CamNews

ព័ត៌មានអន្តរជាតិ 

សណ្ឋាគារ Motel 6 នឹងបង់ប្រាក់ ១២ លានដុល្លារដើម្បីបញ្ចប់ក្ដី ក្រោយចែករំលែកព័ត៌មានអតិថិជន

សណ្ឋាគារ Motel 6 បានព្រមព្រៀងបង់ប្រាក់សំណងជំងឺចិត្ដ ១២ លានដុល្លារអាមេរិក ដើម្បីបញ្ចប់រឿងក្ដី ដែលបានចោទប្រកាន់ទីតាំងសណ្ឋាគារនេះជាច្រើនកន្លែង ដែលស្ថិតនៅក្នុងរដ្ឋធានី Washington ពីបទចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់ភ្ញៀវ ជាមួយមន្រ្ដីអន្ដោប្រវេសន៍សហរដ្ឋអាមេរិក ។

ការិយាល័យអគ្គរដ្ឋអាជ្ញាប្រចាំនៅរដ្ឋ Washington បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា  បុគ្គលិកផ្នែកប្រតិបត្ដិថវិការបស់សណ្ឋាគារនេះ បានចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជនប្រហែល ៨០.០០០ នាក់ ដោយខុសច្បាប់រយៈពេលជាងពីរឆ្នាំមកហើយ  ដែលជាលទ្ធផល ការចែករំលែកនេះ ផ្ដល់លទ្ធភាពដល់ការស៊ើបអង្កេតរបស់នាយកដ្ឋានអនុវត្ដច្បាប់គយ និងអន្ដោប្រវេសន៍សហរដ្ឋអាមេរិក(ICE) ចំពោះភ្ញៀវ ដែលឈ្មោះរបស់គេ មានសូរ្យសម្លេងជាឡាទីន ។


ការិយាល័យខាងលើ បានឱ្យដឹងថា បុគ្គលិកផ្នែកប្រតិបត្ដិការថវិកា ដែលបម្រើការនៅទីតាំងទី ៧ ក្នុងរដ្ឋវ៉ាស៊ីនតោន បានចែករំលែកតារាងអតិថិជនរបស់ខ្លួនដោយស្ម័គ្រចិត្ដ ជាមួយភ្នាក់ងារអនុវត្ដច្បាប់គយ និងអន្ដោប្រវេសន៍ ​ចន្លោះពីខែកុម្ភៈឆ្នាំ ២០១៥ និងខែកញ្ញា ឆ្នាំ ២០១៧ ដោយមិនមានដីកាពីតុលាការនោះទេ ។ ការិយាល័យរបស់អគ្គរដ្ឋអាជ្ញា Bob Ferguson បានឱ្យដឹងនៅក្នុងរបាយការណ៍មួយថា៖ “ ជារៀងរាល់ពេល សណ្ឋាគារ Motel 6 បានបញ្ចេញឱ្យដឹងនូវបញ្ជីភ្ញៀវមួយ ដែលបញ្ជីនោះ មានរៀបរាប់ពីព័ត៌មានឯកជនរបស់ភ្ញៀវស្នាក់នៅសណ្ឋាគារម្នាក់ៗ ដោយពុំអោយពួកគេបានដឹង ឬពុំមានការព្រមព្រៀងពីភ្ញៀវទេ ដែលកត្ដានេះ រំលោភបំភានដល់ការរំពឹងទុកនៃឯកជនភាពរបស់អតិថិជន ។  ការលាតត្រដាងព័ត៌មានភ្ញៀវ ដែលសណ្ឋគារ Motel 6 ធ្វើឡើង បាននាំអោយមានផលអាក្រក់ជាច្រើនដូចជា ការឃុំខ្លួន ការនិរទេសភ្ញៀវជាច្រើននាក់ចេញពីអាមេរិក  ព្រមទាំងបង្កទុក្ខសោកដល់គ្រួសាររបស់ពួកគេ “។ 


ភ្ញៀវខ្លះ ត្រូវបានចាប់ខ្លួន ដោយភ្នាក់ងារ ICE និងឃុំខ្លួន នៅទីតាំងសណ្ឋាគារ Motel 6 តែម្ដង ខណៈភ្ញៀវផ្សេងទៀតត្រូវបានឃុំខ្លួនរយៈពីរបីថ្ងៃ ក្រោយការស្នាក់នៅសណ្ឋាគាររបស់ពួកគេ នេះបើយោងតាមការឱ្យដឹងរបស់ការិយាល័យអគ្គរដ្ឋអាជ្ញាខាងលើ ។

ព័ត៌មានផ្ទាល់ខ្លួន ដែលត្រូវបានបញ្ចេញ រួមមានដូចជា ឈ្មោះរបស់អតិថិជន លេខប័ណ្ណបើកបរ លិខិតឆ្លងដែន ឬព័ត៌មានស្ដីពីកាតបៃតង(Green Card) លេខបន្ទប់ស្នាក់នៅ លេខអត្ដសញ្ញាណកម្មរបស់ភ្ញៀវ ថ្ងៃខែឆ្នាំកំណើត និងលេខស្លាកលេខយានយន្ដរបស់ភ្ញៀវ ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនខាងលើ បាននិយាយថា៖ “សុវត្ថិភាព និងសន្ដិសុខភ្ញៀវរបស់យើង ដែលរួមទាំងការការពារព័ត៌មានផ្ទាល់ខ្លួន គឺជាកត្ដាអាទិភាពរបស់យើង ហើយយើងរីករាយនឹងទទួលយកដំណោះស្រាយចំពោះបញ្ហា ដែលកើតឡើងនេះ ។ ដោយអនុលោមទៅតាមផ្នែកនៃកិច្ចសន្យានេះ សណ្ឋាគារ Motel 6 នឹងបន្ដអនុវត្ដយ៉ាងតឹងរឹងនូវគោលការណ៍ឯកជនភាពអតិថិជនរបស់ខ្លួន លើកលែងតែក្នុងករណី មានដីការអនុវត្ដដោយបង្ខំរបស់តុលាការ ឬដីកាកោះត្រូវបានបង្ហាញ ឬច្បាប់មូលដ្ឋាន តម្រូវឱ្យដាក់ជូននូវព័ត៌មានទាំងនេះ” ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ ABC


Tags: Mekongnet