CamNews

កីឡាអន្តរជាតិ 

ទី​បំផុត Paul Pogba ផ្លាស់​មក​លេង​ឲ្យ Man Utd វិញ ក្រោម​តម្លៃ​ខ្លួន​ថ្លៃ​បំផុត ៨៩​លាន​ផោន

(មេនឆេស្ទើ)៖ កីឡាករខ្សែបម្រើជនជាតិបារាំង Paul Pogba បានត្រឡប់មកលេងឲ្យក្លឹបចាស់ Manchester United វិញជាលើកទី២ វិញ ក្រោមតម្លៃខ្លួនថ្លៃបំផុត ៨៩លានផោន ប្រចាំឆ្នាំ២០១៦ នេះ បន្ទាប់ពីជួបឲ្យក្លឹប Juventus របស់ អ៊ីតាលី ឈ្នះពាន Serie A បាន ៤សម័យកាលជាប់ៗគ្នា។

សារព័ត៌មាន BBC បានផ្សាយឲ្យដឹងថា ខ្សែបម្រើប្រយុទ្ធវ័យ២៣ឆ្នាំខាងលើនេះ បានចាកចេញពីក្លឹប Man Utd តាំងពី ឆ្នាំ២០១២ ដោយបានលេងឡើងជើងជាខ្លាំងនៅក្នុងក្លឹបសេះបង្កង់ Juventus នៅពហុកីឡដ្ឋាន Turin ហើយក៏ត្រូវបានគេចាត់ទុកថា ជាកីឡាករវ័យក្មេងលេងល្អបំផុតផងដែរនាពេលបច្ចុប្បន្ននេះ។

កីឡាករដែលបានជួយឲ្យម្ចាស់ផ្ទះបារាំង រងជើងឯកពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 នេះ បានក្លាយជាកីឡាករមានតម្លៃផ្ទេរថ្លៃជាងគេក្នុងលោក ក្រោមកិច្ចសន្យាលេងឲ្យ Man Utd រយៈពេល ៥ឆ្នាំនៅពហុកីឡដ្ឋាន Old Trafford គ្រាដែលផ្លាស់ទៅលេងឲ្យ Juventus នៅអំឡុងឆ្នាំ២០១២ មានតម្លៃខ្លួនត្រឹមតែ ១.៥លានផោនប៉ុណ្ណោះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង