CamNews

តារា 

ម្ចាស់ពាន The Voice Cambodia ជិតចេញបទ ចម្រៀង លើកដំបូង របស់ខ្លួន

ភ្នំពេញ៖ លោក ប៊ុត សីហា ម្ចាស់ពានរង្វាន់ The voice Cambodia រដូវកាលទី១ បានប្រកាស អំពីពេលវេលា នៃការត្រៀមចេញ បទចម្រៀងថ្មី លើកដំបូងរបស់ខ្លួន នៅលើ CV និង VCD របស់ផលិតកម្មរស្មីហង្សមាស ដើម្បីដាក់លក់នៅលើទីផ្សារ បន្ទាប់ពីលោក ដណ្ដើមបានជ័យលាភី អស់រយៈពេលជាង ២ខែកន្លងទៅហើយនោះ ។

ក្រោយលើកពាន The voice Cambodia រហូតមកដល់ពេលនេះ រាល់ពេលលោក ប៊ុត សីហា ឡើងច្រៀងក្នុងការប្រគំតន្ដ្រី ខនសឺតនានា លោកពុំទាន់មានបទចម្រៀងផ្ទាល់ខ្លួន ដើម្បីយកទៅច្រៀងបង្ហើទឹកដម សំនៀងក្នុងនាម ជាតារាល្បីមួយរូប នៅក្នុងផលិតកម្មរស្មីហង្សមាសនៅឡើយទេ ពោលគឺលោកតែងតែយកបទ ចម្រៀងរបស់តារាផ្សេងៗទៀត  យកទៅច្រៀង ជំនួសទៅវិញ ក្នុងនោះរួមមានសំនៀង ដើមរបស់លោក ឆាយ វីរៈយុទ្ធ និងលោក ឆន សុវណ្ណរាជ ដែលគ្រូបង្វឹកខ្លួនជាដើម ។

បញ្ហានេះ អ្នកគាំទ្រវិស័យសិល្បៈ ដែលទន្ទឹងរង់ចាំចង់ស្ដាប់ទឹកដមសំនៀងម្ចាស់ពានរង្វាន់ The voice Cambodia រដូវកាលទី១ តែងតែចោទសួរ ទៅកាន់លោក ប៊ុត សីហា ថាតើពេលណា ទើបលោកចេញបទចម្រៀងថ្មី របស់ខ្លួននៅក្នុង ផលិតកម្ម រស្មីហង្សមាសនោះ? ពាក់ព័ន្ធនឹងការជជីកសួរម្ដងហើយម្ដងទៀតៗបែបនេះ ថ្នាក់ដឹកនាំផលិតកម្ម ក៏ដូចជាលោក ប៊ុន សីហា ផ្ទាល់តែងតែអះអាងទៅវិញថា នឹងចេញក្នុងពេលឆាប់ៗខាងមុខនេះហើយ ។

ទោះជាយ៉ាងណាការអះអាងខាងលើ បានធ្វើឲ្យទស្សនិកជន ដែលជាអ្នកគាំទ្រ កាន់តែអន្ទះសារចង់ស្ដាប់ ចង់ទស្សនាកាន់តែខ្លាំង ប៉ុន្ដែមិនមានលទ្ធផលអ្វីឡើយ ព្រោះ ២ខែកន្លងផុតទៅហើយ នៅតែមិនឃើញលោក ប៊ុត សីហា មានបទចម្រៀងច្រៀងនៅលើ CD ឬ VCD នៃផលិតកម្មរស្មីហង្សមាសដដែល ។

ទន្ទឹងនឹងការគាំទ្រដ៏ច្រើនលើសលុះបែបនេះ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៥ លោក ប៊ុត សីហា ក៏បានសរសេរសេចក្ដី ជូនដំណឹងមួយ បង្ហោះនៅលើប្រព័ន្ធទំនាក់ទំនងសង្គមរបស់ខ្លួន(Facebook) ដោយលោកបានកំណត់ ពីកាលបរិច្ឆេទ នៃការចេញបទចម្រៀងថ្មីលើកដំបូងរបស់ខ្លួន(Albumថ្មី) ។

ម្ចាស់ពានរង្វាន់ The voice Cambodia រដូវកាលទី១នេះ បានសរសេរថា «ខ្ញំបាទ ប៊ុត សីហា សូមជួនដំណឹងទៅដល់ពុកម៉ែបងប្អូន នឹងមិត្តៗយុវ័យទាំអស់ ដែលបានគាំទ្រដល់រូបខ្ញុំបាទ ហើយក៏កំពុងតែរង់ចាំនូវ Album ថ្មីរបស់ខ្ញុំបាទផងដែរ, ខ្ញុំសូមជម្រាបថា ខ្ញុំបាទនឹងចេញបទថ្មីនៅលើ CD និង VCD ក្នុងផលិតកម្ម រស្មីហង្សមាស នៅដើមខែមេសា ជាមួយនឹងបទបែបជាចង្វាក់ប្រពៃណីខ្មែរ ដើម្បីអបអរសាទរឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ២០១៥នេះ» ។

គួរបញ្ជាក់ថា ដំណឹងនេះ សម្រាប់បងប្អូន មិត្តៗយុវវ័យ ដែលនិយមលេង Facebook ហើយបានឃើញនៅលើ Page របស់លោក ប៊ុត សីហា នោះ បាននាំគ្នាសម្ដែងនូវការគាំទ្រយ៉ាងច្រើន ហើយសម្រាប់បទចម្រៀងថ្មីៗ ដែលម្ចាស់ពានរង្វាន់ The voice Cambodia ឆ្នាំ២០១៤ ចេញគេក៏រំពឹងថា នឹងទទួលបានការគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋខ្មែរទាំងអស់ផងដែរ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: The Voice Cambodia local news social news Cambodia Khmer Asia Phnom Penh