ភ្នំពេញៈ ក្នុងមួយរយៈពេល ចុងក្រោយនេះ គេសង្កេតឃើញ សិល្បករ-សិល្បការិនី ជាច្រើន បាន បញ្ចេញសកម្មភាព រួមចំណែក រកជំនួយពីសប្បុរជន ទាំងក្នុង និងក្រៅប្រទេស យកទៅចែកជូន បងប្អូន ប្រជាពលរដ្ឋខ្មែរ ដែលកំពុងតែជួបប្រទះ ការខ្វះខាត ដោយសារគ្រោះទឹកជំនន់។ ជាក់ស្ដែង កាល ពីថ្ងៃទី១០ខែធ្នូ ឆ្នាំ២០១៣ កន្លងទៅនេះ តារាសម្តែង និងជាតារាចម្រៀង កញ្ញា កុល ដាវី រួម ជាមួយ លោក សុខរក្សា និងក្រុមការងារ បានពាំនាំយក អំណោយជាច្រើន ទៅចែកជូន បងប្អូនប្រជា ពលរដ្ឋ ជួបការលំបាកនិងខ្វះខាត នៅឯខេត្តស្វាយរៀង ។
ខណៈដែលតារាសម្តែង និងតារាចម្រៀង កញ្ញា កុល ដាវី និង លោក សុខ រក្សា កំពុងតែត្រូវបានហ៊ុម ព័ទ្ធ ព័ត៌មានលួចលាក់ បង្កាត់ភ្លើងស្នេហ៍ ជាមួយគ្នា ក្រៅឆាកស្ងាត់ៗនោះ គេសង្កេតឃើញ តារាមួយ គូនេះ មិនបានខ្វល់ខ្វាយ ពីពាក្យចចាមអារ៉ាម ក្នុងព័ត៌មាននោះទេ។ តែផ្ទុយទៅវិញ គេបែរជា ឧស្សាហ៍ ឃើញពួកគេកាន់តែ បណ្តើរគ្នា ទៅគ្រប់ទីកន្លែង និងធ្វើការជាច្រើនរួមគ្នា ព្រមទាំងការ ចូលហ៊ុន រកស៊ីជាមួយគ្នាទៀតផង ប្រៀបបីដូចជា គូស្នេហ៍រស់នៅ ក្នុងផ្ទះតែមួយ ។ ជាការពិត កាល ពីថ្ងៃទី១០ ខែធ្នូ ម្សិលមិញពួកគេ ទើបតែបណ្តើរគ្នា ត្រសងចុះទៅចែក អំណោយ ដល់ប្រជាពលរដ្ឋ នៅខេត្តស្វាយរៀង ជិត១០០គ្រួសារ ជាមួយ ក្រុមការងារ ថែមទៀត។
ជួបជាមួយ LookingTODAY តាមទូរស័ព្ទ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ នេះ តារាសម្តែង ស្រីស្អាត សិចស៊ី កញ្ញា កុល ដាវី បានប្រាប់ឲ្យដឹងថា កាលពីថ្មីៗនេះនាង និងក្រុមការងារ សរុបទាំងអស់ ៤នាក់ មាន លោក សុខ រក្សា លោក ខាត់ ចំរើន អ្នកនាង អឿន ស្រីមុំ និងរូបនាង បានធ្វើដំណើរចុះ ទៅ ខេត្តស្វាយរៀង យកអំណោយ ទៅចែកជូនបងប្អូន ប្រជាពលរដ្ឋ មានដូចជា ម៉ាស៊ីនដេ អង្ករ ទឹកស៊ីអ៊ាវ ទឹកត្រី គ្រឿងឧបភោគបរិភោគ និងទឹកប្រាក់មួយចំនួន ទៅចែកជូនប្រជាពលរដ្ឋ ជិត ១០០គ្រួសារ។
តារាស្រីសម្តីផ្អែមរូបស្រស់ កញ្ញា ដាវី បានប្រាប់លាយឡំ នឹងសំណើចថា “នេះជាលើកទី១ សម្រាប់ ខ្ញុំ ក្នុងការងារ តែបើនិយាយពី ជីវិតឯកជន ក្នុងគ្រួសារ គឺខ្ញុំធ្លាប់ដើរចែកអំណោយ ច្រើនដងហើយ ។ បើទោះជាខ្ញុំធ្លាប់ដើរ ចែកអំណោយ កន្លងមកក៏ដោយ តែសម្រាប់ការងារ ម្សិលមិញនេះ ខ្ញុំមាន អារម្មណ៍ រំភើបសប្បាយចិត្តខ្លាំង ដែលខ្ញុំក៏ដូចជាក្រុមការងារ បាននាំយកអំណោយ ទៅចែកជូនបង ប្អូន ប្រជាពលរដ្ឋ នៅទីនោះបាន យ៉ាងជោគជ័យ ។ សម្រាប់ អំណោយនោះ គឺខ្ញុំនិងក្រុមការងារ បានយកមកពីកាលពីពួក ខ្ញុំចេញទៅសម្តែង នៅលើទឹកដីអាមេរិក និងមួយចំនួនបាន មកពី សមា គមន៍ អ៊ាវតា នៅអាមេរិក ក៏ដូចជាមានបងប្អូន នៅទីនោះគាត់ ជួយមួយចំនួនទៀត ។ អ្វីដែលពួកខ្ញុំ បានមក ពួកខ្ញុំបានបែងចែក លុយទាំងនោះ ទិញជាសម្ភារៈគ្រឿងបរិភោគខ្លះ និងលុយខ្លះទៀត ពួក ខ្ញុំទុក ជូនគាត់សម្រាប់ ការចំណាយផ្ទាល់ខ្លួន ” ។
បើទោះបីជា កញ្ញា កុល ដាវី បានបញ្ជាក់យ៉ាងនេះក្តី តែនាងមិនបានប្រាប់ពី ចំនួនទឹកប្រាក់ យក ទៅចែកអំណោយ ច្បាស់ទេ ដោយនាងបានប្រាប់ថា នាងមិនបានចាំច្បាស់ពី ចំនួនទឹកប្រាក់ទេ អ្វីដែលនាងចាំបាននាង បានរៀបរាប់ខាងលើ អស់ហើយ។ នាងសង្ឃឹមថាបើសិន ជាថ្ងៃក្រោយ មានការងារ បែបនេះទៀត ហើយគេត្រូវការ ឲ្យនាងចូលរួម សហការនោះ នាងពេញចិត្ត សម្រាប់ ការងារនេះ ។ ជាក់ស្តែងពេលផ្តល់ បទសម្ភាសន៍នេះ នាងកំពុងតែស្ថិត នៅក្នុងខេត្តកណ្តាល នៅ វត្តក្រាំពិសី ដោយនាង និងគ្រួសារបាន នាំយកអំណោយមួយចំនួន ទៅចែកជូនបងប្អូន ប្រជាពលរដ្ឋ រស់នៅទីនោះផងដែរ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល