CamNews

កីឡាអន្តរជាតិ 

Paul Pogba ត្រៀមលាចេញពី Juventus ដោយសារតែ Man Utd ឲ្យថ្លៃដល់ជាង ១០០លានផោន

(ប៉ារីស)៖ កីឡាករខ្សែបម្រើប្រយុទ្ធកំពុងឡើងជើង Paul Pogba ត្រៀមពាក្យលាទៅកាន់ក្លឹបសេះបង្កង់ Juventus មកលេងឲ្យក្លឹប​បិសាច​ក្រហម Manchester United របស់​អង់​គ្លេស​វិញ ក្រោមតម្លៃខ្លួនជាង ១០០លានផោន នេះ​បើ​យោង​តាម​សារ​ព័ត៌​មាន Dailymail។

ក្លឹបដែលមានគ្រូបង្វឹកថ្មីដឹកនាំលោក Jose Mourinho បានហ៊ានឲ្យថ្លៃ កីឡាករខ្សែបម្រើប្រយុទ្ធជនជាតិបារាំង Paul Pogba រហូតដល់ ១០៦​លាន​ផោន ដើម្បី​ផ្ទេរ​ចេញ​ពី​ទី​ក្រុង Turin មក​កាន់​ទី​ក្រុង Manchester វិញ នៅក្រោយបញ្ចប់ Euro 2016 នៅ​ប្រទេស​បារាំង​ចុង​សប្តាហ៍​នេះ ដើម្បី​បញ្ចប់​គូ​ប្រជែង Real Madrid ដែលចង់បានកីឡាករវ័យ២៤ឆ្នាំនេះដូចគ្នា​ដែរនោះ។

ក្លឹបជើងឯកសេះបង្កង់ Juventus របស់អ៊ីតាលី ធ្លាប់បានបដិសេធម្តងរួចមក ជាមួយនឹងតម្លៃ ៨៥លានផោនសម្រាប់ តម្លៃខ្លួន Pogba នា​ពេល​កន្លង​មក តែ​ពេល​នេះ​ប្រហែល​ជា​ការ​សម្រេច​​ចិត្ត​លក់ Pogba មែនទែនហើយ គ្រា​ដែល​កីឡាករ​វ័យ​ក្មេង​រូប​នេះ ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ចង់​ទៅ​លេង​ឲ្យ​ក្លឹប​ចាស់ Man Utd វិញ​ដែរ​នោះ​៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង