(ភ្នំពេញ)៖ ទីបំផុតកម្មវិធីប្រឡងចម្រៀង លំដាប់អន្តរជាតិ «The Voice Cambodia» រដូវកាលទី២ ប្រចាំក្នុងប្រទេសកម្ពុជា បានរកឃើញបេក្ខជន ទទួលបានជយលាភីលើកពាន «The Voice Cambodia 2016» ប្រចាំឆ្នាំ ២០១៦នេះ ហើយបន្ទាប់ពីកម្មវិធីបានបើកការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល ជាច្រើនខែកន្លងមក។ បេក្ខជន-បេក្ខនារី ដែលទទួលបានជយលាភី មានសមត្ថភាពខ្ពស់ មានការផ្ញើសារគាំទ្រច្រើនជាងនោះ គឺបានទៅលើ បេក្ខជន ថែល ថៃ មានលេខសម្គាល់៣ ត្រូវជាកូនក្រុមរបស់គ្រូបង្វឹក ឱក សុគន្ធកញ្ញា ដោយជ័យជំនះនេះទទួលបានទឹកប្រាក់១០០លានរៀល។
ជាការពិតនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ នារាត្រីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦នេះ ទស្សនិកជនសង្កេតឃើញថា ពួកគេទាំង៤រូបនាក់ រួមមាន កញ្ញា ឈីន រតនៈ ត្រូវជាកូនក្រុមរបស់លោក ណុប បាយ៉ារិទ្ធ, លោក ថែល ថៃ ជាកូនក្រុមរបស់កញ្ញា ឱក សុគន្ធកញ្ញា, កញ្ញា សាន ស្រីឡៃ ត្រូវជាកូនក្រុមរបស់អ្នកនាង ពេជ្រ សោភា និងលោក ឃី សុឃុន ត្រូវជាកូនក្រុម របស់តារាចម្រៀង ឆន សុវណ្ណរាជ បានខិតខំប្រឹងប្រែងបញ្ចេញទេពកោលស្យ និងសមត្ថភាពរបស់ពួកគេរៀងៗខ្លួន ឲ្យអស់ពីលទ្ធភាព ដើម្បីទទួលបានជយលាភី ក្នុងកម្មវិធីដ៏កក្រើកលំដាប់ពិភពលោកនេះ។ ប៉ុន្តែជាលទ្ធផលអ្នកដែលបានជោគជ័យ ជាក់ស្ដែងនៅពេលនេះ គឺ ថែល ថៃ ព្រោះជាបេក្ខជនធ្វើបានល្អជាងគេ តាមរយៈការបកស្រាយចម្រៀងបទ៖ ក្រមុំឡើងថ្លៃ, ទូរស័ព្ទអធ្រាត្រឃ្លាតស្នេហ៍ និង ពេលបងចាស់ទៅ បានយ៉ាងល្អឥតខ្ចោះ។
សូមបញ្ជាក់ថា កម្មវិធីខ្នាតអន្តរជាតិ ដើម្បីស្វែងរកតារាចម្រៀងមានសំឡេងល្អ និងសមត្ថភាពខ្ពស់ «The Voice Cambodia» ដែលរៀបចំឡើង ដោយស្ថានីយទូរទស្សន៍ ហង្សមាស និងជាការឧបត្ថម្ភផ្ដាច់មុខរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា កាលពីរដូវកាលទី១ គឺបានទៅលើតារាចម្រៀង ប៊ុត សីហា ជាបេក្ខជនមកពីខេត្តកំពង់ស្ពឺ ហើយត្រូវជាកូនក្រុម របស់តារាចម្រៀង ឆន សុវណ្ណរាជ។ ដោយឡែកនៅរដូវកាលទី២ ឆ្នាំ២០១៦ នេះ គឺបានទៅលើបេក្ខជន-បេក្ខនារី មកពីខេត្តកំពង់ចាម ហើយត្រូវជាកូនក្រុមរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង