CamNews

តារា 

កញ្ញា ឡូរ៉ា ម៉ម ត្រៀមថត MV បទថ្មី នៅពេលសម្តែងលើឆាកតន្ត្រី សង្រ្កាន្តកម្ពុជា

(ភ្នំពេញ)៖ តារាចម្រៀងសញ្ជាតិខ្មែរ-អាមេរិក កញ្ញា ឡូរ៉ា ម៉ម ត្រៀមថត MV បទថ្មី «For My People» នៅពេលសម្តែងលើឆាកតន្ត្រីសង្រ្កាន្តកម្ពុជា នៅខេត្តសៀមរាប ដើម្បីអបអរសាទរពិធីបុណ្យ ចូលឆ្នាំខ្មែរខាងមុខនេះ។

តន្ត្រីសង្រ្កាន្តកម្ពុជា ដែលរៀបចំឡើងដោយស្រាបៀរកម្ពុជា នឹងធ្វើឡើងនៅតាមលើផ្លូវ King’s Road ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសានេះ។

ក្រៅពីឡូរ៉ា ម៉ម តន្រ្តីសង្រ្កាន្តកម្ពុជានឹងចូលរួមសម្តែង ដោយសិល្បករខ្មែរដែលនិពន្ធ និង ច្រៀងបទ original របស់ខ្លួន រួមមានម្ចាស់បទ «Baby, I’m Sorry» លោក Jimmy Kiss និងក្រុមចម្រៀងរែប (rap) ក្មេងខ្មែរ។
 
កញ្ញា ឡូរ៉ា បានឲ្យដឹងថា «ខ្ញុំសូមឲ្យអ្នកគាំទ្រខ្ញុំ Jimmy Kiss និងក្មេងខ្មែរ និងអ្នកដែលចង់សប្បាយទាំងអស់ ចូលរួមជាមួយយើង ហើយខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នាចូលរួមក្នុង MV ថ្មីរបស់ខ្ញុំ»។

កញ្ញាបានបន្តទៀតថា «បទ For My People ជាចង្វាក់ញាក់កន្រ្តាក់អារម្មណ៍ ហើយក្រៅពីបទនេះ ខ្ញុំបានត្រៀមបទចម្រៀងរបស់ខ្ញុំ ទាំងអស់សម្រាប់សម្តែង ក្នុងកម្មវិធីនេះផងដែរ»។

លោក Jimmy Kiss បានឲ្យដឹងថា «សម្រាប់ខ្ញុំ ខ្ញុំបានត្រៀមប្រហែលជា៤ទៅ៥បទ ដែលជាបទតែងនិពន្ធថ្មី។ អ្វីដែលពិសេសនោះ គឺយើងនឹងនាំយកបទចម្រៀងបែបសប្បាយៗ ច្រើនជាងបទខូចចិត្ត ប៉ុន្តែនឹងនាំយកបទ Baby, I’m sorry ដើម្បីឲ្យបងប្អូនអ្នកគាំទ្រគាត់ សប្បាយរីករាយជាមួយគ្នា»។

លោកបានបន្ត ក្នុងពេលកំពុងហ្វឹកហាត់ទៀតថា «ពួកយើងបានត្រៀមរួចជាស្រេចជាមួយ នឹងក្រុមរបស់ ឡូរ៉ា និងក្មេងខ្មែរ ដើម្បីបង្កើតភាពសប្បាយរីករាយ ក្នុងរូបភាពបែបប្រពៃណីខ្មែរយើង បូករួមជាមួយភាពទាន់សម័យ»។

លោក ជា សុជាតិ តារាចម្រៀងរែប (rap) ក្នុងក្រុមក្មេងខ្មែរបានឲ្យដឹងថា នេះជាលើកទីមួយហើយ ដែលក្រុមក្មេងខ្មែរនឹងសម្តែងបទចម្រៀង ក្នុងអាល់ប៊ុមថ្មី ដែលខ្លួនទើបតែនិពន្ធ។

លោក សុជាតិថា «វាពិតជាថ្មី ពិតជាប្លែក និងអស្ចារ្យ លើឆាកតន្ត្រីសង្ក្រាន្តកម្ពុជា ក្នុងរយៈពេលបីថ្ងៃខាងមុខនេះ»។

ក្រៅពីសិល្បករក្នុងស្រុក កម្មវិធីតន្ត្រីសង្រ្កាន្តកម្ពុជាក៏មានវត្តមាន DJ អន្តរជាតិដ៏ល្បីឈ្មោះម្នាក់ទៀត គឺ DJ Tashi មកពីប្រទេសជប៉ុន។ គាត់នឹងមកចាក់ភ្លេងកន្រ្តាក់អារម្មណ៍ សម្រាប់អ្នកចូលរួម រាំលេងកម្សាន្តរហូតដល់ ពាក់កណ្តាលអធ្រាត្រផងដែរ។

គួរបញ្ជាក់ផងដែរថា ស្រាបៀរកម្ពុជាជាស្រាបៀរ ដែលទទួលបានការពេញនិយមយ៉ាងខ្លាំង ក្នុងប្រទេសកម្ពុជា ហើយធ្លាប់ទទួលបានពាន់រង្វាន់ អន្តរជាតិជាច្រើន។ រោងចក្រផលិតស្រាបៀរកម្ពុជា ទទួលបានវិញ្ញាបនបត្រ ISO ផ្នែកគ្រប់គ្រងគុណភាព និងគ្រប់គ្រងបរិស្ថានផងដែរ៕

 

 

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី



Tags: Laura Mam Siem Reap