(ភ្នំពេញ)៖ តារាចម្រៀងរបស់ផលិតកម្មភ្លេងរីខត កញ្ញា វ៉ាន់ នីឡា ទោះបីជាពេលនេះ រឿងអាស្រូវបែកធ្លាយរូបអាក្រាត នៅតែបន្តកើតមានសម្រាប់រូបនាង ដ៏គួឲ្យឈឺចាប់ក៏ពិតមែន ប៉ុន្តែតារាស្រីរូបនេះ នៅតែខំតស៊ូជំនះឧបសគ្គមិនរាថយឡើយ ខណៈការលើកទឹកចិត្ត ពីអ្នកសិល្បៈ ក៏ដូចជាទស្សនិកជនជាច្រើន បានផ្តល់កំលាំងចិត្តដល់នាងឲ្យរឹងមាំឡើងជាបន្តបន្ទាប់។ មិនតែប៉ុណ្ណោះ ដើម្បីបង្ហាញពីអំពើល្អ ក្នុងការជួយសង្គមតារាស្រី វ៉ាន់ នីឡា ថ្មីៗនេះ បានបរិច្ចាគថវិកាចំនួន៥០ ដុល្លារ ចូលរួមសកម្មភាព មនុស្សធម៌ ជួយកុមារក្រីក្រសហគមន៍ ក្នុងខេត្តមណ្ឌលគិរី ជាមួយ «មូលនិធិកុមារសាវិនកម្ពុជា»។
ប្រធានមូលនិធិកុមារ សាវិន កម្ពុជាលោក សាវិន ហ្វីលីព បានថ្លែងប្រាប់ Khmertalking ឲ្យដឹងថា តារាចម្រៀងកញ្ញា វ៉ាន់ នីឡា និងលោក សុខ ជំនោ កាលពីម្សិលមិញ បានឧបត្ថម្ភថវិកាចំនួន៥០ដុល្លារ ដើម្បីទិញកង់ និងសម្ភារៈសិក្សាជូនដល់កុមារសហគមន៍ ក្នុងខេត្តមណ្ឌលគិរី នៅថ្ងៃ ២៣ មិថុនា ២០១៦ ខាងមុខនេះ។
តារាប្រុសមានប្រជាប្រិយភាព និងល្បីល្បាញតាមរយៈកិច្ចការងារជួយសង្គម ព្រមទាំងការតួសម្តែងភាពយន្ត លោក សាវិន ហ្វីលីព បានបន្តថា មូលនិធិកុមារសាវិនកម្ពុជា សូមអរគុណកញ្ញា វ៉ានីទ្បា និងលោក សុខ ជំនោរ ដែលបានបរិច្ចាគថវិការចំនួន ៥០ ដុល្លារ ដើម្បីទិញកង់ និងសម្ភារៈសិក្សាជូនដល់កុមារសហគមន៍ ក្នុងខេត្តមណ្ឌលគិរី។
លោក សាវិន ហ្វីលីព បានបន្ថែមថា «ក្នុងនាមជាសិល្បករដូចគ្នា ខ្ញុំសូមសរសើរដល់ទឹកចិត្តសប្បុរស របស់ប្អូនស្រី ទោះបីពេលនេះប្អូនស្រី កំពុងមានរឿងអាស្រូវក៏ដោយ ហើយសូមអរគុណម្ដងទៀត ដល់លោក សុខ ជំនោរ ដែលបានចូលរួមចំណែក ចែករំលែកសេចក្ដីស្រឡាញ់ ដល់កុមារក្នុងសហគមន៍ទាំងនោះ!»។
សូមបញ្ជាក់ថា កាលពីថ្មីៗនេះតារាប្រុសលោក សាវិន ហ្វីលីព បានប្រកាស នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា លោកបានឯកភាពគ្នា ជាមួយតារាចម្រៀង លោក សាន ផានិត និង លោក DJ អាចារ្យធំ ក្នុងការស្វះស្វែងរកថវិកា ដើម្បីទិញកង់ចំនួន៣០គ្រឿង (ក្នុងមួយគ្រឿងថ្លៃ៤០ដុល្លា) នាំយកទៅចែកជូនដល់សិស្សានុសិស្ស ដែលជាកូនចៅរបស់ជនជាតិភាគតិច និងជាកុមារក្រីក្រនៅសាលារៀនបឋមសិក្សា «ពូតាង» សង្កាត់ រម្យនា ខេត្តមណ្ឌលគិរី។
តារាប្រុសលោក សាវិន ហ្វីលីព បានបញ្ជាក់ទៀតថា ចំពោះគម្រោងនៃការចែកកង់ និងសម្ភារៈសិក្សាដល់សិស្សក្រីក្រនេះ គឺធ្វើឡើងនៅថ្ងៃទី២៣ ខែមិថុនា ២០១៦ខាងមុខនេះ ពោលគឺចំថ្ងៃខួបកំណើតរបស់លោកតែម្ដង។ ដូច្នេះលោកសូមជូនដំណឹងនេះ ដល់សិល្ប-ករសិល្បការិនីសប្បុរសជនទាំងក្នុង និងក្រៅប្រទេសទាំងអស់ ដែលមានបំណងចង់ចូលរួម ចែករំលែកសេចក្ដីស្រឡាញ់ ដល់កុមារសហគមន៍ សូមមេត្តាជួយបរិច្ចាគ ជាអំណោយកង់ ឬសម្ភារៈសិក្សាដល់កុមារទាំងនោះ ដោយក្ដីអនុគ្រោះ ៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង