ភ្នំពេញ៖ ចាប់តាំងពីតារាសម្តែងអ្នកនាង ចន ច័ន្ទលក្ខិណាបានសម្រេចប្តឹងលែងលះ ជ្រះស្រឡាស់ដាច់គ្នារវាងប្តី-ប្រពន្ធ ផ្លូវការជាមួយអតីតស្វាមីដើម លោក យុត្ថារ៉ា ឆានី កាលពីចុងឆ្នាំ២០១៣មកនោះ ឃើញថា រហូតមកទល់ពេលបច្ចុប្បន្ន នាងនៅតែទទួលរងពាក្យសម្តីរិះគន់ខ្លាំង ដែលបាញ់ចាក់ ស្រោចមកលើជីវិត ផ្តើមសាងសុភ័មង្គលស្នេហ៍ថ្មីជាមួយបុរសអ្នកជំនួញលោក ហេង ឡុង ។
ដោយជាស្តែងកាលពីថ្មីៗនេះ មានបុរសម្នាកជាថៅកែហាងនំប៉័ងកំពុងរស់នៅប្រទេស New Zealand បានសរសេរសារបង្ហោះជេរប្រមាណ និងប្រើពាក្យសម្តីធ្ងន់ៗជាបន្តបន្ទាប់រហូតធ្វើឲ្យនាងទប់ចិត្តលែងបានក៏ផ្ទុះកំហឹងប្រតិកម្មឆ្លើយតបតទៅវិញភ្លាមៗផងដែរ។ ប៉ុន្តែទោះបីជាបញ្ហាបែបនេះ តែងបន្តកើតមានលើកនាងបែបនេះក្តីក៏អ្នកនាង ចន ច័ន្ទលក្ខិណានិងគូស្នេហ៍ នៅតែបង្ហាញក្តីសង្ឈឹមដើម្បី រឹតចំណងមិត្តភាពស្នេហារបស់ពួកគេឲ្យស្ថិតស្ថេរនៅគង់វង្សដដែល។
បើតាមការសង្កេតលើសកម្មភាព នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់អ្នកនាង ចន ច័ន្ទលក្ខិណា ស្ទើរតែ៩០ភាគរយដែលគូរស្នេហ៍អ្នកទាំងពីរ តែងបង្ហាញនិងទម្លាយរូបភាពផ្អែមល្ហែម កៀកកើយគ្នាដើម្បីបញ្ជាក់ប្រាប់ទស្សនិកជន ឲ្យឃើញពីការស្អិតល្មួតនៃចំណងស្នេហា ប្រឆាំងការរិះគន់របស់មនុស្សមួយចំនួន ដែលពូកែចាំតែឈឺឆ្អាលចំពោះរឿងអ្នកដទៃ ។
ស្របពេលជាមួយគ្នានេះដែរ ក៏មានរឿងចម្លែកថ្មីមួយទៀត ខណៈដែលគេបានទើបប្រទះឃើញអ្នកមេម៉ាយកូនមួយ អ្នកនាង ចន ច័ន្ធលក្ខិណា សរសេរបង្ហោះសារមួយឃ្លា បែបប្លែកពីគ្រាន់មុនៗថាបើអាចខ្ញុំចង់ទាញពេល នៃការជួបគ្នា (គូស្នេហ៍លោក ហេងឡុង) ដោយខ្ញុំនៅជាក្មេងស្រី ដែលមិនទាន់ស្គាល់រឿងរ៉ាវរ៉ាប់រងអ្វីទាំងអស់។
តាមរយៈអត្ថន័យខាងលើនេះគេអាចសន្និដ្ឋានបានថាអ្នកនាង ចន ច័ន្ទលក្ខិណា ទំនងកំពុងមានអារម្មណ៍ សោកស្តាយជាខ្លាំងព្រោះ ពេលវេលាដែលកំណត់ធ្វើឲ្យស្គាល់គ្នារបស់នាងនិងលោក ហេង ឡុង នាពេលបច្ចុប្បន្ននេះហាក់មានភាពយឺតបន្តិច។ន័យនេះចង់បង្ហាញថាបើសិនជាអាច គឺនាងចង់ទាញឲ្យពេលវេលាត្រឡប់ថតទៅក្រោយក្នុងស្ថានភាពបែបកំលោះ និង ក្រមុំចំពោះការចាប់ផ្តើមសាងស្នេហ៍ រវាងនាងនិងលោក ហេង ឡុង ដោយគ្មានជាប់ពាក់ព័ន្ធរឿងអ្វីទាំងអស់ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល