CamNews

តារា 

វី ដាណែត ចង់​ប្រជែង​តំណែង សុខ សីឡាលីន

ភ្នំពេញ៖ តារាចម្រៀងស្រីវ័យក្មេងស្រស់ស្អាត កញ្ញា វី ដាណែត ជាកូនស្រី បង្កើត តារាចម្រៀងជើងចាស់ សំឡេងស្អក លោក ហួរ ឡាវី ដែលបានចូលក្នុងផលិតកម្ម ហង្សមាស ជាង១ឆ្នាំមកហើយប៉ុន្តែមិនទាន់ចេញបទចម្រៀងជាផ្លូវការ នោះទេខណៈគម្រោងនឹងចេញ នៅពេលឆាប់ៗនេះ ។
 
ថ្វីដ្បិតតែ វី ដាណែត មិនទាន់ចេញបទចម្រៀង ក៏ពិតមែន តែនាងធ្លាប់បានឡើងច្រៀង តាមស្ថានីយទូរទស្សន៍នានា ជាច្រើន ហើយអាចច្រៀងបទចម្រៀង បានច្រើនទំរង់មិនថា បុរាណ ឬក៏សម័យ ពិសេសនាងច្រៀងជា ភាសាអង់គ្លេសបានល្អ ពោលមានសំឡេងស្រឡះល្អ ស្រែកបានខ្ពស់ និងរូបសម្បត្តិសមរម្យ ។
កន្លងមកឲ្យតែនិយាយ ពីតារាចម្រៀងខ្មែរ ដែលច្រៀងបទចម្រៀងបរទេសបានល្អ គេតែងនឹកឃើញដល់ កញ្ញា សុខ សីឡាលីន មុនគេ តែពេលនេះ មាន វី ដាណែត មួយទៀត ដែលច្រៀងបានល្អ មិនចាញ់ សុខ សីឡាលីន និងមានចំណុចលេចធ្លោរច្រើន មិនធម្មតាឡើយ ព្រោះផលិតកម្មហាក់សម្រិតសម្រាំង ជាពិសេស មុនពេលនាងចេញបទចម្រៀង លក់លើទីផ្សារ ។ វី ដាណែត ត្រូវបានគេសំឡឹងឃើញថា ជាគូប្រជែងថ្មីរបស់ សុខ សីឡាលីន ព្រោះនាងស្ថិតនៅលើទ្រនំតែមួយ ។ពួកគេទាំងពីរមានលក្ខណៈដូចគ្នា ក្រៅពីនេះ គេឃើញ វី ដាណែត បានដណ្ដើមទីផ្សារ សុខ សីឡាលីន អស់ច្រើន ព្រោះបើធម្មតា កម្មវិធីបែបនេះត្រូវមាន សុខ សីឡាលីន តែពេលនេះជំនួសដោយ វី ដាណែត វិញ ។

កាលពីប៉ុន្មានថ្ងៃមុន ក្នុងកម្មវិធី តាំងពិព័រណ៍គ្រឿងអលង្កា និង គ្រឿងពេជ្រ នាមជ្ឈមណ្ឌល កោះពេជ្រ កញ្ញា វី ដាណែត បានបកស្រាយបទចម្រៀង ជាភាសាអង់គ្លេសមួយបទ ដែលធ្វើឲ្យជំទាវៗ ដែលស្ថិតក្នុងពិធី លាន់មាត់សរសើនាងមិនតិចទេ ព្រោះជាក្មេងស្រីស្រស់ស្អាត មានសំឡេងពីរោះ និង អត្តចរឹកល្អ ហើយលោកជំទាវ សួរគ្នាថា នាងជាកូនស្រី ហួរ ឡាវី មែន ?

វី ដាណែត មិនត្រឹមតែមានសឡេងល្អទេ សូម្បីកវីនិពន្ធ សុខ ចាន់ផល ក៏បានកោតសរសើរ អត្តចរឹកថា ជាតារាចម្រៀងស្រីថ្មី គួរចូលចិត្ត តែគេមិនដឹងថា នាងអាចវាយដណ្ដើម ប្រជាប្រិយភាព បានកម្រិតណាទេ ស្របពេលដែលគេឃើញថា តារាចម្រៀងស្រី ហង្សមាស ក្រោយៗមិនសូវមានភាពលេចធ្លោរ។ ជាក់ស្ដែងដូចជា សន សូលីនកា ដែលចេញអាល់ប៊ុមជាមួយ ឆន សុវណ្ណារាជ ហើយក៏ស្ងប់ស្ងាតទៅ នេះក៏ជារឿងព្រួយបារម្ភ មួយរបស់អ្នកគាំទ្រនាងដែរ ៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Entertainment Vy Danet Sok Sylalin