(ក្រុងឡុងដ៍)៖ ក្រុមតោខៀវ Chelsea បានជ្រុះចេញពីក្របខណ្ឌ FA Cup ក្នុងវគ្គ៨ក្រុមដោយស្វ័យប្រវត្តិហើយ បន្ទាប់ពីចាញ់ម្ចាស់ផ្ទះស្ករតាំងម៉ែ Everton ២-០ យប់មិញនេះនៅកីឡដ្ឋាន Goodison Park ពីការធ្វើបានសម្រេច ដោយកីឡាករខ្សែប្រយុទ្ធ Romelu Lukaku ។
សារព័ត៌មាន BBC បានឲ្យដឹងថា នេះជាការបរាជ័យលើកទី១ ក្នុងចំណោមដឹកនាំលេងក្នុងពានលំដាប់ទី២អង់គ្លេស FA Cup របស់គ្រូបង្វឹកស្តីទី Guus Hiddink ចំនួន៦ប្រកួតមកនេះ ក្នុងខណៈដែលកីឡាករ Man of the Match ជនជាតិប៊ែលហ្ស៊ិក និងអតីតកីឡាករក្រុមតោខៀវផងនោះ ធ្វើបានសម្រេច ២គ្រាប់ម្នាក់ឯង នៅនាទីទី៧៨ និង៨២ ដើម្បីជួយ Everton ឡើងទៅវគ្គ៤ក្រុមនៃ FA Cup និងជួបកាំភ្លើងធំ Arsenal នៅរាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍ក្រោយ គ្រាដែល Chelsea ត្រូវស្វាគមន៍ West Ham United នៅយប់នោះដូចគ្នាក្នុង Premier League ។
នេះក៏ជាលើកទី១ផងដែរ សម្រាប់ Everton ដែលបានឡើងទៅវគ្គ៤ក្រុមចុងក្រោយ ដែលមានគ្រូបង្វឹក Roberto Martinez ជាអ្នកដឹកនាំ គិតត្រឹមរដូវកាលឆ្នាំ២០១១-២០១២មក ដែលបានធ្លាក់ក្រោមថ្វីជើងរបស់ Liverpool ក្នុងវគ្គ ៤ក្រុម ក្រោមលទ្ធផល ២-១ ។
ដូចគ្នាយប់មិញនេះដែរ កីឡាករខ្សែប្រយុទ្ធ Diego Costa ក៏ត្រូវបានពិន័យកាតក្រហមពីអាជ្ញាកណ្តាលផងដែរនៅនាទី ទី៨៤ ពីបទខាំក កីឡាករ Gareth Barry ហើយអាចប្រឈមទៅនឹងការព្យួរជើង១១ប្រកួត ដូចទៅនឹង Luis Suarez អតីតខ្សែប្រយុទ្ធក្លឹប Liverpool ផងដែរ ប្រសិនបើរកឃើញដោយចេតនាមែននោះ បើទោះបីជាកីឡាករអេស្ប៉ាញ Costa បានបដិសេធក៏ដោយ ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី