CamNews

គ្រោះថ្នាក់ 

ព្រោះតែ Pokemon Go ធ្វើឲ្យបុរសម្នាក់ជក់លេងភ្លេចខ្លួន បើករថយន្តបុកស្ត្រីម្នាក់ស្លាប់ ម្នាក់ទៀតរបួស

(ជប៉ុន)៖ ព្រោះតែហ្គេម Pokemon Go ពង្វក់មនុស្សជាច្រើន ឲ្យជក់លេងនាពេលបច្ចុប្បន្ននេះ ធ្វើឲ្យអ្នកបើករថយន្តដឹក​ទំនិញម្នាក់បង្កគ្រោះថ្នាក់ចរាចរណ៍ ដោយស្មានមិនដល់ ដែលបណ្តាលឲ្យបុកអ្នកថ្មើរជើងពីរនាក់ កំពុងឆ្លងកាត់ផ្លូវ ក្នុងនោះអ្នកថ្មើរជើងម្នាក់ ត្រូវបាត់បង់ជីវិតទៀតផង។

ហេតុការណ៍នេះកើតឡើង នៅទីក្រុង Tokushima ប្រទេសជប៉ុន ជនបង្កហេតុអាយុ​៣៩ឆ្នាំ ឈ្មោះ Keiji Goou បានបើករថយន្តបុកស្ត្រីពីរនាក់ ដែលកំពុងដើរឆ្លងផ្លូវ ព្រោះតែគេរវល់ឈ្ងោកលេងហ្គេម Pokemon Go លើស្មាតហ្វូន ខណៈកំពុងបើកបរភ្លេចខ្លួន បណ្តាលឲ្យស្ត្រីចំណាស់អាយុ៧២ឆ្នាំ ម្នាក់ឈ្មោះ Yukiko Nakanishi ត្រូវស្លាប់នៅនឹងកន្លែងកើតហេតុ កាល ពីថ្ងៃអង្គារកន្លងទៅនេះ ហើយស្ត្រីរងគ្រោះអាយុ៦០ឆ្នាំ ម្នាក់ទៀតឈ្មោះ Kayoko Igawa ត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យដោយសាររបួសធ្ងន់ធ្ងរដែរ។

Keiji សារភាពថា មកពីគាត់ធ្វេសប្រហែស ពេលបើករថយន្ត ព្រោះតែរវល់ឱន​លេង Pokemon Go តាមស្មាតហ្វូនទើបភ្លេច​មើលមនុស្ស ដើរឆ្លងផ្លូវបណ្តាលឲ្យបុកស្ត្រីរងគ្រោះ ទាំងពីរមួយទំហឹងតែម្តង រីឯរថយន្ត​បង្កហេតុក៏ត្រូវបានប៉ូលិស រឹបអូសទុកសិនដែរ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Japan Earthquake Tokyo Asia Asean Int news Hot news