(ភ្នំពេញ)៖ ជាគ្រូបង្វឹកម្ចាស់ពាន« The Voice Cambodia» រដូវកាលទី១ និងគ្រូបង្វឹកបន្ត ក្នុងរដូវកាលទី២នេះ កំពូលតារាចម្រៀងបែបយុវវ័យ ឆន សុវណ្ណារាជ ដែលកំពុងមានប្រជាប្រិយខ្លាំងក្នុងស្រទាប់យុវវ័យ ពិសេសបទចម្រៀងមានចំណងជើងថា «សុំស្រឡាញ់សុំ Password» ថ្មីៗនេះ ត្រូវបានគេដឹងថា ដោយយសារតែលោក ត្រូវមមាញឹកខ្លាំង ទៅលើការងារសិល្បៈ គួបផ្សំនឹងការគ្មានអតិថិជនផងនោះ លោកបានសម្រេចចិត្ត បិទហាងកាត់ដេរចោលតែងម្ដង បន្ទាប់ពីដំណើរការបាន អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែមិនទទួលជោគជ័យ។
តារាចម្រៀង ឆន សុវណ្ណរាជ ត្រូវបានទស្សនិកជនមើលឃើញថា មានកេរ្តិ៍ឈ្មោះល្បីរន្ទឺរពេញប្រទេស និងបានញុំាងឲ្យលោក ក្លាយជាតារាជួរក្នុងមុខ ខណៈដែលពេលនេះ លោកហាក់កាន់តែមមាញឹកខ្លាំង ក្នុងអាជីពជាតារាចម្រៀង និងជាគ្រូបង្ខឹក រួមទាំងគណៈកម្មការ កម្មវិធីផ្សេងៗជាច្រើនទៀត ។
ថ្វីត្បិតអាជីពចម្រៀង របស់ ឆន សុវណ្ណរាជ កាន់តែកាប់កបពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែបើក្រឡេកមើល លើមុខរបររកស៊ីរបស់លោកវិញ ហាក់ដើរថយក្រោយ ហើយដំណើរការយ៉ាងត្រដាបត្រដួសបំផុត ។ ឆន សុវណ្ណរាជ ត្រូវបានគេដឹងថា ធ្លាប់មានហាង៣ នៅក្នុងដៃរួមមាន ហាង ថតរូប ហាងលក់អាហារ និងហាងកាត់ដេរ ប៉ុន្តែចុងក្រោយលោកនៅសល់ តែហាងកាត់ដេរមួយប៉ុណ្ណោះ ខណៈដែលហាងពីរទៀត បានបិទយូរណាស់មកហើយ ។
ថ្មីៗនេះ អ្នកជិះកាត់បណ្ដោយផ្លូវទេពផន ពិតជាលែងបានឃើញហាងកាត់ដេរ របស់តារាចម្រៀង ឆន សុវណ្ណរាជ ទៀតហើយ ព្រោះបាន រើផ្លាកយីហោចេញ និងដាក់ថា «ផ្ទះជួល»ទៅវិញ។ អ្នករស់នៅជិតហាងកាត់ដេរមួយនេះ បាននិយាយថា ហាងមិនសូវមានភ្ញៀវ ចេញចូលច្រើននោះទេ ហើយស្ងាត់ច្រើនខែមកហើយ ចុងក្រោយនេះឃើញបិទទ្វារតែម្ដង ។ អតិថិជនធ្លាប់កាត់ដេរ នៅហាងរបស់លោកបាននិយាយ ខោអាវ មានតម្លៃអាចនឹងថ្លៃបន្តិច តែម៉ូដលេងសាហាវៗពេក និងមានឌិនច្រើនៗ ទើបមិនសូវនិយម ម្យ៉ាងមិនមានម៉ូដថ្មីទៀត ទើបពួកគេមិនទៅកាត់នៅហាងលោកទៀតឡើយ ។
លោក ឆន សុវណ្ណរាជ មិនទាន់អាចទាក់ទងបំភ្លឺបានទេថា លោកបិទហាងកាត់ដេរចុងក្រោយ ព្រោះមូលហេតុអ្វីឲ្យប្រាកដ ? ឆន សុវណ្ណរាជ កំពុងតែជាប់រវល់ក្នុងការថត ក្នុងកម្មវិធី« The Voice Cambodiav» វគ្គ Bettle ទើបមិនមានការឆ្លើយតប តែមើលទៅលោកមិនបាក់ទឹកចិត្ត ក្នុងការបរាជ័យផ្ទួន ក្នុងអាជីពរកស៊ីនេះទេ ព្រោះមិនមែនលើកដំបូង ដែលលោកបិទហាងនោះទេ ហើយនេះជាលើកទី៣ហើយ ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង