(ក្រុងម៉ូនិច)៖ កីឡាខ្សែបម្រើប្រយុទ្ធអន្តរជាតិ Arturo Vidal បានប្រកាសក្តែងៗថា រូបគេនឹងទៅចូលរួមលេងឲ្យក្រុមតោខៀវ Chelsea ដែរនារដូវក្តៅនេះ នៅពេលដែលអតីតគ្រូបង្វឹកចាស់របស់គេ Antonio Conte ទៅដឹកនាំក្លឹប ដែលកំពុងខ្វះគ្រូបង្វោលនៅឡើយនេះ ។
ខ្សែបម្រើអន្តរជាតិឈីលី ដែលបានចាកចេញពីក្លឹប Juventus ផ្សាស់ទៅលេងឲ្យក្លឹបអាល្លឹម៉ង់ Bayern Munich ២ឆ្នាំមកនេះបាននិយាយប្រាប់សារព័ត៌មាន Goal ថា រូបគេពិតជាសប្បាយចិត្តខ្លាំងនៅពេលដែលបានធ្វើការរួចគ្នានៅក្នុងក្លឹបជើងឯកអ៊ីតាលី Juventus នាពេលកន្លងមក ជាមួយនឹងការទទួលបានជ័យ ដ៏ច្រើនផងដែរ កាលពីគ្រូបង្វឹកជនជាតិ អ៊ីតាលី Conte នៅដឹកនាំ Juventus ។
សូមរំលឹកដែរថា គ្រូបង្វឹកវ័យ៤៦ឆ្នាំ Conte បានប្រកាសថានឹងចាកចេញពីក្រុមជម្រើសជាតិអ៊ីតាលី ក្រោយបញ្ចប់យុទ្ធនាការ Euro 2016 នៅបារាំង និងត្រឡប់ទៅដឹកនាំក្លឹបអាជីពវិញ ហើយក្នុងនោះដែរ Goal ក៏បានយល់យ៉ាងច្បាស់ថា នឹងទៅដឹកនាំក្លឹប Chelsea ក្រោមកិច្ចសន្យារយៈពេលឆ្នាំនៅកីឡដ្ឋាន Stamford Bridge ក្នុងនោះកីឡាករ Vidal, Radja Nainggolan និង Juan Cuadrado ក៏គាត់គ្រោងនឹងនាំយកទៅលេងជាមួយនឹងគាត់ដែរនៅទឹកដីអង់គ្លេស ក្នុងក្របខណ្ឌកំពូល Premeir League ។
ថ្លែងក្រោយពីជួយ Bayern Munich ឡើងទៅវគ្គ៨ក្រុមនៃ Champions League ក្រោយទម្លាក់ Juventus ៤-២ ក្នុងនាទីបន្ថែម Vidal បានឲ្យដឹងថា “ខ្ញុំមានមោទនភាពខ្លាំងណាស់ និងចង់ធ្វើការរួមគ្នាម្តងទៀតជាមួយអតីតគ្រូបង្វឹក ចាស់ Conte ។ ខ្ញុំតែងតែនិយាយថា ពេលខ្ញុំចូលសមរភូមិ ខ្ញុំចង់យក Conte ទៅជាមួយ” ៕
Vidal (ស្តាំ) និងគ្រូបង្វឹក Antonio Conte
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី