(សៅប៉ូឡូ)៖ តុលាការនៃប្រទេសប្រេស៊ីល បានសម្រេចបង្កកប្រាក់ស្ទើរទាំងអស់៥០លានដុល្លារអាម៉េរិក របស់កីឡាករ ខ្សែប្រយុទ្ធ Neymar Jr. របស់ក្លឹប FC Barcelona ពីបទកេងបន្លំពន្ធកាលពីចន្លោះឆ្នាំ២០១១ និងឆ្នាំ២០១៣ នេះបើយោងតាមការចេញផ្សាយរបស់ BBC យប់មិញ ។
សូមបញ្ជាក់ដែរថា ទឹកប្រាក់ជាង៥០លាននោះ បូករួមទាំងនាវាកម្សាន្ត (Yacht), យន្តហោះផ្ទាល់ខ្លួន (Jet) និងទ្រព្យសម្បត្តិផ្សេងៗទៀតរបស់តារា វ័យ២៣ឆ្នាំខាងលើផងដែរ ដោយបានកំពុងតែស្ថិតក្នុងការស៊ើបអង្កេតរបស់តុលាការប្រេស៊ីលនៅឡើយ នូវចំនួនប្រាក់បង់ពន្ធដែលរូបគេបន្លំ កាលពីផ្ទេរចេញពីក្លឹប Santos របស់ប្រេស៊ីលមកកាន់ក្លឹប FC Barcelona ឆ្នាំ២០១៣ និងមិនទាន់ផ្ទេរចេញកាលពីឆ្នាំ២០១១ទៀតផង តែត្រូវបាន Neymar ច្រានចោលទាំងអស់ ។
ប្រាក់បង្កកនោះដែរ ក៏រួមបញ្ចូលទាំងក្រុមហ៊ុនចំនួន៣របស់គ្រួសារ Neymar ផងដែរ តែមេធាវីរបស់កីឡាករជនជាតិប្រេស៊ីលខាងលើ បានចាត់ទុកថា នោះជាការមួលបង្កាច់ទាំងស្រុង ដែលលើកឡើងថា “Neymar គេចវេសមិនព្រមបង់ពន្ធគ្រប់ចំនួន និងបង់ក្នុងកម្រិតតិចតួចនោះ” ។
យ៉ាងណាក៏ដោយ តុលាការក៏បានបញ្ជាក់ឡើងវិញដែរថា សាច់ប្រាក់អាចដំណើរការវិញ ដរាបណា Neymar បានបង់ប្រាក់ ៦៣.៦លានដុល្លារ បន្ថែមប្រាក់ពិន័យ១៦លានដុល្លារគ្រប់គ្រាន់សិន ។
សូមរំលឹកដែរថា កាលពីខែមករា ឆ្នាំ២០១៦ Neymar ក៏បានឡើងតុលាការនៅប្រទេសអេស្ប៉ាញម្តងដែរ ជុំវិញឆ្លើយបំភ្លឺករណីបង់ពន្ធដូចគ្នាដែរ តែត្រូវបានគេឆ្លើយបដិសេធទាំងអស់ និងកំពុងស្ថិតក្នុងការតាមដានរបស់តុលាការបន្តផងដែរ បូករួមទាំងមិត្តរួមក្រុម Javier Macherano និង Lionel Messi ទៀតផង ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី