CamNews

តារា 

អ៉ីណូ ស្នើ​ទៅ​បង​ប្រុស​ធម៌​ឈ្មោះ ពៅ សុផល ជួយ​កសាង​សាល​ប្រជុំ ក្នុង​វិទ្យា​ល័យ «ហ៊ុន សែន អង្គតាសោម»

(ភ្នំពេញ)៖ ក្រៅពីមមាញឹក នឹងការងារសិល្បៈ ស្ទើរតែរកពេលសម្រាកគ្មានហើយនោះ តារាចម្រៀង បែបយុវវ័យម្ចាស់បទ «ក្បាច់គុណមនុស្សចិត្តស្មោះ» លោក អ៉ីណូ បានខឹតខំខ្នះខ្នែង កៀរគរស្វែងរកសប្បុរជន ដែលមានទឹកចិត្តសប្បុរធម៌ ជាពិសេសលោកបានស្នើដល់ បងប្រុសធម៌របស់លោក ឈ្មោះ ពៅ សុផល ហៅ សុខ ដែលអាជីវករ នៅក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្ត តាកែវ ជួយកសាងសាលប្រជុំដ៏ធំមួយ ក្នុងវិទ្យាល័យ «សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អង្គតាសោម» ដែលត្រូវចំណាយថវិកា អស់ប្រមាណ ២៥០០០ដុល្លារអាមេរិក ។

តារាចម្រៀង អ៉ីណូ ត្រូវបានមហាជនមើលឃើញថា លោកកំពុងតែទទួលបាន ការគាំទ្រច្រើន ពីសំណាក់ទស្សនិកជន ជាពិសេសមិត្តយុវវ័យ ដោយលោកតែងតែចូលរួម ក្នុងកម្មវិធីប្រគំតន្រ្តីតាមបណ្ដាខេត្តនានា តាមរយៈការអញ្ជើញ ពីក្រុមហ៊ុនពាណិជ្ជកម្មធំៗ។ ជាមួយគ្នានេះ លោកក៏មិនភ្លេច ទៅលើការងារមនុស្សធម៌ ជួយដល់សង្គមជាតិផងដែរ ខណៈដែលតារាល្បីៗដទៃទៀត ក៏កំពុងតែចូលរួម ក្នុងសកម្មភាពមនុស្សធម៌ ជួយដល់ជនក្រីក្រ តាមខេត្តឆ្ងាយជាហូរហែ។

ងាកមកការយកចិត្តទុកដាក់ ដើម្បីកសាងសាលប្រជុំ ដ៏ធំមួយ ក្នុងវិទ្យាល័យ «សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អង្គតាសោម» ឯណេះវិញ តារាចម្រៀង អ៉ីណូ បានបញ្ជាក់ថា គម្រោងកសាងសាលប្រជុំនេះ កំពុងតែលេចចេញ ជារូបរាងបណ្ដើរហើយ និងគ្រោងរៀបចំពិធីក្រុងពាលី សាងសង់ក្នុងពេលឆាប់ៗនេះ ។ អ៉ីណូ និយាយថា សាលប្រជុំនេះ មានបណ្តោយ១៥ម៉ែត្រ និងទទឹង១០ ម៉ែត្រ កម្ពស់១ជាន់ ប្រើរយៈពេល៣ខែ ក្នុងការកសាងឲ្យរួចរាល់ និងចំណាយថវិកា សរុបប្រមាណ២៥០០០ដុល្លារអាមេរិក ជាថវិការបស់ប្រុសធម៌ របស់លោកទាំងអស់។

លោក អ៉ីណូ បន្តទៀតថា ការកសាងសាលប្រជុំដ៏ធំ ក្នុងវិទ្យាល័យ «ហ៊ុន សែន អង្គតាសោម» នៅពេលនេះ បានជួយសម្រួលដល់ការងារក្នុងសាលា បានមួយផ្នែកធំ ជាពិសេសកិច្ចប្រជុំនានាក្នុងសាលា និងជាសមិទ្ធផលមួយ ដែលមិនអាចកាត់ថ្លៃបាន សម្រាប់សាលា ក៏ដូចជាសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀនសិស្សានុសិស្ស ហើយក៏ជាសមិទ្ធផលមួយ ទុកឲ្យកូនចៅជំនាន់ក្រោយ ប្រើប្រាស់ប្រកបដោយអត្ថប្រយោជន៍ ក្នុងការសិក្សា។

សូមបញ្ជាក់ថា ក្រៅពីបានស្នើសុំដល់បងប្រុសធម៌ ជួយកសាងសាលប្រជុំ ចំណាយថវិកាអស់ជាច្រើនហើយនោះ តារាចម្រៀង អ៉ីណូ ក៏បានចំណាយថវិកាផ្ទាល់ខ្លួន ចំនួន៣០០ដុល្លារ ដើម្បីចូលរួមក្នុងការ កសាងសាលប្រជុំនេះផងដែរ ៕

លោក ពៅ សុផល ហៅ សុខ បងប្រុសធម៌ របស់ អ៉ីណូ 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: So Ena Star news local news Eno