ភ្នំពេញ៖ តារាសម្តែង អ៊ឹម ជីវ៉ា បានថ្លែងអះអាងថា ខ្លួនធ្វើពិធីបុណ្យខួបកំណើតរបស់ខ្លួនមួយ នៅថ្ងៃ ព្រហស្បតិ៍្ត ទី១០ ខែធ្នូ ឆ្នាំ២០១៥ នេះ ជាមួយនឹងការសូមគោរពអញ្ជើញរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ជាភ្ញៀវកិត្តិយស។
តារាសម្តែងរូបនេះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី០៩ ខែធ្នូ នេះឲ្យដឹងថា «តាំងពីប្រឡូកសិល្បៈខ្លួនមិនដែលធ្វើខួបកំណើតឡើយ ទើបតែឆ្នាំនេះបានរៀបចំខួបមួយដើម្បីអបអរ ខ្លួនឈានចូលអាយុ៣០ឆ្នាំ» ។
តារាសម្តែងដែលកំពុងមមាញឹក ក្នុងសកម្មភាពមនុស្សធម៌ផងដែរនោះ នាថ្មីៗនេះបានឆ្លើយឆ្លងសារ តាមរយៈហ្វេសប៊ុក ជាមួយនឹងអ្នកព័ត៌មានយើង ដោយបានសរសេរថា «My birthday on 10.12.2015 at Vfriends near depo market» ដែលប្រែថា «ខួបកំណើតរបស់ខ្ញុំនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ នៅភោជនីយដ្ឋាន Vfriends ជិតផ្សាដេប៉ូ» ។
ជាមួយនឹងកម្មវិធីខួបនេះដែរ អ៊ឹម ជីវ៉ា ត្រូវបានគេមើលឃើញថា កម្រនឹងធ្វើខួបកំណើតឲ្យមានលក្ខណៈធំដុំកំភួនណាស់ អំឡុងពេលប្រឡូកក្នុងពិភពសិល្បៈកន្លងមក ដែលជាហេតុមួយ ធ្វើមជ្ឈដ្ឋានអ្នកសិល្បៈ ចាប់អារម្មណ៍ និងភ្ញាក់ផ្អើល ។
លោក អ៊ឹម ជីវ៉ា បានបញ្ជាក់ថា «បាទ! បងខួបកំណើតខ្ញុំធ្វើនៅភោជនីយដ្ឋាន Vfriends ក្បែរផ្សារដេប៉ូ ដោយរៀបចំឡើងចំនួន១៥ តុ» ។
តារារូបនេះបានបន្តថា តាំងពីដើមមកខ្លួន មិនដែលធ្វើខួបធំដុំអ្វីឡើយ តែពេលមើលអត្តសញ្ញាណបណ្ណឃើញដល់ថ្ងៃខួប ក៏ចាប់ផ្តើមយ៉ាងទាន់ហន់ រៀបចំធ្វើតែម្តង ។ ម្យ៉ាងវិញទៀតខ្លួនអាយុ ៣០ឆ្នាំហើយ គួរតែមានខួបឲ្យធំដុំនឹងគេ ក្នុងពិភពសិល្បៈ ខណៈកន្លងកម្មវិធីធំៗដែលធ្វើសម្រាប់ខ្លួន មានតែបុណ្យកឋិន និង ឡើងគេហដ្ឋានតែប៉ុណ្ណោះ ។
តារាចូលចិត្តជួយដល់សង្គម និងអ្នកសិល្បៈក្រីក្រ បានបន្តថា លោករំពឹងថា នឹងមានតារាជាច្រើនចូលរួម ព្រោះជាខួបដំបូងរបស់លោក ក្នុងពិភពសិល្បៈ ហើយក្នុងនោះ លោកក៏បានអញ្ជើញ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ចូលរួមផងដែរ ។
ក្នុងនោះ អ៊ឹម ជីវ៉ា ក៏បានលើកឡើងថា លោកមិនហ៊ាននិយាយអះអាងជាមុននោះទេ តែជឿជាក់ថា នឹងមានអ្នកសិល្បៈជាច្រើន នឹងចូលរួមក្នុងកម្មវិធីខួបកំណើតរបស់ខ្លួន ដែលធ្វើជាលើកដំបូងក្នុង ពិភពសិល្បៈ៕