(ភ្នំពេញ)៖ ស្របពេលដែលអាជីពចម្រៀង កាន់តែទទួលបានភាពជោគជ័យ និងមានសន្ទុះគាំទ្រខ្លាំង តាមរយៈការនិពន្ធ Original Song ម្ចាស់បទ «រាំញីកែងជើង» លោក ងួន ចាន់ដេវីត បានបញ្ជាក់ប្រាប់ ពីភាពជោគជ័យរបស់ខ្លួនថា «បីឆ្នាំទៅហើយ នៅលើវិថីមួយនេះ អរគុណច្រើនអ្នកទាំងអស់គ្នា ជីវិតខ្ញុំផ្លាស់ប្តូរច្រើនណាស់»។
ជាមួយគ្នានេះ តារាចម្រៀងម្ចាស់បទ Original Song ប្រចាំផលិតកម្មហង្សមាស លោក ងួន ចាន់ដេវីត ក៏ធ្លាប់បានប្រកាសពីគោលជំហរ ដើម្បីរក្សាទំនាក់ទំនងមិត្តភាព របស់ខ្លួនជាមួយដៃគូចម្រៀង អ្នកនាង ពេជ្រ សោភា ថា «ទោះស្ថិតក្នុងស្ថានភាព ឬមានរឿងអ្វីកើតឡើង ចំពោះពួកយើងយ៉ាងក៏ដោយ គឺខ្ញុំនៅតែមិនលែងដៃគ្នាចោលឡើយ ពោលគឺនៅតែបន្តទៅមុខជាមួយគ្នា ជានិច្ច!»។
ដោយឡែក ងាកមកចាប់អារម្មណ៍ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាចម្រៀងស្រីម្ចាស់បទ «ហ៊ុយហ៊ុយ» អ្នកនាង ពេជ្រ សោភា ឯណេះវិញ គេសង្កេតឃើញនាងសរសេរបញ្ជាក់ ស្រដៀងគ្នានឹងដៃគូ Original Song លោក ងួន ចាន់ដេវីតថា «រយៈពេល៣ឆ្នាំនេះ ជួបគ្រប់រឿងរសជាតិ អីក៏មានដែរ ផ្អែម ល្វីង ជូរចត់ គេមើលងាយ មិនឲ្យតម្លៃ តែពួកយើងពីរនាក់ មិនដែលខ្វល់ មានតែខំព្យាយាមធ្វើអ្វីៗ ដែលថ្មីៗ»។
តារាស្រី ពេជ្រ សោភា បានបន្ថែមថា «អ្វីដែលធ្វើឲ្យពួកគេមិនខ្វល់នោះ ក៏ព្រោះគិតថា ទៅថ្ងៃអនាគតបងប្អូនទស្សនិកជន អាចនឹងទទួលយកបានហើយ តែចុងក្រោយពួកយើងទាំងពីរនាក់ ក៏បានទទួលការស្រឡាញ់ ពីពុកម៉ែបងប្អូន អរគុណណាស់ ដែលបើកចិត្តទទួលយកពួកយើង ខ្ញុំនិងដេវិត នឹងបន្តធ្វើទៀត!»។
សូមបញ្ជាក់ថា ការចេញមុខទម្លាយ ពីភាពជោគជ័យលើវិស័យចម្រៀង របស់តារាចម្រៀងទាំងពីររូបនេះ បានធ្វើឡើងស្របពេលមួយរយៈចុងក្រោយនេះ ហាក់កំពុងសម្បូរអ្នកច្រណែនច្រើនហើយ តែងតែនិយាយបង្កាច់បង្ខូច ដើម្បីឲ្យពួកគេទាំងពីរ ទាស់ពាក្យសម្តីគ្នា ឈានដល់ការបែបបាក់សាមគ្គីភាព ជាមួយគ្នាក្នុងគោលបំណង ប្រជែងយកទីផ្សារល្បីឈ្មោះ!៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង