ភ្នំពេញៈ មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា ស្ថានភាពជំងឺរបស់ អ្នកចម្រៀងផ្នែកប្រពៃណីខ្មែរបុរាណ ដែលធ្លាប់មានឈ្មោះបោះសំឡេង ក្នុងពិភពសិល្បៈ ជាពិសេសតែងតែច្រៀងចម្រៀង ជាស្នាដៃនិពន្ធរបស់ សម្ដេចតេជោ ហ៊ុន សែន និងចម្រៀងលើកសរសើរពីស្នាដៃ របស់រាជរដ្ឋាភិបាលកម្ពុជា លោក យិន សារិន កំពុងតែដុនដាបទៅៗ ជាប្រចាំរហូតដល់ពេលនេះ លោកត្រូវបានក្រុមគ្រួសារ បញ្ចូនទៅព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ ថែមទៀតផង។
ក្រោយពីបានទទួលព័ត៌មានថា លោក យិន សារិន ធ្លាក់ខ្លួនឈឺ សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រនោះ បានធ្វើឲ្យតារាចម្រៀង ជើងចាស់មួយរូប ដែលជានិច្ចកាលតែងតែបង្ហើរសំនៀងពីរោះ ក្រអួនក្រអៅបំពេរអារម្មណ៍ទស្សនិកជន លោក សួស សងវាចា នៅមិនសុខក៏ប្រញាប់ប្រញាល់ ទៅសួរសុខទុក្ខលោកគ្រូភ្លាមៗ បើទោះជាខ្លួនមិនទាន់ជាពីជំងឺក៏ដោយ ។
នៅក្នុង Facebook របស់លោក សួស សងវាចា បានបង្ហោះរូប និងមានភា្ជប់សារជាភាសាខ្មែរ នៅថ្ងៃនេះថា «បើទោះជាខ្ញុំ មានជំងឺលើសឈាមធ្ងន់ធ្ងរ ដើរពុំទាន់រួចក្តី ក៏ខ្ញុំបានឲ្យភរិយា និងមិត្តភក្តិរបស់ខ្ញុំជូនទៅមើល លោកគ្រូ យិន សារិន នៅមន្ធីរពេទ្យកាល់ម៉ែត្រដែរ ពីព្រោះគាត់ជារៀមច្បងសិល្បៈមួយរូប បានបំពេរអារម្មណ៍ខ្មែរយើងគ្រប់ៗរូប ពិសេសគឺបទចំរៀងប្រពៃណី បាសាក់ ដែលពុំទាន់អ្នកចំរៀងណា ច្រៀងបានដូចគាត់ឡើយ ។ គាត់មានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ។ ខ្ញុំសូមបួងសួងឲ្យលោកគ្រូ បានជាសះស្បើយពីជំងឺផង » ។
តាមរយៈសារ និងរូបភាពដែលតារាចម្រៀងជើងចាស់ ដែលកើតជំងឺទឹកនោមផ្អែម លោក សួស សងវាចា បានបង្ហោះនៅលើ Facebook នោះ បានសបញ្ជាក់ឲ្យឃើញ ពីទឹកចិត្តស្រឡាញ់រាប់អានគ្នា និងគ្នា រវាងអ្នកសិល្បៈ និងអ្នកសិល្បៈ បើទោះជាលោកកំពុងតែមានជំងឺជាប់ខ្លួន រហូតដល់ដើរមិនទាន់រួចក្តី តែសម្រាប់ក្តីស្រឡាញ់របស់លោក ចំពោះសិល្បៈជើងចាស់ នៅតែមានដោយលោកខំប្រឹង ទៅសួរសុខទុក្ខ លោក យិន សារិន ដល់មន្ទីរពេទ្យទាំងខ្លួនឈឺថែមទៀត ។
សូមជម្រាបផងដែរថា លោក យិន សារិន មានជំងឺទឹកនោមផ្អែមនេះ ជាយូរឆ្នាំមកហើយ ប៉ុន្តែនៅក្នុងរយៈកាលជាង១ឆ្នាំចុងក្រោយនេះ គឺមានសភាពកាន់ធ្ងន់ធ្ងរទៅៗ រហូតដល់លោកដើរទៅណាមកណាឆ្ងាយលែងបាន និងមិនអាចបន្តអាជីព ជាតារាចម្រៀងទៀតបាន ។ លោក យិន សារិន មានភរិយាឈ្មោះ យ៉ាវ ភឿន មានកូនក្នុង៤នាក់ ប្រុស៣ ស្រី១ ។ ក្រៅពីតារាចម្រៀង លោក យិន សារិន ក៏ជាមន្រ្តីរាជការម្នាក់ ក្នុងការពារជាតិ មានឋានន្តរស័ក្ដិ ជាវរសេនីយ៍ឯក (ស័ក្ដិ៥) នៅក្នុងអគ្គបញ្ជាការដ្ឋានកងអង្គរក្ស ផ្នែកការពារផ្ទាល់ ។
បទចម្រៀង ដែលទស្សនិកជន ទទួលស្គាល់ ធ្វើឲ្យលោកមានឈ្មោះបោះសំឡេង រហូតមកដល់សព្វថ្ងៃនេះ មានបទចម្រៀងជាច្រើន ដូចជា "ជីវិតក្មេងវត្ត, ទំនួញផ្លូវលំ, ជីវិតអ្នកចំការវាសនាអ្នកសែ្រ, ស្រណោះខ្លួនស្រី, ម្លប់ដូង, កូនប្រុសហ៊ុនកំសត់ប្រវត្តិវិទ្យាល័យ" និងបទចម្រៀងជាច្រើនទៀត៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល