CamNews

តារា 

ឌុច លីដា សម្ដែង​ជា​តួប្រុស, រីឯ អ៊ុន សិទ្ធា សម្ដែង​ជា​តួ​ស្រី ពេល​ប៉ះ​គ្នា​ជា​លើក​ទី២

ភ្នំពេញ៖ បន្ទាប់ពីសម្ដែងរួមគ្នា ជាលើកទី១ ក្នុងរឿង «ស្បែកគង់» របស់ផលិតកម្ម Angkor Picture ដែលមានឈុតឆាកសិចស៊ីញាក់សាច់ និងមានទាំងឈុតអាក្រាតកាយ ទៀតផងនោះ ថ្មីៗនេះ ពួកគេទាំងពីរ បានមកជួបគ្នាម្ដងទៀត ជាលើកទី២ ក្នុងរឿង«ប៉ុបពីទៅហូលីវូដ»ឬ«Poppi Goes to Hollywood»ប៉ុន្តែប្លែកត្រង់ថា ពុំមានឈុតឆាកសិចស៊ី ដូចជារឿងមុនឡើយ ហើយអ្នកដឹកនាំសម្ដែង បានតម្រូវឲ្យពួកគេម្នាក់ៗ សម្ដែងផ្ទុយពីចរឹតឫកពារ របស់ខ្លួន ពោលកញ្ញា ឌុច លីដា ត្រូវសម្ដែងជាតួចរឹតប្រុស ឯលោក អ៊ុន សិទ្ធា ត្រូវសម្ដែងជាតួចរឹតស្រី។

ក្រោយពីមើលឃើញថា តារាសម្ដែង មានមុខមាត់កាត់អឺរ៉ុប កញ្ញា ឌុច លីដា និងលោក អ៊ុន សិទ្ធា ចាប់ដៃគ្នាសម្ដែងលើកទី១ មានការគាំទ្រយ៉ាងខ្លាំងក្លារួចមក ម្ចាស់ផលិតកម្ម «802AD» លោក សុខ វិសាល បានបើកឱកាសឲ្យពួកគេ ចូលរួមសម្ដែង ជាមួយគ្នាជាថ្មី ក្នុងរឿង«ប៉ុបពីទៅហូលីវូដ»ដែលកំពុងតែដំណើរ ការថតរាល់ថ្ងៃ ជារឿងមួយនិយាយពីការ រើសអើង ក្រុមមនុស្សភេទទី៣ នៅក្នុងប្រទេសកម្ពុជា។

ឌុច លីដា និយាយថា «ចា៎ បង..!រឿងហ្នឹង អត់មានឈុតសិចស៊ី ដូចរឿងមុនៗទេ តែខ្ញុំត្រូវសម្ដែងធ្វើខ្លួនជាប្រុស តាំងពីដើមដល់ចប់ គឺប្ដូរចរឹត ពីស្រីមកប្រុស និងជាកូនអ្នកស្រុកស្រែ ។ ខ្ញុំគិតថា ពិបាកបន្តិចហើយ ព្រោះអត់ដែលលេងចរិតនេះផង តែខ្ញុំនឹងធ្វើឲ្យបានល្អ និងស្ដាប់តាមការណែនាំ របស់អ្នកដឹកនាំសម្ដែង..!»។

តារាសម្ដែងចាប់ផ្ដើម មានហាងឆេងខ្លាំង ក្រោយថតរឿង«ស្បែកគង់» កញ្ញា ឌុច លីដា បញ្ជាក់ថា ទោះបីជានាងមិនដែលសម្ដែង ជាតួចរឹតប្រុសក្ដី ប៉ុន្តែអ្នកដឹកនាំសម្ដែង គិតថា នាងអាចសម្ដែងបានល្អ ព្រោះបើមើលទៅលើទម្រង់មុខ គួបផ្សំនឹងការតុបតែងខ្លួន បន្ថែមទៀត គឺអ្វីៗនឹងប្រសើរឡើង។

ចំណែកឯកំលោះសង្ហា អ៊ុន សិទ្ធា វិញ ក៏មិនខុសពី ឌុច លីដា ដែរ ពោលក្នុងរឿង«ប៉ុបពីទៅហូលីវូដ» អ្នកដឹកនាំរឿង តម្រូវឲ្យលោកសម្ដែង ជាតួស្រីវិញ មានចរឹកម្ញ៉ិកម៉្ញក់ មានលក្ខណៈស្រដៀងនឹងមនុស្សភេទទី៣ ។ លោក អ៊ុន សិទ្ធា អះអាងថា គ្មានអ្វីជាឧបសគ្គសម្រាប់ លោកនោះទេ ក្នុងការសម្ដែងជាតួចរឹតបែបនេះ ព្រោះកន្លងមកតាមរយៈកម្មវិធីនានា ឬសម្ដែងឈុតខ្លីៗ ក៏លោកធ្លាប់តែខ្លួន ជាមនុស្សស្រីដែរ។

សូមបញ្ជាក់ថា រឿង«Poppi Goes to Hollywood» មិនមែនមានន័យថា ប៉ុបពី ចូលទៅក្នុងពិភព ហូលីវូដ នោះទេ ប៉ុន្តែរឿងនេះ គឺចង់បញ្ជាក់ថា កញ្ញា ប៉ុបពី ដែលសម្ដែងតួជា នាង សាសា នៅក្នុងរឿង ពេលមានបញ្ហាធំ ត្រូវគេតាមសម្លាប់ នៅក្នុងទីក្រុងភ្នំពេញ នាងបានរត់គេចទៅលាក់ខ្លួន នៅខេត្តព្រះវិហារ ពោលនាងទៅលាក់ខ្លួន ក្នុងក្លឹបកម្សាន្ត មួយឈ្មោះថា« Hollywood» តែក្លឹបនោះបានបិទ ឈប់ដំណើរការយូរមកហើយ ។

ទោះបីជាយ៉ាងណា នាង ប៉ុបពី (សាសា) បន្តលាក់ខ្លួនក្នុងក្លឹបនេះ រហូតនាងបានជួបនឹងមនុស្សល្អ នាំនាងដើម្បីមកបង្ហាញមុខឃាតករ ដែលនាងបានឃើញ សម្លាប់មនុស្សផ្ទាល់ភ្នែក ក្នុងក្រុងភ្នំពេញ ។ ទីបំផុតក្រុមមនុស្សភេទទី ៣ ទាំងនោះ ត្រូវបានសង្គមរាប់រក ដូចមនុស្សទូទៅទៅវិញ ដោយសារតែភាពតស៊ូរបស់ពួកគេ។

ទោះបីជាចំណងជើងមានពាក្យ «ហូលីវូដ» ប៉ុន្តែប្លង់ថត មិនបានទៅថតដល់ ហូលីវូដ នោះទេ ពាក្យថា «ហូលីវូដ» គ្រាន់តែឈ្មោះ ក្លឹបកម្សាន្តមួយ នៅក្នុងខេត្ត ព្រះវិហារ ប៉ុណ្ណោះ ពោលទីតាំងថត គឺធ្វើឡើងក្នុងប្រទេសកម្ពុជា ទាំងអស់ ដោយមាននៅក្នុងទីក្រុងភ្នំពេញ និងខេត្តព្រះវិហារ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Un sothea Star news local news