CamNews

ភាពយន្ត 

ផលិតកម្ម LD ប្ដឹង​ក្រុម​ហ៊ុន​ទូរទស្សន៍ ខ្សែ​កាប​មួយ យក​រឿង​របស់​ខ្លួន ទៅ​បញ្ចាំង ដោយ​គ្មាន​ការ​អនុ

(ភ្នំពេញ)៖ ផលិតកម្ម LD Picture​ កំពុងតែត្រៀមប្ដឹង ក្រុមហ៊ុនទូរទស្សន៍ខ្សែកាបមួយ ដែលបានរំលោភកម្មសិទ្ធិបញ្ញា យករឿង «អ្នកលេងជើងខ្វេរ» ទៅបញ្ចាំងក្នុង​ ស្ថានីយទូរទស្សន៍របស់ខ្លួន ដោយគ្មានការអនុញ្ញាត និងស្នើសុំសិទ្ធិបញ្ចាំងត្រឹមត្រូវនោះឡើយ ។ ផលិតកម្ម LD បានរកឃើញថា ស្ថានីយទូរទស្សន៍ខ្សែកាបខាងលើ បានបញ្ចាំងរឿង «អ្នកលេងជើងខ្វេរ» ​​រួចទៅហើយ កាលពីពេលថ្មីៗនេះ ហើយម្ចាស់ផលិតកម្ម បានទៅដល់​ការិយាល័យសមត្ថកិច្ច ប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីប្ដឹងពីបញ្ហានេះ ជួយរកយុត្តិធម៌ ខណៈផលិតកម្មមិនអាចទទួលយក ការរំលោភកម្មសិទ្ធិបញ្ញា ពីសំណាក់ស្ថានីទូរទស្សន៍ខាងលើនេះ បានឡើយ។

លោក លៀក លីដា ជាផលិតករ និងជាចាងហ្វាងផលិតកម្ម LD Picture បានថ្លែងប្រាប់ Khmretalking ឲ្យដឹងនៅព្រឹកនេះ ថា ផលិតកម្ម បានធ្វើការព្រមានដល់ ស្ថានីយទូរទស្សន៍ខ្សែកាបខាងលើ ឲ្យបញ្ឈប់ការដាក់បញ្ចាំងភាពយន្ត «អ្នកលេងជើងខ្វេរ» ជាបន្ទាន់ ប៉ុន្តែស្ថានីយទូរទស្សន៍ ខាងលើមិនព្រមស្ដាប់ ឬធ្វើតាម​ការស្នើសុំរបស់ ផលិតកម្មដែលជាម្ចាស់ដើមនោះទេ ។ ពេលនោះលោកបានទៅរកសមត្ថកិច្ច នៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ទាំងយប់ ដើម្បីជួយអន្តរាគមន៍ ប៉ុន្តែដោយចំថ្ងៃដែលសមត្ថកិច្ច​សំរាក ទើបលោកត្រូវរង់ចាំដល់ថ្ងៃសមត្ថកិច្ច​ ចូលធ្វើការវិញ ចាំជួបគ្នាឲ្យភាគីខាងទូរទស្សន៍ ចូលខ្លួនដោះស្រាយ។

លោក លៀក លីដា និយាយថា​ «ខ្ញុំបានប្រាប់ពួកគេ កុំឲ្យបញ្ចាំង តែពួកគេមិនព្រមស្ដាប់ ខ្ញុំក៏មករកសមត្ថកិច្ចទាំងយប់ ប៉ុន្តែចំថ្ងៃឆ្លងឆ្នាំ សមត្ថកិច្ចសម្រាក ពេលនេះខ្ញុំកំពុងតែរងចាំសមត្ថកិច្ច កោះហៅភាគីម្ខាងទៀតមកចូលខ្លួនដោះស្រាយ ។ តែបើពួកគេនៅតែ មិនចូលខ្លួនដោះស្រាយ ខ្ញុំនឹងដាក់ពាក្យប្ដឹងសមត្ថកិច្ច តាមផ្លូវច្បាប់ ពីបទរំលោភ កម្មសិទ្ធិបញ្ញា ..»

ចាងហ្វាងផលិតកម្មរូបនេះ ក៏បានបន្ថែមទៀតថា រឿងគេលួចយកស្នាដៃទៅដាក់បញ្ចាំង គឺជារឿងដែលលោកមិនអាចអន់ឱនបានឡើយ ព្រោះផលិតកម្ម LD ផលិតឡើង អស់ទុនរាប់ម៉ឺនដុល្លារ ហើយបែរជាយកទៅបញ្ចាំង ដោយគ្មានការអនុញ្ញាតបែបនេះ ជាការរំលោភសិទ្ធិផលិតកម្មធ្ងន់ធ្ងរ ​មិនអាចទទួលយកបានឡើយ៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: So Ena Star news local news