CamNews

ព័ត៌មានជាតិ 

ខៀវ កាញារីទ្ធ ៖ នៅក្នុងពិភព​សារព័ត៌មាន មិនដូចក្នុងឆាកល្ខោន និងរឿងចិន​កាប់ដាវទេ

(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានពន្យល់ថា នៅលើពិភពសារព័ត៌មានមិនដូចឆាកល្ខោន និងរឿងចិនកាប់ដាវនោះទេ។ លោក ខៀវ កាញារីទ្ធ បានលើកឡើង នៅលើបណ្តាញសង្គម Facebook របស់លោក នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ យ៉ាងដូច្នេះថា៖ «នៅក្នុងពិភពសារព័ត៌មាន មិនដូចក្នុងឆាកល្ខោន ហើយ ក៏មិនដូចក្នុងរឿងចិនកាប់ដាវទេ»

លោកបានបន្ថែមថា «ពិភពលោកមិនមែនមានតែ‹‹ស›› ហើយនឹង ‹‹ខ្មៅ››នោះទេ តែមានប្រផេះច្រើន។ ហើយមិនអាចសន្សំពិន្ទុទុកកាត់ទឹកក៏អត់ដែរ។ ហេតុនេះត្រូវចាំថាទូទាត់ មិនដូច ទាត់ទូទេ ហើយ ទៀងទាត់ខុសពីទាត់ទៀង ពិសេសបើមេអង្គភាពប្រឆាំងពុករលួយជាមុខសញ្ញានៃ ការទាត់នោះទៀតគឺធ្ងន់ណាស់»។

ការលើកឡើងនេះ បានធ្វើឡើង១ថ្ងៃ បន្ទាប់ពីលោករដ្ឋមន្រ្តីបានស្នើឱ្យស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ បញ្ចប់ការផ្សាយកម្មវិធី ABC 3 Spring ដោយសារតែកម្មវិធីនេះបានប្រើប្រាស់កាយវិការមិនសមរម្យ ការប្រើពាក្យសម្តីខ្វះសីលធម៌ វិជ្ជាជីវៈជាអ្នកសារព័ត៌មាន និងបានប្រមាថមើលងាយដល់អ្នកស្តាប់។ ក្រោយពីមានសំណើនេះស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ បានសម្រេចបញ្ចប់កិច្ចសហការជាមួយវិទ្យុ ABC ហើយបញ្ឈប់ឱ្យមានការផ្សាយកម្មវិធី ABC 3 Spring នៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួន ចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះតទៅ។

មូលហេតុដែលឈានដល់ការបញ្ឈប់កម្មវិធីខាងលើនេះ បានកើតឡើងបន្ទាប់ពី ពិធីការិនីរបស់ កម្មវិធី ABC 3 Spring ម្នាក់ ឈ្មោះកញ្ញា CK បានផ្លោះតុវេទិកា ទៅដណ្តើមដៃគូរបស់ខ្លួននិយាយបណ្តាលឱ្យសាធារណជនជាច្រើន ធ្វើការរិះគន់ខ្លាំងថា ខ្វះសីលធម៌។ ប៉ុន្តែត្រូវបានសាមីខ្លួន និងវិទ្យុ ABC ប្រតិកម្មទៅវិញ ដោយអះអាងថា ខ្លួនបានជួយដល់សង្គមយ៉ាងច្រើន បែរជាទទួលការរិះគន់ដោយសារតែកំហុសផ្លោះលើតុ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: social news