CamNews

ភាពយន្ត 

នេះគឺជាអារម្មណ៍ពិតរបស់មនុស្សម្នាក់ ក្រោយបានទស្សនារឿង "បងប្រុសកំពូលកូរ" អានហើយមានអារម្មណ៍ថា ភាពជាបង

កំសាន្ត ៖ នាង​ YaYa Urassaya Sperbund បានចុះកុងត្រារឿងដំបូងជាមួយក្រុមហ៊ុន GDH ជាលើកដំបូងក្នុង រឿង “បងប្រុសកំពូលកូរ” ។ ក្នុងនោះក៏មានលោក Sunny Suwanmethanon ដែលសម្តែងជាតួបងប្រុស​ និងតារាកូរ៉េ លោក Nichkhun ។ 

និយាយទៅអេតមីនក៏មានបងប្រុសនឹងគេដែរ ហើយពេលអេតមីនបានទស្សនារឿងនេះហើយគឺថា ចាក់ដោតមែនទែន ទោះមិនដូចជារឿងបងប្អូនរបស់អេតមីន ១០០ ភាគរយ ប៉ុន្តែគឺពិតជាខ្សែភាពយន្តដ៏ល្អឯកខ្លាំងមែនទែន ហើយ ៩០%ដែលដូចជារឿងបងប្អូនអេតមីនតែម្តង ។ 

រឿង "Brother of the Year" ឬ "បងប្រុសកំពូលកូរ" គឺជាខ្សែភាពយន្តដែលឆ្លុះបញ្ចាំងអំពីជីវីតគ្រួសារមួយ រវាងបងប្រុស និងប្អូនស្រី ។ លោក ឆាត់ គឺជាប្អូនប្រុសម្នាក់ដែលគ្រប់គ្នាអាចគិតថា គាត់គឺជាមនុស្សដែលអត់បានការ ដែលចេះតែដើរលេង ការងារក៏មិនសូវជាប្រាកដប្រជា និងមានស្រីច្រើនរាប់មិនអស់ សឹងតែចាំឈ្មោះមិនបានផង ។ ប៉ុន្តែសម្រាប់អេតមីន គាត់គឺជាបងប្រុសម្នាក់ដែលស្រលាញ់និងការពារប្អូនស្រីរបស់គាត់ ទោះបីជាគាត់មិនដែលហាមាត់ថាស្រលាញ់ប្អូនដោយត្រង់ៗ តែនៅក្នុងចិត្តរបស់គាត់តែងតែចង់ឲ្យនាងជោគជ័យគ្រប់យ៉ាង និងជួបដៃគូជីវីតជាមនុស្សល្អ នេះហើយជាហេតុផលដែលគាត់តែងតែ ចូលលូកដៃគ្រប់ពេលដែលមានមនុស្សប្រុសតាមញ៉ែប្អូន ។ 

គ្រប់ពេលដែលមានគេមកញ៉ែរប្អូនស្រី គាត់មិនមែនមិនចង់ឲ្យ ជេន ដែលជាប្អូនស្រីមានសង្សារនោះទេ ប៉ុន្តែគាត់ខ្លាច ខ្លាចដែលត្រូវប្រុសម្នាក់នោះធ្វើបាបចិត្តប្អូន ខ្លាចប្រុសម្នាក់នោះគឺជាមនុស្សមិនល្អ មិនអាចមើលថែប្អូនស្រីគាត់បាន ខ្លាចប្អូនស្រីឈឺចាប់ ។ ក្នុងនាមជាបងម្នាក់ ហើយជាមនុស្សប្រុសទៀត គឺពិតណាស់ស្រលាញ់ប្អូនស្រីយ៉ាងច្រើន គ្រាន់តែមិនធ្លាប់និយាយចេញមកដោយត្រង់ៗតែប៉ុណ្ណោះ ។ 

ងាកមកចាប់អារម្មណ៍ជាមួយនិងប្អូនស្រីក៏ពូកែវិញ គឺនាង ជេន ដែលជាក្មេងស្រីដ៏ស្អាត ហើយថែមទាំងឆ្លាតទៀត រៀនបានពូកែបាននិទ្ទេសល្អគ្រប់មុខ ។ ទោះនាងគឺជាប្អូនស្រីម្នាក់ដែលចូលចិត្តរអ៊ូទៅកាន់បងប្រុស ហើយតែងនិយាយថា មិនចង់មានបងប្រុសបែបនេះ ចង់ក្លាយជាកូនទោល ប៉ុន្តែធាតុពិតនាងតែងតែចង់មានបងប្រុសម្នាក់នោះ នៅក្បែរនាងជានិច្ច ។ អារម្មណ៍ជាបងប្អូនបង្កើត ទោះបីសម្តែងចេញមកថា មិនត្រូវការគ្នា ឈ្លោះគ្នារាល់ថ្ងៃ តែធាតុពិតស្រលាញ់គ្នាខ្លាំង ខ្លាំងជាងអ្នកណាៗទាំងអស់ ។ 

សម្រាប់អារម្មណ៍អេតមីនផ្ទាល់ចំពោះរឿងនេះ បានដាស់អារម្មណ៍របស់អេតមីន ឲ្យកាន់តែស្រលាញ់បងប្អូនប្រុសរបស់អេតមីនកាន់តែខ្លាំងជាងមុនទៅទៀត ។ សម្រាប់អ្នកដែលជាកូនទោលអាចគិតថា ខ្លួនមានអារម្មណ៍ដែលកើតមកមិនចាំបាច់ឲ្យប៉ាម៉ាក់ចែកចាយក្តីស្រលាញ់ទៅបងប្អូន ។ ប៉ុន្តែតើអ្នកដឹងទេថា កាលដែលមានបងប្អូន គឺជារឿងដ៏សំណាងមួយ ព្រោះបើទោះបីជាពួកយើងឈ្លោះគ្នា ពួកយើងក៏នឹងងាកត្រលប់មកត្រូវគ្នាម្តងហើយម្តងទៀត ។  យើងអាចមានថ្ងៃខ្លះអន់ចិត្តនឹងគ្នារហូតដល់ថ្នាក់មិននិយាយរកគ្នា តែធាតុពិតយើងក៏មិនដែលឈប់បារម្ភពីគ្នា នេះហើយដែលហៅថាបងប្អូន បងប្អូនដែលស្រលាញ់យ៉ាងខ្លាំង បងប្អូនដែលស្រលាញ់គ្នាយ៉ាងច្រើន ។

កុំភ្លេចទៅទស្សនាណា មិនត្រឹមតែកំប្លែងនោះទេ ថែមទាំងឡាយលំជាមួយនិងអត្ថន័យអប់រំ ដែលធ្វើអាចដាស់សតិអារម្មណ៍របស់យើងឲ្យកាន់តែដឹងច្បាស់ថា បងប្អូនរបស់យើងជាមនុស្សសំខាន់បែបណាចំពោះយើង ។ 

ទស្សនាឈុតខ្លីៗនៅទីនេះ 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕




ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article Brother of the year