(ភ្នំពេញ)៖ តារាចម្រៀងថ្មី របស់ផលិតកម្ម ថោន កញ្ញា និរត្តន៍ ត្រូវបានប្រភពព័ត៌មានច្បាស់ការណ៍មួយបង្ហើបថា នាងបានរងការប្រមាថមើលងាយពី អ្នកនាង សុខ ច័ន្ទធីតា ហៅកាតុថា អ្នកចម្រៀងវិទ្យុ អ្នកចម្រៀងស្រែៗ ឬអ្នកចម្រៀងមានប្រភពពីអ្នកនិយាយក្នុងវិទ្យុ មកក្លាយជាអ្នកចម្រៀង ដែលធ្វើឲ្យនាង នឹងអ្នកនាង កាតុ មើលមុខគ្នាមិនចំ។
ប៉ុន្តែបន្ទាប់ពីមានព័ត៌មាននេះ ត្រូវបានបែកធ្លាយ និងបន្ទាប់ពី គេហទំព័រ Khmertalking ចេញផ្សាយនាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦នេះរួចមក គេបានឃើញ កញ្ញា និរត្តន៍ ជាតារាចម្រៀងថ្មី របស់ផលិតកម្ម ថោន បានបញ្ចេញប្រតិកម្មតបមកវិញ តាមបណ្ដាញសង្គម Facebook របស់នាង ដោយបានចាត់ទុកសម្ដី បែបមើលងាយរបស់ កាតុ ថាគ្រាន់តែជាការលេងសើច ប៉ុណ្ណោះ ហើយនាងក៏មិនអាក់អន់ស្រពន់ចិត្ត នឹងការប្រពាក្យប្រមាថចំៗរបស់ អ្នកនាង កាតុ នោះដែរ ។
បន្ទាប់ពីមានការចេញផ្សាយ ជាសាធារណៈ អ្នកនាង កាតុ ហាក់មិនទាន់មានប្រតិកម្មអ្វីឡើយ ប៉ុន្តែតារាចម្រៀងថ្មី ក្នុងផលិតកម្ម ថោន កញ្ញា និរត្តន៍ បែរជាមានប្រតិកម្មយ៉ាងឆាប់រហ័ស ដោយបាននិយាយ ក្នុងបណ្ដាញសង្គមរបស់នាងថា «នៅសុខៗបែរជាមានព័ត៌មាន មិនពិតមួយចេញមក ការនិយាយលេងសើច បែរជាចេញរឿងមែនទែន ពិតជាក្អែកមួយក្អែក១០មែន..! ខ្ញុំមិនអន់ចិត្ត នៅពេលមានមនុស្សម្នាក់ ចាំនិយាយពីភាពខ្វះខាតរបស់ខ្ញុំទេ ហើយនិយាយត្រង់នៅមុខខ្ញុំ មិននិយាយក្រោយខ្នងខ្ញុំ..!» ។
ផ្ទុយពីការលើកឡើង របស់តារាចម្រៀងថ្មីផលិតកម្ម ថោន កញ្ញា និរត្តន៍ ដែលបានបញ្ចេញសារជាសាធារណៈនៅពេលនេះ មហាជនជាច្រើនបានសម្ដែងអារម្មណ៍ថា នេះចេតនាកាច់បំបាក់តារាចម្រៀងថ្មី ពីសំណាក់ នាង សុខ ច័ន្ទធីតា ហៅកាតុ ឲ្យបាក់មុខងើបមិនរួច ។ ម្យ៉ាងទៀត និរត្តន៍ ជាអ្នកចម្រៀងថ្មី មិនទាន់មានព័ត៌មានអាស្រូវ ណាមួយបោកបក់មកលើរូបនាង ដែលជាហេតុធ្វើឲ្យនាង ត្រូវគេចមុខពីមហាជនឡើយ។
តារាចម្រៀងស្រីមានប្រវត្តិដ៏កំសត់ កញ្ញា និរត្តន៍ ត្រូវបានគេដឹងថា នាងមិនចង់មានជំលោះទាស់ទែងគ្នាជាមួយអ្នកណាឡើយ ពោលនាងសុំតែរួចខ្លួនប៉ុណ្ណោះ។ អ្វីដែលសំខាន់ នាងជាមនុស្សម្នាក់ងាយ នឹងចុះចំណោមគេណាស់ ព្រោះបច្ចុប្បន្ននាងនៅតែ បន្តការងារក្នុងវិទ្យថោន និង ក្លឹបថោន ដដែល ហើយមិត្តរួមការងារ ក៏ស្រឡាញ់រាប់អាន ហើយចាត់ទុកនាង ដូចជាប្អូនស្រីតូចម្នាក់ ដែលតែងតែរក្សាបាននូវទំនាក់ទំនងល្អ ជាមួយអ្នករស់នៅជុំវិញខ្លួន៕
- អាន ៖ ល្បីថា កាតុ បោះពាក្យសម្ដីផ្លែផ្កា មើលងាយតារាចម្រៀងថ្មី ក្នុងផលិតកម្ម ថោន
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី