កាលពីសប្ដាហ៍មុន Camnews បាននាំលោកអ្នកអោយបានស្គាល់ស្នាដៃភាពយន្តថ្មីដែលជាស្នាដៃ
របស់កូនខ្មែរគឺរឿង រត់ (Run) ដែលជារឿងប្រភេទ Zombie ដំបូងបំផុតក្នុងវិស័យភាពយន្តខ្មែរ។
ដោយមានការសំណូមពរពីសំណាក់ប្រិយមិត្តដែលចង់ដឹងពីផលិតកម្មថ្មីដែលផលិតខ្សែភាពយន្តភាគ
ខ្លីនេះ Camnews បានស្វះស្វែងដើម្បីទៅសម្ភាសន៍ជាមួយលោក ទូច ឧត្ដម ដែលជាផលិតករផ្ទាល់។
លោក ទូច ឧត្ដម ជាអ្នកផ្ដើមបង្កើតផលិតកម្ម អារម្មណ៍ភាពយន្ត ក៏ដូចជា អារម្មណ៍ស្ទូឌីយោ ដែល
បានបង្កើតមកក្នុងឆ្នាំ ២០១០។ ខាងក្រោមនេះគឺជាបទសម្ភាសន៍ជាមួយផលិតកររឿង រត់ ដែល
Camnews បានចុះទៅសម្ភាសន៍៖
Camnews៖ សួស្ដីលោក ឧត្ដម សុខសប្បាយថ្ងៃនេះ។ ហើយខាង Camnews ថ្ងៃនេះចង់សម្ភាសន៍
អំពីស្នាដៃរឿង រត់ ហើយសំនួរទី ១ ចង់សួរថាតើការផលិតភាពយន្តភាគខ្លីរឿង រត់នេះតើបងត្រូវ
ចំណាយពេលប៉ុន្មានថ្ងៃដើម្បីសរសេរសាច់រឿង ថតនិងការបញ្ចូលបច្ចេកទេសក្នុងកែរូបភាព?
លោក ឧត្ដម៖ បាទក្នុងការសរសេរ Story Line ឬយើងនិយាយខ្មែរថាសាច់រឿងនៃភាគទី ១ នេះ
បងត្រូវចំណាយពេលជាងមួយខែកន្លះដើម្បីសរសេរសាច់រឿង ហើយចំណាយពេល ៣ ថ្ងៃកន្លះ
ដើម្បីថតនិងជាង ២០ ថ្ងៃដើម្បីកែសម្រួលគ្រប់សព្វបែបយ៉ាង។ បើសរុបទៅគឺត្រវប្រើពេល ២ ខែ
ជាងដើម្បីចេញបានជាភាគទីមួយដែលមានរយៈពេល ១០ នាទីនេះ។
Camnews៖ បើមើលទៅប្រើពេលយូរគួរសមដែរ។ ចុះរឿងនេះបងបានថតក្នុងខែណាដែរ?
លោក ឧត្ដម៖ បាទចំពោះរឿង រត់ ភាគទី ១ នេះយើងបានចុះថតក្នុងដើមខែមិនាហើយបានបញ្ចប់
ក្នុងចុងខែមិនា។
Camnews៖ និយាយទៅគឺទើបនឹងថតចប់ថ្មីៗនេះដែរ។ ចុះក្នុងការកែសម្រួលផ្សេងៗដូចជា Effect
រូបភាព ព្រោះខាង Camnews ក៏ដូចជាប្រិយមិត្តដទៃផ្សេងទៀតសង្កេតឃើញថារាល់ Effect ក្នុង
រឿង រត់ភាគទី ១ នេះគឺកែសម្រួលបានស្អាតអាចទទួលយកបានសឹងតែល្អជាងរឿងភាគទូរទស្សន៍
មួយចំនួនផង។ បែបនេះហើយចង់ដឹងថា តើក្នុងការកែសម្រួលក៏ដូចជាបន្ថែម Effect ក្នុងភាគទី ១
នេះតើខាង អារម្មណ៍ភាពយន្តមានការសហការណ៍ជាមួយខាងណាខ្លះដែរ?
លោក ឧត្ដម៖ បាទចំពោះការកែនិងបញ្ចូល Effect រូបភាពយើងមានការសហការណ៍ពី Elite FX
Studio ដែលជា Studio របស់មិត្តភ័ក្ររបស់បងផ្ទាល់ ហើយនៅមានខាង Lion Media ដែលជាអ្នក
ថតរូបអាជីពដែលមានជំនាញ Photo Production និងនៅមានអ្នកផ្តល់យោបលគឺលោក Bulli Sot
ដែលគាត់ជាខ្មែរនៅសហរដ្ឋ។
Camnews៖ ហើយចុះចំពោះតួរសម្ដែងព្រោះមើលទៅយើងឃើញមានតួរជាខ្មោច Zombie បើគិត
ទៅតូចណាស់ក៏ត្រូវការមនុស្សជាង ១០ នាក់ដែរដើម្បីជាតួរសម្ដែងក្នុងភាគទី ១ នេះ។ តើតួរទាំង
នោះគាត់ជានរណាដែរ? ជាអ្នកសម្ដែងអាជីពឬយ៉ាងណា?
លោក ឧត្ដម៖ បាទចំពោះតួរសម្ដែងដែលយើងឃើញមានតួរជា Zombie គឺសារភាពទៅពួកគាត់
សុទ្ធតែជាអ្នកស្គាល់គ្នា ជាមិត្តភ័ក្រស្គាល់គ្នា ហើយពិសេសនោះគឺភាគច្រើនគឺជាមិត្តភ័ក្រដែល
ស្គាល់គ្នាក្នុង Facebook ដែលពួកគាត់មានចំណាប់អារម្មណ៍ក្នុងការថតខ្សែភាពយន្ត។ ហើយក្នុង
ការជ្រើសរើសតួរពីដើមឡើយគឺខាងខ្ញុំបានប្រកាសក្នុង facebook ដោយបានដាក់រឿងខ្លីជាគំរូមួយ
ដែលមានចំណងជើងថា ស៊ីផុយ ហើយបន្ទាប់មកជាលទ្ធផលគឺមានមនុស្សចំនួន ២ ទៅ ៣ នាក់
គេព្រមស្ម័គ្រចិត្តចូលរួមក្នុងការចងក្រងថតរឿង រត់ ភាគទី ១ នេះ។
Camnews៖ ចំពោះសំនួរចុងក្រោយនេះគឺខាងខ្ញុំចង់ដឹងពីដំណើរការសព្វបែបយ៉ាងនៃខាងផលិត
កម្មរបស់បងវិញតើវាមានការលំបាកយ៉ាងណាខ្លះដែរ?
លោក ឧត្ដម៖ បើនិយាយទៅនិយាយថាលំបាក ក៏លំបាក ស្រួលក៏ស្រួល។ ហេតុអីបានជាបង
និយាយបែបនេះព្រោះកាលដែលយើងថតខ្សែភាពយន្តខ្លីបែបនេះខាងយើងខ្ញុំអត់មានបានទទួល
កម្រៃពីខ្សែភាពយន្តរឿង រត់ នេះទេតែយើងត្រូវចំណាយសព្វគ្រប់បែបយ៉ាងតែបើថាស្រួលព្រោះ
យើងមានប្លង់ក្នុងការចំណាយមិនមែនចេះតែចំណាយឥតប្រយោជន៍នោះទេ។ ការពិតទៅផលិត
កម្មរបស់បងគឺបង្កើតមកតាំងពីឆ្នាំ ២០១០ ហើយ ២ ឆ្នាំមកនេះគឺអត់ទាន់មានបានចេញអ្វីជាដុំកំ
ភួនធំនោះទេ ព្រោះតែមានការរវល់ ណាមួយសម្រាប់បងជាផលិតករបងអត់ចង់ដើរតាមផ្លូវចាស់
របស់អ្នកដទៃ ដែលចេញ CD ចម្រៀងចម្លងភ្លេងតាមបរទេស តែសម្រាប់បងការងារក្នុងរយះពេល
២ ឆ្នាំមកនេះបងបានរៀបចំក្នុងការនិពន្ធសាច់ភ្លេងតែមិនទាន់បានចេញនោះទេ ព្រោះបងគិតថា
បងផ្ទាល់នឹងដឹកនាំផលិតកម្មនេះអោយមានអ្វីមួយដែលអាចទាក់ទាញចំណាប់អារម្មណ៍ ហើយ
ដូចជារឿង រត់ នេះជាដើមយើងអត់មានចម្លងគេនោះទេ គោលបំណងក្នុងការផលិតរឿង រត់នេះ
ដូចជាប្អូនបានឃើញផ្ទាល់ យើងមាន Story Line របស់យើងផ្ទាល់ទោះបីជាវាជាប្រភេទរឿងខ្មោច
Zombie តែមិនមែនដូចជារបស់បរទេសដែលជាខ្មោចដើរយឺតៗនោះទេ យើងចង់បង្ហាញអោយគេ
ឃើញក្នុងសាច់រឿងថាមនុស្សបានឆ្លងមេរោគមួយដែលបណ្ដាលអោយក្លាយជាខ្មោចឆៅ ហើយ
រត់ទៅត្របាក់រាល់អ្វីដែលវាគិតថាជាចំណី។ ចំពោះភាគទី ១ នេះយើងធ្វើវាត្រឹម ១០ នាទីជាងតែ
ក្នុងភាគទី ២ យើងនឹងថតអោយមានលក្ខណៈជាស្តង់ដារព្រោះមានការសំណូមពរពីសំណាក់អ្នក
ទស្សនាជាច្រើន។ ហើយគោលបំណងធំនៃភាពយន្តភាគខ្លីរឿង រត់ នេះគឺយើងគ្រាន់តែចង់បញ្ហាញ
មហាជនអោយបានស្គាល់ពីស្នាដៃកូនខ្មែរដែលមានសមត្ថភាពក្នុងការផលិតភាពយន្តមិនចាញ់
បរទេសប៉ុន្មានទេ ហើយខ្សែភាពយន្តរឿង រត់ នេះមិនមានគោលបំណងក្នុងការរកប្រាក់កម្រៃ
អ្វីនោះទេ យើងគ្រាន់តែចង់អោយគេស្គាល់ស្នាដៃនៃការថតបែបនេះប៉ុណ្ណោះ។ ហើយចំពោះតួរ
សម្ដែងខាងបងក៏នៅតែរើសដូចមុនគឺថាអ្នកណាដែលចង់មានមុខក្នុងរឿង រត់ នេះគឺអាចទាក់
ទងមកខាងផលិតកម្មបងផ្ទាល់ក្នុងនាមជាការសម្ដែងស្ម័គ្រចិត្ត ហើយចំពោះថ្លៃរ៉ាប់រងក្នុងការចេញ
ថត ថ្លៃធ្វើដំណើរអ្វីផ្សេងៗ គឺខាងផលិតកម្មបងរ៉ាប់រងជួន មិនអោយខូចប្រយោជន៍ដល់អ្នកមក
ស្ម័គ្រចិត្តនោះទេ ព្រោះយើងចង់ប្រមូលអ្នកដែលមានសមត្ថភាពក្នុងវិស័យភាពយន្តមកបង្កើតជា
អ្វីមួយដែលអាចទាញចំណាប់អារម្មណ៍មហាជនបាន។
សកម្មភាពលោក ទូច ឧត្តម ក្នុង Studio
លោក ទូច ឧត្តម ម្ចាស់ផលិតកម្ម អារម្មណ៍ភាពយន្ត
នេះគឺជាអ្វីដែល អារម្មណ៍ភាពយន្ត ចង់អោយអ្នកទាំងអស់គ្នាបានដឹងពីស្នាដៃនៃការផលិតខ្សែភាព
យន្តរបស់ខ្មែរ ដោយមានក្ដីសង្ឃឹមយ៉ាងមុតមាំក្នុងការផលិត ក៏ដូចជាទឹកចិត្តក្នុងការលើកកំពស់
វិស័យសិល្បះភាពយន្តរបស់ខ្មែរ។ ចុះលោកអ្នកវិញគិតយ៉ាងណាដែរចំពោះដំណើរការនៃការ
ផលិត និងក្ដីសុបិន្តរបស់អារម្មណ៍ភាពយន្ត? ប្រសិនបើលោកអ្នកគាំទ្រពួកគេអ្នកអាច ចូលជាសមា
ជិកអ្នកគាំទ្រ អារម្មណ៍ភាពយន្តបានដោយគ្រាន់តែចុច Like នៅលើទំព័របស់ អារម្មណ៍ភាពយន្ត
នៅលើ facebook។
ដោយ៖ វឌ្ឍនា, មិនា