(ភ្នំពេញ)៖ ខ្សែរឿង«ហង្សបាក់ស្លាប» ដែលជាខ្សែភាពយន្តមួយ ត្រូវបានគេដឹងថា ទិញតពីប្រទេសថៃ ដើម្បីផលិតជាសាច់រឿង ក្នុងរូបភាពតួរបស់ខ្មែរ បានរកឃើញតួឯកស្រីម្នាក់ទៀតហើយ ក៏តារាសម្ដែងសិចស៊ី កញ្ញា ដួង ម៉ានិច ខណៈដែលតួឯកស្រីជាច្រើនរូបត្រៀមខ្លួនចូលថតនោះ ត្រូវបានផ្លាស់ប្ដូរជាហូរហែ យ៉ាងអាថ៌កំបាំង។ ប៉ុន្តែក្រោយពីតំណែងតួឯកក្នុងរឿងនេះ ធ្លាក់មកលើកញ្ញា ដួង ម៉ានិច បែរជាផ្ទុះសំឡេងរិះគន់ និងដៀមដាមពីអ្នកសិល្បៈដូចគ្នា ថា ដួង ម៉ានិច មិនសមនឹងទទួលបានតំណែងជាតួឯកស្រីក្នុងរឿងនេះទេ ព្រោះមុខស្រែៗបែបនេះ។
ខ្សែភាពយន្តរឿង «ហង្សបាក់ស្លាប» ក៏ត្រូវគេកត់សម្គាល់ឃើញថា មានសភាពរញ៉េរញ៉ៃ រកលេខដាក់គ្មាន ព្រោះត្រូវប្ដូរតួសម្ដែងឯកជិត១០នាក់ទៅហើយ សូម្បីតែអ្នកដឹកនាំរឿងវិញ ក៏ដូរចុះដូរឡើងមិនតិចអ្នកដែរ។ ដំបូងឡើយតួឯកស្រីក្នុងរឿងនេះ ត្រូវបានគេរើសយកនាង ម៉ៃយ៉ា ដែលជាកូនកាត់អាល្លីម៉ង់ ប៉ុន្តែក្រោយមក នាងក៏របូតតំណែងតួឯកនេះបាត់ ហើយក៏ល្បីថា ធ្លាក់ក្នុងដៃកញ្ញា ម៉ាក សែនសូនីតា ហៅ តូតា ។ ជាមួយគ្នានេះ ក៏ស្របនឹងដំណឹងថា កញ្ញា នៅ សុនីតា ក៏ត្រៀមខ្លួនធ្វើតួឯកក្នុងរឿងនេះដែរ។ ប៉ុន្តែចុងក្រោយ ក៏មានវត្តមាន ដួង ម៉ានិច តារាសម្ដែងសិចស៊ី ដែលនាងទើបតែចេញមកក្រោយសោះ បែរជាក្រសោបបានតំណែងក្នុងរឿងនេះទៅវិញនេះ។
ប្រភពពីអ្នកសិល្បៈ បាននិយាយថា រឿងនេះដូរតួជិតមួយលាននាក់ហើយ តារាស្រីក្នុងសិល្បៈនរណា ក៏ផលិតករតថ្លៃយកទៅសម្ដែងដែរ តែបែរជាមិនយក ហើយដូរតួទៅវិញ វាដូចជាធ្វើអីលឿនៗ តាមតែចិត្តនឹកឃើញ ធ្វើឲ្យអ្នកសិល្បៈជាច្រើនអន់ចិត្ត។ ជាក់ស្ដែងសូម្បីតែតួម៉ែចុង ក៏ដូរពី អ៊ុន អាលីហ្សា មកជា ទឹម រដ្ឋា ដែរ។ អ្វីៗដូចជាក្មេងលេងបាយឡុកបាយឡ។ អ្នកសិល្បៈដដែលបាននិយាយថា «តួឯកយកអ្នកណាមិនយក! យក ដួង ម៉ានិច មុខនាងមិនសមជាតួស្រី ក្នុងរឿងនេះឡើយ ព្រោះ តួស្រីក្នុងរឿងនេះជាប្រភេទនារីហាយសូ (កាលីបខ្ពស់) កូនអ្នកមានជាន់ខ្ពស់ ប៉ុន្តែដួង ម៉ានិច មិនមានបុគ្គលិកលក្ខណៈ ដូចបែបនេះឡើយ ពោលគឺស្រែៗ!»។
ផ្ទុយពីនេះ ប្រភពជិតដិតនឹងតារាសម្ដែង ដួង ម៉ានិច បាននិយាយថា ដួង ម៉ានិច ក្រោយពីក្រសោបបានតំណែងតួឯក ទោះបីត្រូវប្ដូរតួជិតមួយរយនាក់ មុននឹងមកដល់នាងក៏ដោយ ក៏នាងមិនខ្វល់ឡើយ សំខាន់វាគឺពិតជារបស់នាង១០០ភាគរយ ។ ដួង ម៉ានិច ត្រូវថតបណ្ដើរៗ ហើយគ្រោងនឹងទៅស្នាក់នៅ ខេត្តសៀមរាប នៅសណ្ឋាគារសូហ្វីតែល ដល់ទៅ១ខែ ដើម្បីថតរឿងនេះ ហើយគេងស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ៥ នេះទាំងអស់។
ក្រៅពីបានតំណែងតួឯកប្រាក់ចំណូលវិញ ក៏មិនធម្មតាដែរ ដូចនេះនាងជះលុយទិញខោអាវ គ្មានស្ដាយស្រណោះអ្វីឡើយ ពោលគឺ ដួង ម៉ានិច ត្រូវធ្វើខ្លួនឲ្យសមនឹងតួឯកក្នុងរឿង ទោះ ខោអាវមួយកំប្លេមានតម្លៃរហូតដល់២០០ដុល្លា ក៏នាងទិញស្លៀកដែរ។ ដួង ម៉ានិច ពិតជាកើតពីគ្រួសារអ្នកលំបាក ទើបតស៊ូក្នុងសិល្បៈ ដើម្បីស្វែងរកភាពល្បីល្បាញ និងលុយជួយគ្រួសារ ពេលក្រសោបបានតំណែងធំបែបនេះ ជាឱកាសឲ្យនាងសាងភាពល្បីល្បាញបន្ថែម ។ ដូចនេះនាងគ្មានពេលខ្វល់ នឹងសម្ដីអ្នកដទៃនោះឡើយ៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី