CamNews

តារា 

ល្បីថា កាតុ បោះពាក្យសម្ដីផ្លែផ្កា មើលងាយតារាចម្រៀងថ្មី ក្នុងផលិតកម្ម ថោន

(ភ្នំពេញ)៖ តារាកំប្លែងដ៏ល្បីល្បាញ និងមានសម្ដីមោះមុត អ្នកនាង សុខ ច័ន្ទធីតា ហៅ កាតុ ​​ត្រូវបាន​ប្រភពព័ត៌មានមួយ ទម្លាយពីអ្នកសិល្បៈដូចគ្នាបង្ហើបថា ថ្មីៗនេះ នាងបានបោះពាក្យបោះសម្ដី ផ្លែផ្កាមើលងាយ ដល់តារាចម្រៀងស្រករក្រោយ (តារាចម្រៀងថ្មី) ក្នុងផលិតកម្មថោន ពេលដែលនាងទៅថតបទចម្រៀងថ្មី ឲ្យផលិតកម្ម កំពុងពេញនិយមមួយនេះ ហើយបានជួបតារាថ្មីទាំងនោះ ដោយចៃដន្យ ។ ការពោលពាក្យមើលងាយសមត្ថភាព និងវាយតម្លៃតែសម្របកក្រៅ ពីសំណាកតារាកំប្លែង អ្នកនាង កាតុ មកលើតារាជំនាន់ក្រោយរួមទ្រនំជាមួយគ្នា បានធ្វើឲ្យតារាថ្មីនោះ ហួសចិត្តជាខ្លាំង ហើយមិននឹកស្មានថា ជាអ្នកសិល្បៈដូចគ្នា គ្រាន់តែមានឈ្មោះល្បីមុន និងក្រោយសោះ បែរជាមើលស្រាយគ្នាបែបនេះ ទៅហើយ ។

អ្នកនាង សុខ ច័ន្ទធីតា ហៅ កាតុ ត្រូវបានមហាជន និងអ្នករស់នៅក្នុងចង្កោមសិល្បៈ​ដឹងជាទូទៅថា បានក្លាយជាតារាកំពុងតែពេញនិយមខ្លាំង សម្រាប់កម្មវិធីមង្គលនានា ដែលគេសង្កេតឃើញនាង ស្ទើរតែគ្មានពេលសម្រាកឡើយ ក្នុងរដូវកាលនេះ ព្រោះជារដូវប្រមូលលុយទាំងដុំៗពីរោងការ រួមទាំងតន្ត្រីបុរាណ និង សម័យ ពិធីការិនី ​គឺនាងមានទទួលទាំងអស់ រាប់​តាំងពីកាត់សក់​ ក្នុងកម្មវិធីមង្គលការ ច្រៀងពេលល្ងាចកំដរភ្ញៀវ ព្រមទាំងក្រុមតន្ត្រីរបស់ស្វាមីនាងផងដែរ ។

ក្រៅពីនេះ ​កាតុ រវល់ស្ទើរដកដៃមិនរួចទៅហើយ រួមទាំងការថតកម្មវិធីទូរទស្សន៍ MyTV និងថតបទចម្រៀងឲ្យផលិតកម្ម ថោន ផង ​គឺគ្មានពេលសម្រាប់ខ្លួនឯង និងគ្រួសារ​ទាល់តែសោះ ព្រោះពេញមួយថ្ងៃៗ នាងសប្បាយនឹងរកលុយ ​ខុសពីមុន​មិនសូវមានការងារច្រើនឡើយ ​ហើយអ្វីដែលនាងមិនអាចខ្វះបាន គឺដៃគូនាង រ៉ូលីន។ ថ្មីៗនេះ ប្រភពពីផលិតកម្ម ថោន បាននិយាយថា មួយរយៈនេះតារាចម្រៀង កាតុ បានមកថតច្រៀងនៅផលិតកម្ម ថោន ប៉ុន្តែស្ទូឌីយោជាប់រវល់ ព្រោះមានតារាចម្រៀងថ្មី មកថតដែរ​។

ទោះយ៉ាងណា គេឲ្យ កាតុ ថតមុន ព្រោះ​ជាតារារៀមច្បង តែអ្វីដែលគេបានឮ​ កាតុ ​និយាយ គឺនាងបានសួរនាំតារាចម្រៀងថ្មីថា មកពីណា? ធ្វើអីបានជាក្លាយជា តារាចម្រៀងរបស់ថោនដែរ ? ក្រោយមកតារាចម្រៀងថ្មី បាននិយាយថា រូបគេចេញពីការប្រឡងចម្រៀងរបស់វិទ្យុ ថោន ហើយក៏ក្លាយជាតារាចម្រៀងដែរ ​។ បន្ទាប់មកនាង សុខ ច័ន្ទធីតា ហៅ កាតុ បាននិយាយផ្លែផ្កាឲ្យថា យូរៗផលិតកម្ម យកអ្នកនិយាយវិទ្យុ មកធ្វើអ្នកចម្រៀងអស់ហើយ..!។ ដែលសម្ដីនេះ ធ្វើឲ្យអ្នកចម្រៀងថ្មីម្នាក់នោះ សែនចុកចាប់ ហើយធ្វើមុខស្មើ​ដើរចេញ ទុកឲ្យនាង កាតុ ទៅថតបទចម្រៀងចុះ។

​អ្វីដែលគេចាប់អារម្មណ៍ គឺ​តារាចម្រៀងថ្មីម្នាក់នោះ លេងខ្លួនមិនសូវទាន់សម័យ ស្លៀកពាក់មិនសូវស្អាត ទើបធ្វើឲ្យ​ កាតុ វាយតំលៃ ព្រមទាំងប្រើពាក្យសម្ដីយ៉ាងធ្ងន់ធ្ងរដាក់​ តែតារារូបនោះមានសីលធម៌ខ្ពស់ មិនតបតនឹងការមើលស្រាយរបស់នាង សុខ ច័ន្ទធីតា ឡើយ ព្រោះ​ជាអ្នកចម្រៀងថ្មី មិនហ៊ានធ្វើអ្វីមិនសមរម្យ ដាក់អ្នកចម្រៀងរៀមច្បងឡើយ ។

តារាចម្រៀង​ សុខ ច័ន្ទធីតា ហៅ កាតុ មិនអាចសុំការបំភ្លឺបានទេ ក្នុងពេលនេះ ចំពោះរឿងដែលនាងប្រើពាក្យសម្ដី មើលងាយអ្នកចម្រៀងថ្មី ក្នុងផលិតកម្ម ថោន ប៉ុន្តែដើម្បីឲ្យមហាជន ដែលធ្លាប់គាំទ្រនាង អស់មន្ទិលសង្ស័យ Khmertalking នឹងរង់ចាំាការបកស្រាយ ពីសំណាក់អ្នកនាង កាតុ ដោយក្ដីរីករាយ នៅពេលណាមួយ ក្នុងបញ្ជាក់ថា ការចោទប្រកាន់នេះ ជាការពិត ឬមិនពិត ៕ ​

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Nivoth Star news local news Kato