្រុម Chapecoense។ សូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារនៃសព និងមិត្តភ័ក្រ្តរង ទាំងអស់សម្រាប់ក្លឹប និងកីឡាករប្រេស៊ីលផងដែរ»។
សូមរំលឹកថា ជើងហោះហើរ LaMia Airlines Flight 2933 ដែលផ្ទុកអ្នកដំណើរភាគច្រើនថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករបាល់ទាត់ក្លឹប Chapecoense បានហោះចេញពីប្រទេសប្រេស៊ីល ហោះត្រង់ទៅប្រទេសកូឡុំប៊ី តែដោយសារតែបញ្ហាអាកាសធាតុ និងបច្ចេកទេសបានធ្វើឲ្យយន្តហោះនេះធ្លាក់នៅតំបន់ភ្នំ ស្ថិតនៅក្បែរទីក្រុង Medelllin ប្រទេសកូឡុំប៊ី នាម៉ោង ៥៖០០នាទីល្ងាច ម៉ោងក្នុងតំបន់ ស្មើនឹង១១៖៣០នាទីថ្ងៃត្រង់ ម៉ោងនៅកម្ពុជា ថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយបានសម្លាប់មនុស្ស ៧១នាក់ និងនៅរស់រាន្តមានជីវិត ៦នាក់ ក្នុងចំណោម ៧៧នាក់នៅលើយន្តហោះ៕
-ប្រវត្តិសំខាន់ៗ របស់អតីតក្រុមខ្លាំង Chapecoense មុនធ្លាក់យន្តហោះនៅប្រទេសកូឡុំប៊ី
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង