(ភ្នំពេញ)៖ យោងតាមសេចក្ដីប្រកាសរបស់ក្លឹបភ្នំពេញក្រោន បានឲ្យដឹងថា គ្រូបង្វឹកជនជាតិអេស្ប៉ាញលោក Oriol Mohedano បានសម្រេចចាកចេញពីក្លឹបជើងឯកលីគកំពូលកម្ពុជា ៦សម័យកាលនេះហើយ បន្ទាប់ពីក្លឹបបានសម្រេចផ្ទេរតំណែងគ្រូបង្វឹកទៅឲ្យគ្រូបង្វឹកជនជាតិស្វីសលោក Sam Schweingruber វិញកាលពីពេលថ្មីៗកន្លងទៅ ។
នៅលើ Facebook ផ្លូវការរបស់ក្លឹបភ្នំពេញក្រោន បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែមេសានេះថា «ក្លឹបភ្នំពេញក្រោន សូមអរគុណដល់លោកគ្រូ Oriol Mohedano ចំពោះការខិតខំណែនាំ និងបង្វឹកកីឡាករតាំងពីបានចូលរួមជាមួយក្លឹបពីដើមខែមករាកន្លងទៅ ។ លោក Oriol បានសម្រេចចិត្តចាកចេញដោយមានការព្រមព្រៀងគ្នានៅថ្ងៃនេះបានបំពេញភារកិច្ចយ៉ាងល្អក្នុងការដឹកនាំក្លឹបភ្នំពេញក្រោនក្នុងអំឡុងពេលដែលគ្រូបង្គោលក្លឹប Sam Schweingruber ជួបគ្រោះថ្នាក់ចរាចរណ៍ ។ លោកគ្រូបាននាំយកគំនិតថ្មីៗជាច្រើនក្នុងការហ្វឹក់ហាត់ជាមួយនឹងបទពិសោធន៍របស់លោកនៅទ្វីបអឺរ៉ុបផងដែរ» ។
គួរបញ្ជាក់ថា សម្រាប់ដើរតួជាគ្រូបង្វឹកបណ្ដោះអាសន្នជំនួសតំណែងលោក Sam ដែលគ្រោះថ្នាក់ចរាចរណ៍នោះ លោក Oriol បានដឹកនាំភ្នំពេញក្រោន ប្រកួតលីគកំពូលកម្ពុជាចំនួន ៤ប្រកួត ក្នុងនោះធ្លាប់ឈ្នះ ១ប្រកួត ចាញ់ ១ប្រកួត និងស្មើ ២ប្រកួត ខណៈការវិលត្រឡប់មកកាន់តំណែងជាគ្រូបង្វឹក របស់លោក Sam ចំនួន ២ប្រកួត គឺឈ្នះរហូត ក្នុងនោះរួមមានឈ្នះក្រុមខ្លាំងក្រសួងការពារជាតិម្ដង និងឈ្នះក្រុមវេស្ទើន ក្នុងពាន Hun Sen Cup ម្ដង ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង