CamNews

តារា 

ធ្លាយតម្លៃខ្លួន សុខ សោម៉ាវត្តី​ ដែលគ្រប់គ្នា ពុំធ្លាប់បានដឹងទាល់តែសោះ

(ភ្នំពេញ)៖ ស្របពេលដែលតារាសម្ដែង កំពុងតែក្ដោបក្ដាប់ប្រជាប្រិយភាព យ៉ាងពេញដៃ អ្នកនាង សុខ សោម៉ាវត្តី បានធ្វើការបដិសេធថា ការប្រកាសផ្អាកការសម្ដែងរបស់ខ្លួន ពុំមែនជាលេសដើម្បីតម្លើងថ្លៃខ្លួន ដូចការចោទប្រកាន់នោះ ស្រាប់តែនៅពេលថ្មីៗនេះ ផលិតករមួយរូប បានបង្ហើបពីតម្លៃខ្លួនពិតរបស់ សុខ សោម៉ាវត្តី ចំពោះការថតភាពយន្តខ្នាតធំ ដែលជាតម្លៃមួយខ្ពស់គួរសម បើប្រៀបធៀបនឹងតារាសម្ដែងល្បីៗស្រករគ្នា។



ផលិតករដដែលខាងលើ ដែលសុំមិនបញ្ចេញឈ្មោះ បានបន្តថា សម្រាប់ផលិតកម្មណា ដែលហ៊ានឲ្យតម្លៃ តាមទីផ្សាររបស់តារាសម្ដែង សុខ សោម៉ាវត្តី បានកំណត់ គឺនាងនឹងព្រមព្រៀង ចុះកិច្ចសន្យាថតរឿងដុំឲ្យភ្លាម ប៉ុន្តែបើផលិតកម្មណា មិនសូវមានធនធាន ឬជាផលិតកម្មទើបបង្កើតថ្មីនោះ គឺពិបាកក្នុងការទាក់ទងយកនាងមកថតបន្តិច។ ប៉ុន្តែយ៉ាងណាមិញ សុខ សោម៉ាវត្តី ក៏មានមនោសញ្ចេតនា ក្នុងការជួយដល់ផលិតករនោះវិញដែរ ទោះបីជាតម្លៃមិនបានតាមការទាមទារ ព្រោះដើម្បីជួយគ្នាទៅវិញទៅមក និងជាការរាប់អានគ្នា ក្នុងនាមជាអ្នករស់នៅក្នុងមជ្ឈដ្ឋានសិល្បៈដូចគ្នា ហើយបើមានពេលវេលាគ្រប់គ្រាន់ នាងនឹងទទួលថត។

ប្រភពព័ត៌មានពីផលិតកររូបនោះ បានបង្ហើបថា តម្លៃខ្លួនរបស់តារាសម្ដែង ដែលមានប្រជាប្រិយភាពខ្លាំង គឺអ្នកនាង សុខ សោម៉ាវត្តី មានតម្លៃចន្លោះ ពី៥ពាន់ ទៅ៦ពាន់ដុល្លារអាមេរិក ក្នុងការថតរឿងដុំខ្នាតធំមួយរឿង ខណៈដែលរឿងដុំនោះ ថតរយៈពេលតែ១សប្ដាហ៍ ឬយ៉ាងយូរជាង១០ប៉ុណ្ណោះ គឺចប់រួចរាល់ហើយ។ ប៉ុន្តែចំពោះរឿងភាគវិញ គឺមិនបានដឹងនោះទេ។

ជាការកត់សម្គាល់តម្លៃនេះ គឺត្រូវបានផលិតករមួយចំនួន ធ្វើការពិចារណា ដោយអ្នកខ្លះគិតថា ថ្លៃណាស់ ហើយអ្នកខ្លះទៀតគិតថា សមរម្យ ព្រោះតែ សុខ សោម៉ាវត្តី ជាតារាលំដាប់ខ្ពស់ រឿងណាក៏នាងសម្ដែងជាតួឯកដែរ តម្លៃប៉ុណ្ណឹងអាចទទួលយកបាន ខណៈដែលផលិតករថ្មី ទើបតែកវែកកឆ្នាំង ប្រហែលជាមិនហ៊ានយកនាង មកសម្ដែងនោះទេ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង