(ភ្នំពេញ)៖ សិល្បករ-សិល្បការិនីខ្មែរ ធ្លាប់មានស្នាដៃល្អ និងមានឈ្មោះល្បីល្បាញចំនួន៣រូប គឺកវីនិពន្ធឆ្នើម ម្ចាស់ស្ទឹងសង្កែ លោក គង្គ ប៊ុនឈឿន ,លោក រាជ បុរី និងអ្នកស្រី ហួត សារ៉ាវឌី គ្រាន់តែចូលមកដល់ឆ្នាំវកភ្លាម ត្រូវបានមច្ចុរាជកំណាច ផ្តាច់យកអាយុជីវិតគួរសោកស្តាយជាទីបំផុត និងបន្សល់ទុក នូវភាពសោកសៅក្រៀមក្រំ សម្រាប់ក្រុមគ្រួសារសពនីមួយៗ។ ចំពោះដំណឹងនៃមរណភាព របស់សិល្បករខែ្មរទាំង៣រូបនេះ ជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់ ដែលពោរពេញដោយទេពកោលស្យ។
ភ្ជាប់ជាមួយបញ្ហាខាងលើ គេហទំព័រ Khmetalking ថ្ងៃនេះសុំលើកយកមកនិយាយត្រួយៗ ជុំវិញការស្លាប់ របស់តារាប្រុស-ស្រីទាំង៣រូបរបស់ខ្មែរ នាឱឝាសរដូវបុណ្យចូលឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំវក មកធ្វើការជំរាបជូនខ្លះៗឡើងវិញ ដើម្បីឲ្យទស្សនិកជនបានដឹង កាន់តែច្បាស់។
ទី១-លោក គង្គ ប៊ុនឈឿន ដែលអតីតកវិនិពន្ធដ៏ល្បីល្បាញមួយរូប ទាំងផ្នែកកំណាព្យ ចម្រៀង អត្ថបទភាពយន្ត និង ប្រលោមលោក ធ្លាប់ត្រូវបានប្រជនខ្មែរទាំងក្នុង និងក្រៅប្រទេសតែងទទួលស្គាល់ក្រោមរហស្សនាមថា ជាកវីម្ចាស់ស្ទឹងសង្កែ បានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០១៦ក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោគគាពាធ នៅប្រទេសណ័រវេស។
កវីនិពន្ធ គង្គ ប៊ុនឈឿន កើតនៅថ្ងៃទី ១៨ ខែតុលាឆ្នាំ១៩៣៩ នៅភូមិ-ឃុំ-ស្រុកចំការសំរោង ខេត្តបាត់ដំបង។ ឪពុក ឈ្មោះ គង់ ឈិន មានស្រុកកំណើតនៅខេត្ត តាកែវ និង ម្តាយឈ្មោះ ម៉រ ភីង នៅខេត្តបាត់ដំបង។ លោកគង្គ ប៊ុនឈឿន បានចាកចេញពីកម្ពុជា ទៅរស់នៅប្រទេសន័រវ៉េស អស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ បច្ចុប្បន្នក្រុមគ្រួសារ របស់លោកក៏កំពុងត្រៀមយកធាតុ មកតម្កល់នៅកម្ពុជាវិញ។
ទី២-តារាចម្រៀងប្រុសរបស់ផលិតកម្ម ក្លាស៊ីក លោក រាជ បុរី បានទទួលមរណភាព កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ ដោយសារហេតុការណ៍គ្រោះថ្នាក់ ក្រឡាប់រថយន្តនៅប៉ោយប៉ែត បន្ទាប់ពីរូបលោក និងតារាប្រុស-ស្រីប្រមាណ៣នាក់ផ្សេងទៀត ធ្វើដំណើរត្រឡប់មកពីកម្សាន្តនៅប្រទេសថៃ ក្នុងថ្ងៃចូលឆ្នាំ។ បើតាមប្រភពពីអ្នកសិល្បៈ រួមអាជីពជាមួយពិធីបុណ្យខួបគំរប់៧ ថ្ងៃរបស់លោក រាជ បុរី ត្រូវប្រារព្ធធ្វើឡើងនា ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ខាងមុខនេះ នៅបរិវេណវត្តចាក់អង្រែក្រោម។
ទី៣-អ្នកស្រី ហួត សារ៉ាវឌី ជាតារាចម្រៀង និងសម្តែងល្បីឈ្មោះ ចាប់តាំងពីចូលសិល្បៈ រហូតមកទល់ពេលបច្ចុប្បន្ន។ អ្នកស្រី ហួត សារ៉ាវឌី បានទទួលមរណភាព កាលពីថ្ងៃទី១៤ ខែមេសា ដោយហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍អំឡុង ពេលធ្វើដំណើរទៅលេងស្រុកកំណើត នៅឯខេត្តព្រៃវែង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែង។ ចំណែកអ្នករួមដំណើរ ដែលបើកបរម៉ូតូម្នាក់ទៀតត្រូវបានស្លាប់ ក្រោយពេលបញ្ជូលដល់មន្ទីពេទ្យ។
ដោយឡែកសម្រាប់ពិធីបុណ្យ ខួបគំរប់៧ថ្ងៃនិង១០០ថ្ងៃរបស់សពអ្នកស្រី ហួត សារ៉ាវឌី និងត្រូវប្រារព្ធធ្វើឡើង នាថ្ងៃទី២១ ខែមេសាឆ្នាំ២០១៦ដូចគ្នា សពតារាចម្រៀងប្រុសលោក រាជ បុរី ដែរ ប៉ុន្តែគ្រាន់តែទីតាំងខុសគ្នា ពោលគឺពិធីបុណ្យសពអ្នកស្រី ហួត សារ៉ាវឌី ត្រូវធ្វើឡើងនៅវត្តចាក់អង្រែលើ។
ជាមួយគ្នា នៃការស្លាប់របស់តារាខ្មែរខាងលើនេះ ត្រូវបានពលរដ្ឋខ្មែរខ្លះមើលឃើញថា ឆ្នាំវកនេះជាឆ្នាំដែលមានការភ្ញាក់ផ្អើល ក្នុងពិភពសិល្បៈជាងឆ្នាំណាៗទាំងអស់ ដោយសារតែបើកឆាក ចូលដល់ឆ្នាំនេះភ្លាម គឺមានតារាសិល្បៈល្បីឈ្មោះចំនួន៣រូប ត្រូវបាត់បង់ជីវិតទាំងភ្នែកស្រស់ៗតែម្ដង។ សង្ឃឹមថា នឹងបញ្ចប់តួលេខអ្នកស្លាប់ ដូចដែលកំពុងមានការចាប់អារម្មណ៍នេះ គឺទោះជាតារាសិល្បៈ ជាមហាជន សូមឲ្យបានសុខសប្បាយត្រឹមហ្នឹង កុំឲ្យមានអ្វីកើតឡើង ចំពោះជនជាតិខ្មែរបន្តទៀ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង