(ភ្នំពេញ)៖ ចំណងស្នេហ៍ដ៏ផ្អែមល្ហែម បីដូចជាស្រមោចនិងស្ករ រយៈពេលជាង២ឆ្នាំរបស់តារាសម្ដែងសិចស៊ី កុល ដាវី និងតារាចម្រៀង សុខ រក្សា រហូតដល់ឈានជើង រស់នៅក្រោមដំបូលផ្ទះតែមួយ បានធ្វើឲ្យមហាជនចង់ដឹង ពីដំណឹងល្អរបស់អ្នកទាំងពីរ ខណៈដែលគូស្នេហ៍អ្នកសិល្បៈ ជាច្រើនបានសម្រេចដឹកដៃគ្នាចូលរោងជ័យ ជាបន្តបន្ទាប់។ ទោះបីជាក្ដីស្នេហ៍របស់អ្នកទាំងពីរ បានវេញត្របាញ់ចូលគ្នា បេះមិនចេញក្ដី ក៏គេសង្កេតឃើញថា លោក សុខ រក្សា នៅតែដេកព្រួយរាល់រាត្រី ខ្លាចមានប្រុសផ្សេង ដែលជាអ្នកមានជាងខ្លួន មកដណ្ដើមនារីកំពូលស្នេហ៍ចេញពីដើមទ្រូង រហូតពេលខ្លះបានដាក់បំរាម ហាមមិនឲ្យម្ចាស់ស្នេហ៍ កុល ដាវី ចូលប្រឡូកក្នុងសិល្បៈ និងចូលរួមក្នុងកម្មវិធីអ្នកសិល្បៈទៀតផង ។
ជាការពិត បើនិយាយពិសម្រស់របស់តារាសម្ដែង ធ្លាប់គ្រងតំណែងសិចស៊ី កញ្ញា កុល ដាវី គឺនៅតែរក្សាបាននូវសម្រស់ផូរផង់ មានរូបឆោមលោមពណ៌ល្អឆើតឆាយដដែល ជាហេតុធ្វើឲ្យគូស្នេហ៍ គឺលោក សុខ រក្សា ត្រូវចាំបាច់ខ្វល់ចិត្តតាមឃ្វាលគ្រប់ទីកន្លែង ដើម្បីកុំឲ្យមានកន្លង់ណាផ្សេង ឆក់យកទៅបាត់ពីទ្រូង។ មានអ្នកសិល្បៈជាច្រើន តែងតែចោទសួរគ្នាថា ហេតុអ្វីបានជាមិនសូវដែលបានឃើញមុខ កញ្ញា កុល ដាវី ចូលរួមកម្មវិធីផ្សេងៗ សូម្បីតែតាមកញ្ចក់ទូរទស្សន៍ ក៏ស្ងាប់ស្ងាត់ ។ ចម្ងល់នេះត្រូវបាន កុល ដាវី បញ្ជាក់ថា ព្រោះតែគូស្នេហ៍ គឺលោក សុខ រក្សា មិនចង់ឲ្យដើរហើរផ្ដេសផ្ដាស ខ្លាចមានអ្នកឆក់ឆាបនាង ចេញពីបេះដូង ព្រោះលោកបានដាក់ចិត្តដាក់កាយ ស្រឡាញ់នាងខ្លាំង និងអន្ទះសារចង់រៀបការ ក្នុងពេលឆាប់នេះទៀតផង។
កុល ដាវី និយាយថា« ច៎ា..បង បាត់មុខខ្ញុំមួយរយៈធំនេះ ដោយសារតែបងរក្សា មិនចង់ឲ្យខ្ញុំដើរផ្ដេសផ្ដាស ។ តែខ្ញុំបានពន្យល់គាត់ខ្លះហើយ ណាមួយខ្ញុំក៏រវល់ច្រើនទៀត ទើបចេះតែមិនចង់ដើរទៅណា រហូតមិត្តឆ្ងល់គ្រប់ៗគ្នា..»។
ពេលមានសំណួរថា ហេតុអ្វីបានលោក រក្សា មិនចង់ឲ្យដើរទៅណា ឬខ្លាចគេឆក់យកនាងចេញពីទ្រូងបាត់? ដាវី បានឆ្លើយយ៉ាងរហ័សថា «ច៎ា.បងចំណុចនេះក៏ត្រូវដែរ បងរក្សា ខ្លាចតែមានអ្នកផ្សេងមកដណ្ដើមខ្ញុំពីគាត់ ។ តែសម្រាប់ខ្ញុំគឺមិនអីទេ ខ្ញុំមិនទៅណាចោលគាត់ទេ ព្រោះខ្ញុំបានយល់ចិត្តយល់ថ្លើមគ្នាបានច្រើន គឺមានភាគរយតិចណាស់ ដែលខ្ញុំបែកពីគាត់ ពិសេសខ្ញុំនិងគាត់មានការយោគយល់ និងអធ្យាស្រ័យឲ្យគ្នាច្រើន...» ។
កុល ដាវី បញ្ជាក់ទៀតថា« ពីដំបូងៗ ពេលខ្ញុំចេញដើរទៅណាមកណា អ្វីដែលសំខាន់ជាងគេ គឺគាត់ភ័យខ្លាចតែមានគេដណ្ដើមខ្ញុំពីគាត់ ប៉ុន្តែដោយសារគាត់យល់ពីក្ដីស្រឡាញ់របស់ខ្ញុំកាន់តែច្រើន ទើបគាត់មិនឃាត់ឃាំង ដូចមុនទៀតទេ ..»។
កុល ដាវី និង លោក សុខ រក្សា ត្រូវបានគេដឹងយ៉ាងប្រាកដថា អ្នកទាំងពីរបានពូនផ្ដុំចំណងស្នេហ៍ មានរយៈពេលជាង២ឆ្នាំមកហើយ ពោលគឺស្នេហ៍គ្រាដំបួង របស់ពួកគេគឺកើតឡើង នៅលើទឹកដីអូស្រ្តាលលី និងអាមេរិក រហូតដល់ចាស់ទុំទាំងសងខាងដឹងឮទៀតផង ។ ជាមួយគ្នានឹងចំណងស្នេហ៍កើតឡើង ពួកគេទាំងពីរ បានចូលហ៊ុនគ្នាបើកហាងរកស៊ីមួយ នៅម្ដុំបឹងត្របែក និងហាងលក់សម្លៀកបំពាក់មួយកន្លែងទៀត។ ទោះបីជាយ៉ាងណា ពេលសួរដល់ដំណឹងចូលរោងការ ត្រូវបាន កុល ដាវី បញ្ជាក់ថា យ៉ាងយូរបំផុតត្រឹមឆ្នាំ២០១៨ ខាងមុខនេះ ព្រោះនាងសំអាងថា ទុកពេលវេលាសន្សំលុយ ឲ្យបានច្រើនសិន ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី