CamNews

តារា 

«មុនដំបូងខ្មែរក្រហម​​សម្លាប់ប៉ា​របស់ខ្ញុំ» នឹងចាក់បញ្ចាំង​លើទឹកដី​អង្គរ ដំបូងគេបង្អស់ នៅលានជល់ដំរី

(សៀមរាប)៖ ខ្សែភាពយន្តបែបប្រវត្តិសាស្ត្រ ដែលរំឭកអំពីប្រវត្តិដ៏ជូរចត់ នៃរបបវាលពិឃាត ដឹកនាំផលិតដោយកំពូលតារា Hollywood ដ៏ល្បី នៅអាមេរិក គឺលោកស្រី Angelina Jolie និងជាផលិតករ នឹងត្រូវចាក់បញ្ចាំងជាលើកដំបូងបង្អស់ នៅលើវាលស្មៅនៃព្រះលានជល់ដំរី នាថ្ងៃទី១៨-១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ។


ខ្សែភាពយន្តរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ត្រូវបានថតនៅក្នុងទីតាំងសំខាន់ៗ ជាប្រវត្តិសាស្ត្រចំនួន២ គឺខេត្តសៀមរាប និងខេត្តបាត់ដំបង ជាពិសេស តំបន់រមណីយដ្ឋានអង្គរ ក៏ជាផ្នែកមួយដ៏សំខាន់ ដែលខ្សែភាពយន្តបានផ្តិតយកទិដ្ឋភាព ជាប្រវត្តិសាស្ត្រមួយចំនួនធំ។ ដូចនេះហើយ បានជាផលិតករភាពយន្ត សម្រេចចិត្តជ្រើសរើសយករមណីយដ្ឋានអង្គរ ជាទីតាំងចាក់បញ្ចាំងមុនដំបូងបំផុត ដែលជាពិធីសម្ពោធផ្លូវការ មុននឹងខ្សែភាពយន្តនេះចាក់បញ្ចាំង នៅរោងភាពយន្តផ្សេងៗទៀត។

អាជ្ញាធរជាតិអប្សរា ដែលជាស្ថាប័នគ្រប់គ្រងរមណីយដ្ឋានអង្គរ ក្រោយពីបានទទួលការអនុញ្ញាត ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសហការរៀបចំ ក្នុងការផលិតភាពយន្ត ដោយជួយសម្របសម្រួលផ្នែកឯកសារ និងទីតាំងថតជាដើម។ ក្នុងព្រឹត្តិការណ៍បញ្ចាំងនេះដែរ អាជ្ញាធរជាតិអប្សរា បានត្រៀមសហការផ្តល់ទីតាំង ដើម្បីរៀបចំពិធី ការសម្អាតបរិស្ថាន ការសម្រួលលំហូរទស្សនា ក៏ដូចជារៀបចំកិច្ចការទូទៅផ្សេងៗជាច្រើនទៀត។

នេះគឺជាព្រឹត្តិការណ៍ ដ៏សំខាន់មួយទៀត សម្រាប់រមណីយដ្ឋានអង្គរ ដែលកន្លងមកតែងទទួលរៀបចំនូវព្រឹត្តិការណ៍ ដែលមានការយាងចូលរួម ពីសំណាក់ព្រះមហាក្សត្រ ថ្នាក់ដឹកនាំកំពូលរបស់រាជរដ្ឋាភិបាល និងឥស្សរជនល្បីៗលើពិភពលោកជាច្រើនរូបទៀត។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ ក៏ជាផ្នែកមួយដែលជួយស្រូបទាញ ទេសចរឲ្យមកទស្សនាកម្ពុជា ជាពិសេស រមណីយដ្ឋានអង្គរកាន់តែច្រើនឡើងៗ៕

 

Image result for angelina jolie

Image result for angelina jolie

Related image

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Angelina Jolie