CamNews

តារា 

សុខ សោម៉ាវត្ត Drama ខ្លាំង និងព្រានបុរសដល់កំពូល ខណៈក្តាប់តំណែងតួឯក "សួស្តីលោកគ្រូកំលោះ"

ភ្នំពេញ ៖ យប់ថ្ងៃទី ២០ ធ្នូ ម្សិលមិញនេះ កម្មវិធីដ៏ឱឡារិកមួយត្រូវបានប្រារព្ធឡើងជាពិសេស នៅឯរោងភាពយន្ត លេជិន ស្ទឹងមានជ័យ​ ដែលមានទីតាំងស្ថិតនៅផ្សារទំនើបស្ទឹងមានជ័យរាជធានីភ្នំពេញ ។ បើតាមការឲ្យដឹងពីក្រុមការងារចុះទៅដល់ទីតាំងផ្ទាល់ ឲ្យដឹងថា កម្មវិធីដ៏ឱឡារិកនោះ គឺជាកម្មវិធីសម្ភោធផ្លូវការនៃការចាក់បញ្ចាំងខ្សែភាពយន្តថ្មី ពីផលិតកម្មមហាហង្សនោះគឺ "សួស្តីលោកគ្រូកំលោះ" ខណៈ អ្នកនាង សុខ សោម៉ាវត្តី ជាថ្មីម្តងទៀតក្តាប់បានតំណែងតួឯកទៀតហើយ ។


ច្រើនជាងវត្តមានចូលរួមដោយផ្ទាល់ពីសំណាក់ តួឯក អ្នកនាង សុខ សោម៉ាវត្តី ក៏ដូចជា លោក ជា សុវណ្ណនរាហ៍ នោះ គេក៏បានឃើញការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់មិត្តអ្នកសិល្បៈ​ ជាពិសេស តារាសម្តែងក្នុងភាពយន្តតែម្តង ក្នុងនោះ តួអង្គសំខាន់នៅក្នុងខ្សែភាពយន្ត ដែលអវត្តមាននៅក្នុងថ្ងៃសម្ភោធ ព្រោះតែរវល់ការងារសម្តែង មានដូចជា នាយ ពាក់មី នាយ គ្រឿន និង អ្នកនាង ខ្ញុង ហើយអ្វីដែលរឹតតែពិសេស នោះគឺថា ក៏មានការចួលរួមជាកិត្តិយសពីសំណាក់លោក អ៊ិន សុភិន ដូចគ្នាដែរ ដែលជាចាងហ្វាងផលិតកម្ម មហាហង្ស ។ លោក អ៊ិន សុភិន គូសបញ្ជាក់ឲ្យដឹងថា ខ្សែភាពយន្តថ្មី "សួស្តីលោកគ្រូកំលោះ" ដែលជាចំណងដៃចុងឆ្នាំ ២០១៦ នេះ លោកមានការរំពឹង ទុកថានឹងមានភាគជោគជ័យខ្ពស់ ពីព្រោះថា កាលបើនិយាយពីភាពយន្ត ដែលមានអ្នកនាង សុខ សោម៉ាវត្តី សម្តែងដោយផ្ទាល់ ហើយនោះ ច្បាស់ណាស់ ពិតជាទទួលបានការគាំទ្រទិញ សំបុត្រចូលទស្សនារាប់ម៉ឺននាក់ឯណោះ ហើយអ្វីដែលជាការកត់សម្គាល់ និងអាចកំណត់បានពីភាពជោគជ័យនោះគឺ ភាពខ្លាំង នៃខ្សែភាពយន្ត "សួស្តីលោកគ្រូកំលោះ" ដែលជាខ្សែភាពយន្តមានការសម្រិត សម្រាំងជាខ្លាំង មុននឹងធ្វើការចាក់ផ្សាយទាំងខ្សែរឿង ទាំងបច្ចេកទេសថត ទាំងតួសម្តែង និង ប្លង់ថតជាដើម ។ លោក ចាងហ្វាង ផលិតកម្មបន្តឲ្យដឹងថា ជាខ្សែភាពយន្ត ដែលផ្តោតលើការអប់រំ  "សួស្តីលោកគ្រូកំលោះ" មានលាយឡំជាមួយនឹងឈុតឆាក កំប្លែង មនោសញ្ចេតនា រ៉ូមែនទិក និង កំសត់ថែមទៀតផង តាំងតែពីដើមដល់ចប់ ។ 


ជាការគូសបញ្ជាក់ ដោយផ្ទាល់ពីសំណាក់ តារាសម្តែងដែលក្តាប់បានតំណែង តួឯកជាច្រើនរឿង និងទទួលបានជោគជ័យខ្លាំង អ្នកនាង សុខ សោម៉ាវត្តី ឲ្យដឹងថា អ្នកនាងផ្ទាល់សម្តែងជាតួព្រានបុរស  រហូតបានជួបនឹងបុរសក្នុងក្តីសុបិន្ត ដែលជាគ្រូ គណិតវិទ្យា​ ថ្នាក់វិទ្យាល័យ ពេលនោះហើយ ទើបនាងយល់ច្បាស់ថាអ្វីទៅស្នេហា។ តារាសម្តែង អ្នកនាង សុខ សោមវត្តី បានអំពាវនាវឲ្យ មិត្ត អ្នកអាន ជាពិសេសប្រិយមិត្តមកពីគ្រប់ទិសទី និងស្រទាប់វណ្ណៈ ឲ្យចូលរួមគាំទ្រវិស័យភាពយន្តខ្មែរឲ្យបានទាំងអស់គ្នា ដែលជា ការលើកកំពស់មួយ និងឲ្យតម្លៃទៅលើស្នាដៃសិល្បៈក្នុងស្រុក ៕