(ភ្នំពេញ)៖ បន្ទាប់ពីពិធីមង្គលការ យ៉ាងអធិកអធ័ម ត្រូវបានបញ្ចប់ទៅ ក្រោមស្នាមញញឹម និងស្លាកស្នាមអនុស្សាវរីយ៍ រាប់មិនអស់ រវាង តារាសម្ដែង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា កាលពីពេលថ្មីៗនេះរួចមក នៅក្នុងបណ្ដាញសង្គម Facebook បែរជាលេចចេញនូវសំឡេងរិះគន់ ថា រ៉ូបតម្លៃប្រមាណ៨៦០០ដុល្លារអាមេរិក ដែលច្នៃឡើង ដោយសំអាងការ Paradise កាត់ដេរ ស្លៀកក្នុងថ្ងៃមង្គលការ ពេលកម្មវិធីទទួលភ្ញៀវ និងកាត់នំ ត្រូវបានគេរិះគន់ថា បានចម្លងម៉ូដពីបរទេស ពោលមិនមានគំនិតច្នៃប្រឌិត ខ្លួនឯងនោះឡើយ។
ក្រោយផ្ទុះសំឡេងរិះគន់ ពីអ្នកលេង Facebook ភ្លាមៗនោះ គេបានឃើញតារាសម្ដែង គង់ ចាន់ស្រីមុំ បានបញ្ចេញប្រតិកម្មតបវិញភ្លាមៗដែរ ដោយនៅក្នុងនោះ នាងបញ្ជាក់ថា ការច្នៃម៉ូដសម្លៀកបំពាក់ ឬធ្វើអ្វីមួយ ត្រូវតែមានការស្រាវជ្រាវ ហើយយកមកច្នៃប្រឌិតថ្មី ជារបស់ខ្លួន ពោលបើមិនស្រាវជ្រាវទេ តើបានរបស់ថ្មីនោះមកពីណា? ជាមួយគ្នានេះ អ្នករិះគន់ គួរពិចារណាខ្លះផង មុននឹងរិះគន់លើរឿងអ្វីមួយ ហើយត្រូវចេះជួយលើកស្ទួយ ស្នាដៃរបស់ខ្មែរ ដែលខំផលិតបាន កុំគិតតែចាំរិះគន់ ក្នុងន័យច្រណែនឈ្នានីសគ្នានោះ។
គង់ ចាន់ស្រីមុំ បានសរសេរក្នុងបណ្ដាញសង្គម របស់នាងផ្ទាល់ថា «ខ្ញុំ ..គង់ ចាន់ស្រីមុំ សូមអរគុណយ៉ាងខ្លាំង ដល់សំអាងការ Paradise ដែលខំគូរ និងច្នៃម៉ូដរ៉ូប អាពាហ៍ពិពាហ៍ពណ៌ស ពេលកាត់នំ ក្នុងថ្ងៃមង្គលការ ដ៏ពិសេសសម្រាប់នាងខ្ញុំ ដោយប្រើរយៈពេលតែ២០ថ្ងៃ អាចធ្វើបានយ៉ាងប្រណិត។ ខ្ញុំសូមបញ្ជាក់ថា រ៉ូបមួយនេះ មិនបានចម្លង ឬយកម៉ូដរបស់នរណាម្នាក់ឡើយ ។ គ្មានអ្វីដែលថ្មីទេ នៅលើលោកនេះ នរណាក៏មានការស្រាវជ្រាវដែរ និងយករបស់នោះ មកច្នៃប្រឌិតបន្ថែម ដើម្បីឲ្យក្លាយជារបស់ថ្មី និងផ្ទាល់ខ្លួន គឺខាងសំអាងការ បានធ្វើនិងយកចិត្តទុកដាក់ ក្នុងការច្នៃម៉ូដមួយនេះ យ៉ាងពេញទំហឹង..»។
ក្នុងន័យវាយបកទៅកាន់អ្នករិះគន់វិញ គង់ ចាន់ស្រីមុំ បានសរសេរសង្កត់ធ្ងន់ទៀតថា« ខ្ញុំសូមឲ្យបងប្អូនខ្មែរទាំងអស់ លើកស្ទួយអ្វីដែលជាការច្នៃប្រឌិត របស់ខ្មែរយើងផង កុំចេះតែយកខ្មែរ ទៅប្រៀបនឹងបរទេស ហើយកុំចេះតែឲ្យតម្លៃខ្មែរ នៅពីក្រោយរហូតបែបនេះអី។ សូមមើលឃើញនូវអ្វី ដែលជាស្នាដៃខ្មែរ ហើយរៀនឲ្យតម្លៃខ្មែរគ្នាឯងផង គេខំធ្វើមិនបានសម្រាក ដើម្បីឲ្យបានល្អគ្រប់យ៉ាង ហើយសូមតមស្នងវិញ ដោយពាក្យសរសើ ហើយរិះគន់ដើម្បីស្ថាបនា មិនមែនរិះគន់ ដោយយកខ្មែរទៅប្រៀប នឹងបរទេសនោះទេ។ សូមអរគុណដល់អ្នក ដែលគាំទ្រយើងខ្ញុំរហូតមក និងតែងតែឲ្យតម្លៃសិល្បៈខ្មែរ..!»។
សូមបញ្ជាក់ថា ព្រោះតែរំភើប រកអ្វីនឹងប្រៀបផ្ទឹមពុំបាន ក្នុងមង្គលដ៏ពិសេសសម្រាប់ជីវិត នៅពេលនេះ តារាសម្ដែងស្រស់សោភា កញ្ញា គង់ ចាន់ស្រីមុំ និងស្វាមី គឺលោក គឹម សីហា បានបង្ហាញពីក្ដីស្រឡាញ់ ចំពោះគ្នានឹងគ្នា រហូតសម្រក់ទឹកភ្នែក ហូរកាត់ផែនថ្ពាល់ របស់ពួកគេទាំងពីរ នៅចំពោះមុខភ្ញៀវកិត្តិយស រាប់រយនាក់ ពេលដែលអ្នកទាំងពីរ រំឭកពីប្រវត្តិស្នេហ៍ តាំងពីគ្រាដំបូង៕