រយៈពេល ៤ ឆ្នាំកន្លងទៅ លោក ពូទីន គឺជាមេដឹកនាំដំបូងគេ ដែលនិយាយអបអរ ចំពោះជ័យលាភីជាប់ឆ្នោតរបស់លោកត្រាំ ចំឡែកអីលើកនេះ ពុំមានការសរសេរលើបណ្ដាញ Tweet បណ្ដាញ Telegram ឬតេសម្ដែងការអបអរចំពោះលោក Biden នោះទេ ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយថា ហេតុផលសម្រាប់ការពន្យារពេលនោះ គឺដោយសារបញ្ហាផ្លូវច្បាប់ ដែលត្រូវបានធ្វើឡើងដោយយុទ្ធនាការរបស់លោកត្រាំ ។ អ្នកនាំពាក្យរូបនេះ បានប្រាប់អ្នកកាសែតថា៖ “ រឿងត្រឹមត្រូវ ដែលត្រូវធ្វើ គឺត្រូវរង់ចាំលទ្ធផលបោះឆ្នោតផ្លូវការ “ ។
ប៉ុន្ដែអ្នកកាសែមកពីទីភ្នាក់ងារព័ត៌មាន BBC លោក Steve Rosenberg ដែលឈរជើង នៅក្នុងក្រុង Moscow បាននិយាយថា មានការសង្ស័យដែរថា កង្វះពាក្យនិយាយអបអរ ឆ្លុះបញ្ចាំងពីសច្ចភាពដែលថា ក្រុង Moscow មិនពេញចិត្ដចំពោះលទ្ធផលនេះឡើយ ។
លោក Biden គឺជាអ្នករិះគន់មិនសំចៃមាត់ ចំពោះក្រុង Moscow ហើយនាពេលថ្មីៗនេះ លោកបានចាត់ទុកប្រទេសរុស្ស៊ីថា ជាការគម្រាមកំហែងដ៏ធំបំផុតចំពោះសហរដ្ឋអាមេរិក ។ ចំណែកលោក ត្រាំវិញកម្រនឹងរិះគន់ប្រទេសរុស្ស៊ី ឬលោក ពូទីនណាស់ ហើយប្រទេសរុស្ស៊ី ត្រូវបានចោទប្រកាន់ពីបទជ្រៀតជ្រែកក្នុងការបោះឆ្នោតឆ្នាំ ២០១៦ ដែលធ្វើអោយលោក ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតី ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ BBC