(ភ្នំពេញ)៖ បន្ទាប់ពីមានបញ្ជាដាច់ណាត់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អំពីការផ្លាស់ប្តូរនិមិត្តសញ្ញា និងបន្ថែមពាក្យថា «គ្រឹះស្ថានឯកជន» ដើម្បីកុំច្រឡំជាស្ថាប័នរបស់រដ្ឋនោះ, គិតមកដល់រសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ធនាគារជាតិនៃកម្ពុជា បានអះអាងថា សម្រេចបាន២៥% ស្មើនឹង១៣ធនាគារ នៃធនាគារទាំងអស់ចំនួន៥៤ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្រេចបាន៥០ភាគរយស្មើនឹង៣៧គ្រឹះស្ថាន នៃគ្រឹះស្ថានទាំងអស់ចំនួន៧៣។
ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា បានផ្ដល់នូវ Poster ជូនគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ដើម្បីបិទផ្សាយជូនសាធារណជន នៅតាមបណ្ដាលសាខាទូទាំងប្រទេស ដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹង កាន់តែច្បាស់បន្ថែមទៀតថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ គឺជារបស់ឯកជន មិនមែនរបស់រដ្ឋនោះឡើយ។
សម្រាប់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ក៏បានរៀបចំបិទផ្សព្វផ្សាយ សេចក្ដីជូនដំណឹងផ្ទាល់ខ្លួនទាក់ទង នឹងការបញ្ជាក់អត្តសញ្ញាណរបស់គ្រឹះស្ថាន ជាគ្រឹះស្ថានឯកជន រួចរាល់ហើយ នៅគ្រប់បណ្ដាលសាខារបស់ខ្លួន។
ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងទៀតថា ចំពោះការផ្លាស់ប្ដូរនិមិត្តសញ្ញ ដែលមានលក្ខណៈស្រដៀងគ្នា នឹងស្ថាប័នរដ្ឋ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ កំពុងផ្លាស់ប្ដូរជាបន្ដបន្ទាប់ ការផ្លាស់ប្ដូរនេះគ្រោងនឹង បញ្ចប់នៅដំណាច់ឆ្នាំ២០១៧នេះ។
សម្រាប់គ្រឹះស្ថានដែលបានផ្លាស់ប្ដូររួមមាន៖
* ធនាគារអេស៊ីលីដា៖ បានផ្លាស់ប្ដូរនិមិត្តសញ្ញាថ្មីរបស់ខ្លួនរួចរាល់ បានចំនួន៥០ភាគរយ ទូទាំងប្រទេស ហើយគ្រោងបញ្ចប់ជាស្ថាពរនៅ ដំណាច់ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
* គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាកសាក់៖ បានទទួលការអនុញ្ញាត ពីក្រសួងពាណិជ្ជកម្មរួចរាល់ហើយ ពាក់ព័ន្ធនឹងការផ្លាស់ប្ដូរ និមិត្តសញ្ញាថ្មី ហើយគ្រោងនឹងបញ្ចប់ ការដាក់និមិត្តសញ្ញាថ្មីនេះ នៅដើមខែមីនា ឆ្នាំ២០១៧។
* ធនាគារស្ថាបនា ភីអិលស៊ី៖ បានកំពុងទំលាក់និមិត្តសញ្ញារបស់ខ្លួន ជាបន្ដបន្ទាប់ នឹងដំណើរការរៀបចំបង្កើតនិមិត្តសញ្ញាថ្មី ក្នុងពេលដ៏ឆាប់ខាងមុខនេះ។
* គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេម៉ា (រូបហង្ស), មីយ៉ា (រូបសិង្ហ), មហានគរ (សញ្ញារៀល) និងហ្ក្រូវ (សញ្ញារៀល)៖ បានកំពុងទំលាក់ និមិត្តសញ្ញារបស់ខ្លួនរួចរាល់ហើយ និងកំពុងរៀបចំបង្កើតនិមិត្តសញ្ញាថ្មី។
ធនាគារជាតិនៃកម្ពុជា បានអះអាងថា ខ្លួនកំពុងយកចិត្តទុកដាក់ តាមដានអនុវត្តតាមអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន យ៉ាងម៉ត់ចត់បំផុត និងជំរុញ ធ្វើយ៉ាងណាឲ្យការអនុវត្តន៍នេះ សម្រេចឲ្យបានទាន់ពេលវេលា ដែលបានគ្រោងទុក៕
ប្រភព ៖ ហ្វ្រេសញូវអាស៊ី