(ភ្នំពេញ)៖ លោក Sam Schweingruber គ្រូបង្វឹកក្លឹបភ្នំពេញក្រោន បានលើកឡើងថា ទោះបីក្លឹបក្រសួងការពារជាតិបច្ចុប្បន្ន មានភាពរីកចម្រើនគួរឲ្យកត់សម្គាល់យ៉ាងណាក៏ដោយ ក៏លោកមិនសូវព្រួយបារម្ភដូចក្លឹបបឹងកេតអង្គរដែរ ព្រោះបឹងកេត មានធនធានកីឡាករល្អៗច្រើន ហើយថែមទាំងមានបច្ចេកទេសលេងបាល់ល្អទៀតផង ។
ការលើកឡើងរបស់គ្រូបង្វឹកជនជាតិស្វីសបែបនេះ គឺស្របពេលភ្នំពេញក្រោន ត្រៀមបើកទ្វារកីឡដ្ឋាន RSN ទទួលក្រុមបឹងកេតអង្គរ នៅថ្ងៃទី៣០ ខែមេសាចុងសប្ដាហ៍នេះ នៅក្នុងជំនួបជើងទី១ នៃពានលីគកំពូលកម្ពុជា ហើយក៏ស្របពេលភ្នំពេញក្រោន បានផ្ដល់មេរៀនចាញ់លើកដំបូង ដល់ក្លឹបក្រសួងការពារជាតិ កាលពីខែមេសាកន្លងទៅថ្មីៗនេះដែរ ។
លោក Sam បានទទួលស្គាល់ថា បច្ចុប្បន្ននេះ ក្លឹបក្រសួងការពារជាតិ គឺកំពុងឡើងជើងខ្លាំង ដែលជាហេតុធ្វើឲ្យលោកព្រួយបារម្ភ ពីការរក្សាតំណែងជើងឯកលីគកំពូលកម្ពុជា រដូវកាលថ្មីនេះ ។ ប៉ុន្ដែយ៉ាងណា ក៏ក្លឹបបឹងកេតអង្គរល្អជាងដែរ បើទោះបីបឹងកេត ធ្លាប់ចាញ់ក្រសួងការពារជាតិ ២ប្រកួតមកហើយក៏ដោយ ។
លោកនិយាយថា «ទោះបីក្រសួងការការពារជាតិ ធ្លាប់យកឈ្នះបឹងកេត ២-១ និងបន្ដឈ្នះ ៣-២ ក្នុងជំនួបមិត្តភាពកាលពីចុងសប្ដាហ៍កន្លងទៅ ប៉ុន្ដែខ្ញុំគិតថាសមត្ថភាពក្រុមទាំងពីរខុសគ្នាឆ្ងាយណាស់ ។ បើតាមការសង្កេត និងការវាយតម្លៃរបស់ខ្ញុំ គឺបឹងកេតល្អជាង ព្រោះបឹងកេតមានកីឡាករល្អ ដែលមានបច្ចេកទេស និងមានកលល្បិចច្រើន ដូច្នេះខ្ញុំព្រួយបារម្ភពីក្លឹបបឹងកេត ជាងក្រសួងការពារជាតិ» ។
គ្រូបង្វឹកទើបជាពីរបួស ដែលជួបគ្រោះថ្នាក់ចរាចរណ៍កាលពីចុងឆ្នាំ២០១៥រូបនេះ បានបន្ដទៀតថា ប្រសិនបើបឹងកេត ត្រៀមខ្លួនបានល្អ ភ្នំពេញក្រោនច្បាស់ជាពិបាកយកឈ្នះ ។ ប៉ុន្ដែយ៉ាងណាក្នុងនាមជាក្រុមជើងឯក ៦សម័យកាល ភ្នំពេញក្រោន មិនញញើតក្រុមណាមួយឡើយ ហើយលោកនឹងព្យាយាមគ្រប់បែបយ៉ាង ដើម្បីបាន៣ពិន្ទុពីការប្រកួតនីមួយៗ នៅពេលខាងមុខ ទោះត្រូវជួបក្រុមខ្លាំងប៉ុណ្ណាក៏ដោយ ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង