CamNews

គ្រោះថ្នាក់ 

គ្រោះថ្នាក់ រណ្តៅយក្ស ស្រុត បានលេបត្របាក់ មនុស្ស ម្នាក់ បាត់ខ្លួននៅឡើយ

គ្រោះថ្នាក់ ៖ រណ្តៅយក្សស្រុតមួយកន្លែង បានកើតឡើងនៅក្នុងប្រទេសចិន ដោយនៅក្នុងនោះ បានលេបត្របាក់ផ្នែកខ្លះនៃផ្លូវសាធារណៈ ក៏ដូចជា លេបត្របាក់អ្នកធ្វើដំណើរឆ្លងកាត់ទីនោះ រហូតឈានទៅដល់ ឲ្យមនុស្សម្នាក់បាត់ខ្លួនបាត់ទៅហើយ នេះបើយោងតាមសេចក្តីរាយការណ៍ ពីសារព័ត៌មានចិន ចេញផ្សាយនៅថ្ងៃពុធសប្តាហ៍នេះ ។ 



របាយការណ៍ បញ្ជាក់ឲ្យដឹងថា ហោចណាស់ មនុស្ស ៣នាក់បានធ្លាក់ចូលទៅក្នុងរណ្តៅយក្ស ស្រុតមួយកន្លែងនេះ ដែលមានប្រវែងដល់ទៅ ៣០ម៉ែត្រ ទំហំមុខកាត់ដល់ទៅ ២០ម៉ែត្រ និងជំរៅ ដល់ទៅ ៩ម៉ែត្រឯណោះ ។ រណ្តៅយក្សស្រុតមួយកន្លែងនេះ បានកើតឡើង អំឡុង ពេលដែលមានភ្លៀងធ្លាក់ខ្លាំងនៅក្រុង Zhengzhou ភាគកណ្តាល ខេត្ត Henan ប្រទេសចិន នេះបើយោង តាមសារព័ត៌មាន  the Beijing Youth Daily ចេញសេចក្តីរាយការណ៍ បន្ទាប់ពីដកស្រង់សម្តីសាក្សីរស់ ដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក ។ ការស៊ើបអង្កេតជំហានដំបូង បញ្ជាក់ឲ្យដឹង ថា រណ្តៅស្រុតមួយនេះ ទំនងបណ្តាលមកពីប្រព័ន្ធបំពង់ផ្គត់ផ្គង់ទឹកដែលនៅកប់នៅក្រោមដីនោះ រងនូវការខូចខាត ដោយសារតែភ្លៀងធ្លាក់ជោគជាំ ឈានទៅបង្កើតបាននូវការច្រោះដីតែម្តង ។ 

បុរសម្នាក់ និងស្រ្តីម្នាក់ ត្រូវក្រុមការងារជួយសង្គ្រោះត្រលប់មកវិញ ពីក្នុងរណ្តៅដីស្រុត ប៉ុន្តែស្រ្តី ម្នាក់ផ្សេងទៀត​ដែលជិះកង់អាគុយជាមួយនឹងបុរសម្នាក់នោះ ត្រូវបានកម្លាំងទឹកហូរច្រោះខ្លាំង នោះហូរច្រោះនាំទៅ ។ រដ្ឋាភិបាលក្រុង Zhengzhou អោយដឹងថា ពុំទាន់ជាក់ច្បាស់នៅឡើយទេ ថាតើមានមនុស្សប៉ុន្មាននាក់ធ្លាក់ចូលទៅក្នុងរណ្តៅយក្សស្រុតលើកនេះ ។ ក្រុមការងារចេញជួយ សង្គ្រោះបានរកឃើញ កង់អាគុយ ៣គ្រឿង កាបូប ស្បែកជើង និងខោអាវមួយចំនួននៅក្នុងរណ្តៅ ស្រុត នៃទីតាំងកើតហេតុ៕

 

ប្រែសម្រួល ៖ កុសល


ប្រភព ៖ អាស៊ីវ័ន​


Tags: china Chemical Int news Hot news