(ភ្នំពេញ)៖ តារាកំប្លែងប្រចាំស្ថានីយ ទូរទស្សន៍ CTN នាយ ពាក់ មី ថ្មីៗនេះ បានបង្ហោះរូបថតមួយ សន្លឹកនៅលើបណ្តាញសង្គមហ្វេសប៊ុកជា សាធារណៈបង្ហាញប្រាប់ថា លោកកំពុងមានជំងឺត្រូវសម្រាកព្យាបាល ធ្វើឲ្យអ្នកគាំទ្រមួយចំនួន សម្តែងការព្រួយបារម្ភ ពីសុខភាពរបស់លោក។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន របស់តារាកំប្លែងល្បីឈ្មោះនាយ ពាក់មី បានសរសេរបង្ហោះ ភ្ជាប់ជាមួយរូបថតមួយសន្លឹក នៅក្នុងដៃមានព្យូសេរ៉ូមថា «មុខកំប្លែង តែដៃព្យួសារ៉ូម ឈឺមែនទែន ខិខិ ផុសយក like ..!»។ ជាមួយការបង្ហោះរូបបែបនេះ គេក៏សង្កេតឃើញទស្សនិកជនអ្នកគាំទ្រជាច្រើន បានផ្ញើសាសួរសុខទុក្ខ និងជូនពរឲ្យតារា កំប្លែងរូបនេះ ឆាប់ជាសះស្បើយពីជំងឺ។
គេហទំព័រ Khmertalking នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ មិនអាចសួរនាំបន្ថែម ពីតារាកំប្លែងនាយ ពាក់មី បានទេជុំវិញជំងឺរបស់លោក។ ប៉ុន្តែបើតាមការឆ្លើយតបតាមរយៈសារ នៅលើហ្វេសប៊ុកប្រាប់អ្នកគាំទ្រនាយ ពាក់មី បានសរសេរថា «អរគុណបងប្អូន ខ្ញុំអត់ឈឺអីធ្ងន់ទេ ខ្ញុំហូបផាក់ឡូវ វារាគហ្នឹង..»។
តារាកំប្លែងនាយ ពាក់ មី ត្រូវបានគេស្គាល់គ្រប់គ្នាថា ជាតារាកំប្លែងដែល មានប្រជាប្រិយភាពសម្រាប់ទីផ្សាកំប្លែង។ មិនតែប៉ុណ្ណោះ នាយក៏មានឱកាសបញ្ចេញ សមត្ថភាពលើផ្នែកទីផ្សារ ចម្រៀងជាមួយផលិតកម្ម ថោន រហូតទទួលបានការគាំទ្រ កាន់តែច្រើនបន្ថែម ពីទស្សនិកជនទៀតផង៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី