CamNews

យល់ដឹង 

វិធីងាយៗ ៧ យ៉ាង ដើម្បីធ្វើឲ្យអ្នកមានភាពសកម្មក្នុងការងារ

មនុស្ស​គ្រប់​រូបតែង​តែ​ចង់​មាន​ភាព​សកម្មក្នុង​ការងារ​។ គ្មាន​នរណា​ម្នាក់​ចង់​ខ្ជះ​ខ្ជាយ​ពេល​វេលា​ និង​ឱកាស​ទេ។ ដូច្នេះ​តើ​អ្នក​គួរ​តែ​ធ្វើ​បែប​ណា ដើម្បី​អាច​ផ្តោ​ត​អារម្មណ៍ និង​រៀប​ចំ​ការងារ​ឲ្យ​បាន​ល្អ​ពេញ​មួយ​ថ្ងៃ? គន្លឹះ​ទាំង​៧ ខាង​ក្រោម​នេះ អាច​ជួយ​ជា​គំនិត​ដល់​អ្នក​បាន។

ផ្តល់​អាទិភាព​ដល់​ការងារ​ដែល​សំខាន់

អ្នក​គួរ​តែ​កំណត់​ការងារ​របស់​អ្នក ថា​តើ​ការងារ​មួយ​ណា​ប្រញ៉ាប់ និង​សំខាន់ ហើយ​ការងារ​មួយ​ណា​អាច​សម្រេច​បាន​លឿន​ជាង​គេ។ រៀប​ចំ​ការងារ​ដែលមា​ន​ភាព​​ស្រដៀង​គ្នាមួយ​ក្រុម ហើយ​ដាក់​ថ្ងៃ​កំណត់​ឲ្យ​បាន​ច្បាស់​លាស់។

រៀប​ចំ​គម្រោង

ក្រោយ​ពេល​ដែល​រៀប​ចំ​ការងារ​គ្រប់​យ៉ាង​រួច​រាល់​ហើយ អ្នក​ត្រូវ​តែ​រៀប​ចំគម្រោង។ ក្រលេក​ទៅ​​ពេល​វេលា ដែល​អ្នក​ចំណាយ​លើ​ការងារ​និមួយៗ ថា​តើ​វា​មាន​ភាព​សមតុល្យ​ទៅ​នឹង​ចំនួន​ការងារ របស់​អ្នក​ឬ​ទេ។ ដូច្នេះ​អ្នក​អាច​រៀប​ចំ​គម្រោង​ ដែល​ធ្វើ​ឲ្យ​ការងារ​អ្នក​កាន់​តែ​ប្រសើ​រ​ឡើង។​

ធ្វើ​តារាង​ការងារ (checklists)

ហេតុ​អ្វី​បាន​ជា​​អ្នក​ត្រូវ​ធ្វើ​តារាង​ការងារ(checklists)? ពីព្រោះ​អ្នក​នឹង​មាន​អារម្មណ៍​សកម្ម​ជាង​មុន នៅពេល​ដែល​អ្នក​បំពេញ​នូវ​រាល់​ការងារ​ ដែល​នៅ​ក្នុង​តារាង​នោះ។

កាត់​បន្ថយ​ទំនាក់​ទំនង​សង្គម

ទំនាក់​ទំនង​សង្គម គឺ​ជា​ការ​រំខាន។ ប្រសិន​បើ​ អ្នកបាន​មើលវីដេអូ​មួយ​ក្នុង​ Facebook ឬ YouTube ហើយ អ្នក​ប្រាកដ​ជា​បន្ត​មើល​វីដេអូ​បន្ទាប់​ជា​មិន​ខាន។ បើ​មិន​ដូច្នោះ​ទេ អ្នក​នឹង​បន្ត​ឆ្លើយ​ឆ្លង​ជាមួយ​មិត្ត​ភក្តិ​អ្នក​ រហូត​ធ្វើ​ឲ្យ​ខាត​ពេល​វេលា​ធ្វើ​ការ​មិន​ខាន។​

សម្រាក​ បើ​អ្នក​មានអារម្មណ៍​នឿយ​ហត់

អ្នក​អាច​សម្រាក​មួយ​ស្របក់ ដើម្បី​ធ្វើ​ឲ្យ​ខួរ​ក្បាល​ស្រលះ។ អ្នក​អាច​ចេញ​ទៅ​ក្រៅ​សម្រាក​ ១០​ នាទី ដោយ​ការ​ស្តាប់​តន្រ្តី ឬ​ក៏​ញ៉ាំ​អ្វី​បន្តិច​បន្តួច សឹម​មក​ធ្វើ​ការ​វិញ។

កាត់​បន្ថយ​ការ​ប្រជុំ

ការ​ប្រជុំ​ម្តង​ម្កាល ធ្វើ​ឲ្យ​មាន​ភាព​សកម្ម​ក្នុង​ការងារ​ ហើយ​អ្នក​អាច​តាម​ដាន​ការងារ​បាន​ជាប់​លាប់​ល្អ។ ប៉ុន្តែ​បើ​មាន​ការ​ប្រជុំ​ច្រើន​ដង​ ក្នុង​មួយ​សប្តាហ៍ នោះ​វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​យឺត​យ៉ាវ ក្នុង​ការ​បំពេញ​ការងារ​ ថែម​ទាំង​មាន​អារម្មណ៍​ស្ត្រេស​ទៀត​ផង។

រៀប​ចំ​តុ​របស់​អ្នក

នៅ​ពេល​ដែល​អ្នក​រៀប​ចំ​តុ​របស់​អ្នក ឲ្យ​មាន​សណ្តាប់​ធ្នាប់​ នោះ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ការងារ​ត្រូវ​បាន​រៀប​ចំ​យ៉ាង​រៀប​រយ។ អ្នក​អាច​រក​ឯកសារ​ដែល​ចាំ​បាច់ យ៉ាង​ឆាប់​រហ័ស និង​មាន​អារម្មណ៍​ធូរស្បើយ​ជាង​តុ​ មាន​សភាព​រញ៉េរញ៉ៃ៕​


ប្រភព៖​forbes