(ភ្នំពេញ)៖ ខណៈដែលកម្មវិធីប្រឡងចម្រៀង ដ៏ល្បីល្បាញលំដាក់ថ្នាក់ពិភពលោក TheVoice Cambodia បានចាប់ផ្តើមសម្រាប់រដូវកាលទី២របស់ខ្លួន ប្រកបដោយការគាំទ្រ ពីសំណាក់ទស្សនិកជន ថ្មីៗនេះស្រាប់តែ មានសម្លេងនៃការរិះគន់ខ្លះៗ មកលើកម្មវិធី បន្ទាប់ពីត្រូវជនអនាមិកម្នាក់ បានយកLogo និងកម្មវិធី «The Voice Cambodia» ទៅកាត់ត និងកាឡៃបទចម្រៀង ដោយបញ្ចូលបទចម្រៀង ផ្សេងធ្វើការ រិះគន់រាជរដ្ឋាភិបាល ។
ប្រតិកម្មឆ្លើយតបទៅនឹងសកម្មភាព អសីលធម៌ពីសំណាក់ម្ចាស់ Account Facebook ឈ្មោះ «Ah Ko» ដែលបានប្រព្រឹត្តទង្វើមិនគប្បី ខាងលើភ្លាមៗនេះ ក្រុមការងាររបស់កម្មវិធី «The Voice Cambodia» បានចេញការថ្កោលទោសថា «សូមថ្កោលទោស ចំពោះម្ចាស់ Account Facebook Ah Ko ដែលបានយក Logo និងកម្មវិធី The Voice Cambodia ដែលជាកម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក យកទៅកាត់ត និងកាឡៃបទចម្រៀង ដោយបញ្ចូលបទចម្រៀង ផ្សេងធ្វើការ រិះគន់រាជរដ្ឋាភិបាល» ។
នៅលើ Page ហ្វេសប៊ុកផ្លូវការ របស់កម្មវិធី «The Voice Cambodia» បានបញ្ជាក់ថា «នេះជាទង្វើលាបពណ៌ និងថោកទាបបំផុត ដែលសង្គមស្អប់ខ្ពើម។ ក្រុមការងារThe Voice Cambodia ក៏ដូចជាស្ថានីយទូរទស្សន៍ រស្មីហង្សមាសHDTV សូមបដិសេធទាំងស្រុង ចំពោះខ្លឹមសារបទចម្រៀង ក្នុង Account Facebook ខាងលើ មិនមែនជាសំឡេងច្រៀង របស់បេក្ខជនក្នុងកម្មវិធី TheVoiceCambodia ទេ ហើយក៏សូមអាជ្ញាធរមេត្តា ជួយស្រាវជាវ និងចាត់វិធានការចំពោះម្ចាស់ Account Facebook Ah Ko យកមកផ្តន្ទាទោសតាមច្បាប់ ។ សូមអរគុណ …»។
សូមបញ្ជាក់ថា «TheVoice Cambodia» គឺជាកម្មវិធីប្រឡងចម្រៀង លំដាក់ថ្នាក់ពិភពលោក ដែលត្រូវការជ្រើស បេក្ខជនមានសម្លេងល្អ មកប្រកួតប្រជែងប្រកួតគ្នា ដើម្បីរកអ្នកឈ្នះ និងអ្នកចាញ់។ ចំពោះអ្នកទទួលបានជ័យលាភីលេខ១ នៅកម្មវិធីនេះនឹងទទួលបានប្រាក់ រង្វាន់១០០លានរៀល ហើយក្លាយជាតារាចម្រៀងកុងត្រា ប្រចាំផលិតកម្មរស្មីហង្សមាស និងទទួលបានសិទ្ធិរៀបចំកម្មវិធីពីបរទេស ពុំមែនធ្វើឡើង ក្នុងគោលបំណងស្ថិតក្នុងនិន្នាការនយោបាយអ្វីឡើយ ពោលជាកម្មវិធីប្រកួតសមត្ថភាពសិល្បៈសុទ្ធសាធ។ ដូច្នេះបុគ្គលណា ដែលបានយកកម្មវិធីនេះ ទៅបម្រើក្នុងផលប្រយោជន៍ផ្ទាល់ខ្លួន បក្ខពួក ឬនយោបាយណាមួយ ត្រូវតែទទួលទោសតាមផ្លូវច្បាប់ជាធរមាន៕
.
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង