ភ្នំពេញ៖ កញ្ញា ឈិន ច័ន្ទសុធារី ដែលជាទូទៅទស្សនិកជនស្គាល់ថា ជាតារាសម្ដែងដ៏តូចច្រឡឹង មានរូបសម្ផស្សស្រស់ស្អាត និងអតីតជាពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានចូលរោងការ ទៅតាមប្រពៃណីរួចហើយ ជាមួយតារាសម្ដែង លោក សុវណ្ណ មករា ដោយមានរៀបចំពិធីជប់លៀង អបអរសាទរយ៉ាងស្ងាត់ស្ងៀម នៅមជ្ឈមណ្ឌលទួលគោក ដោយមានរៀបចំអញ្ជើញភ្ញៀវ ប្រមាណជាង១០តុតែប៉ុណ្ណោះ។ អ្វីដែលជាការចាប់អារម្មណ៍ សម្រាប់ភ្ញៀវចូលរួម ក៏ដូចជាមហាជនទូទៅ ក្រៅពីដឹងថា កញ្ញា ឈិន ច័ន្ទសុធារី រៀបការ ជាមួយតារាសម្ដែងដូចគ្នានោះ គឺគេមានការភ្ញាក់ផ្អើល និងនាំគ្នាលួចមើលគ្រប់ៗគ្នា ខណៈគេឃើញពោះកញ្ញា ហាក់ដូចជាធំខុសប្លែក ពីធម្មតា មិនមែនពោះធំជាលក្ខណៈ មនុស្សធាត់នោះឡើយ គឺធំជាលក្ខណៈមនុស្ស ស្រីមានផ្ទៃពោះ។
កញ្ញា ឈិន ច័ន្ទសុធារី និងលោក សុវណ្ណ មករា ត្រូវបានគេដឹងបែបភ្ញាក់ផ្អើលថា បានចូលរោងការជាមួយគ្នា កាលពីថ្ងៃទី២២ខែតុលា ឆ្នាំ២០១៥ ថ្មីៗនេះ ក្នុងនោះនៅក្រោយមហាជនដឹងថា កញ្ញា ឈិន ច័ន្ទសុធារី និងលោក សុវណ្ណ មករា ចូលរោងការភ្លាមមានអ្នកខ្លះបានលើកជាចម្ងល់ថា ហេតុអ្វីក៏ពួកគេប្រកាសរៀបការ ទាំងប្រថុចញ៉ុចបែបនេះ? ហេតុអ្វីក៏មិនរង់ចាំចេញវស្សាឲ្យហើយសិនទៅ ចាំរៀបការកុំឲ្យខុសទៅនឹងទំនៀម ទំលាប់ប្រពៃណីខ្មែរ?
ពាក់ព័ន្ធចម្ងល់ខាងលើនេះ ពីសំណាក់ភ្ញៀវ និងមហាជននោះ នៅពេលដែលLookingTODAY ទូរស័ព្ទសុំការបំភ្លឺជូនប្រិយមិត្ត ដែលមានចម្ងល់នោះ ត្រូវបានលោក សុវណ្ណ មករា ធ្វើការឆ្លើយតបថា ការដេញវេលា គឺអាចរៀបការបានតែថ្ងៃហ្នឹង! បើមិនអ៊ីចឹងទេ គឺទាល់តែឆ្នាំ២០១៧ ទើបអាចរៀបការបាន ដូចនេះហើយទើបលោក សម្រេចរៀបការ ឆាប់ៗបែបនេះ តែម្ដងទៅ។ ប៉ុន្តែរឿងដែលភ្ញាក់ផ្អើលនោះ ខណៈគេទៅឃើញកូនក្រមុំ ក្នុងថ្ងៃចូលរោងការផ្ទាល់ ក៏ដូចជាប្រិយមិត្ត ដែលបានឃើញរូបថតនាង ពេលរៀបការ គឺម្នាក់ៗសុទ្ធតែលាន់មាត់គ្រប់ៗគ្នាថា ពោះកូនក្រមុំ ហាក់ដូចជាធំខុសប្លែក ពីប្រក្រតី ដូចជាមានផ្ទៃពោះ។
នៅក្នុងរាត្រី នៃពិធីជប់លៀងអបអរសាទរ អាពាហ៍ពិពាហ៍ របស់កញ្ញា ឈិន ច័ន្ទសុធារី និងលោក សុវណ្ណ មករា នេះក្រៅពីភ្ញៀវដែលត្រូវបានអញ្ញើញ ទៅចូលរួម ក៏មានអ្នកកាសែតជាច្រើនរូប ក៏បាននាំគ្នា ទៅចូលរួម ផ្ដិតយករូបភាពតារាទាំងពីរដួង រៀបការជាមួយគ្នានេះដែរ ហើយអ្នកកាសែត ក៏មានការចាប់អារម្មណ៏ និងភ្ញាក់ផ្អើល ពេលឃើញពោះរបស់កញ្ញាធំខុសពីធម្មតា ដោយអ្នកខ្លះនាំគ្នាខ្សឹបខ្សៀវគ្នា ថាតាមមើលពោះរបស់ កញ្ញា ឈិន ច័ន្ទសុធារី យ៉ាងហោចណាស់ ក៏មានផ្ទៃពោះ៣-៤ខែដែរ តែគ្មានអ្នកណាហ៊ានសួរនាំនោះទេ ព្រោះថ្ងៃសិរីសួស្ដី គេមិន ចង់ធ្វើឲ្យមានបរិយាកាស អាប់អួរតែប៉ុណ្ណោះ។
ប៉ុន្តែនៅតាមហ្វេសប៊ុកនានា ដែលមានគេបង្ហោះរូបថតនាង ឈិន ច័ន្ទសុធារី ស្លៀកពាក់ឈុតអាពាហ៍ពិពាហ៍ តាមប្រពៃណីម្នាក់ៗ សុទ្ធបញ្ចេញមតិថា ពោះកញ្ញា ឈិន ច័ន្ទសុធារី ធំប្លែក(មានផ្ទៃពោះ)។ ជាក់ស្ដែងហ្វ្រេន ឈ្មោះnana seng បានសរសេរបញ្ចេញមតិថា ពោះធំប្លែក។ ចំណែកហ្វ្រេនម្នាក់ទៀត ឈ្មោះyou phearithបានសរសេរថា «សុំទោសជាមុន កូនក្រមុំមើលទៅដូចជាដុះពោះ…! » ។
ពាក់ព័ន្ធទៅនឹងការសង្ស័យ មានមានពោះ ទើបប្រញាប់រៀបការនេះ LookingTODAY មិនអាចធ្វើការទាក់ទង អ្នកនាង ឈិន ច័ន្ទសុធារី ដើម្បីសួរនាំ និងសុំការបំភ្លឺតាមចម្ងល់ របស់ប្រិយមិត្តបានឡើយ កាលពីថ្ងៃទី២៣ខែតុលា កន្លងទៅនេះ ហើយLookingTODAY នឹងរងចាំការឆ្លើយតបបំភ្លឺ ពីអ្នកនាងជានិច្ច។
សូមបញ្ជាក់ថា ការរៀបអាពាហ៍ពិពាហ៍របស់ ឈិន ច័ន្ទសុធារី ជាមួយលោក សុវណ្ណ មករា នៅថ្ងៃទី២២ខែតុលា កន្លងទៅនេះ គឺមិនមានអញ្ជើញភ្ញៀវចូលរួម ឲ្យបានអធិកអធមនោះទេ គឺគេឃើញមានភ្ញៀវចូលរួមតែជាង១០តុតែប៉ុណ្ណោះ តែគេថា គូស្វាមីភរិយាថ្មីថ្មោងនេះ នឹងរៀបចំពិធីជប់លៀងយ៉ាងអធិកអធ័មមួយទៀត នៅថ្ងៃទី២៩ខែតុលា ខាងមុខនៅសណ្ឋាគារ កាំបូឌីយ៉ាណា ដោយអញ្ជើញភ្ញៀវ ជាតារាៗ និងមន្ត្រីអ្នកមានមុខមាត់ នៅក្នុងសង្គមចូលរួមមិនតិចជាងរាប់សិបតុ នោះទេ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល