(ញូវយ៉ក)៖ តារាម៉ូដែលសញ្ជាតិអាមេរិក អ្នកនាង Kim Kardashian West ដែលជាភរិយារបស់តារា ចម្រៀងលោក Kanye West ត្រូវបានជនបិទមុខពីររូប ដែលបានបន្លំខ្លួនជាប៉ូលីស ចាប់ភ្ជង់កាំភ្លើង នៅក្នុងបន្ទប់សណ្ឋាគារ នៅយប់ថ្ងៃអាទិត្យ (ពេលវេលាទីក្រុងញូយ៉ក) អំឡុងពេលដែលអ្នកនាង កំពុងស្ថិតនៅឯប្រទេសបារាំង ជាមួយនឹងម្តាយនិងបងប្អូនស្រី ដើម្បីចូលរួមកម្មវិធីបង្ហាញម៉ូដ សម្លៀកបំពាក់ «Paris Fashion Week»។ នេះបើតាមការផ្សាយដោយ CNN នៅមុននេះបន្តិច នាព្រឹកថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០១៦។
អ្នកតំណាងរបស់អ្នកនាង Kim Kardashian បានប្រាប់ CNN ថា «អ្នកនាងត្រូវបានជនបិទមុខពីរនាក់ ស្លៀកពាក់ជាមន្រ្តីប៉ូលិស ចាប់គំរាមនិងភ្ជង់ដោយកាំភ្លើង នៅក្នុងបន្ទប់សណ្ឋាគារ នៅឯប្រទេសបារាំង ហើយអ្នកនាងកំពុងតែមានការតក់ស្លុតជាខ្លាំង ប៉ុន្តែមិនបានទទួលរងរបួស ឬការធ្វើបាបអ្វីនោះឡើយ»។
ចំណែកឯស្វាមីរបស់អ្នកនាង គឺលោក Kanye West វិញ បន្ទាប់ពីបានជ្រាបពីដំណឹងពាក់ព័ន្ធនឹង ភរិយារបស់ខ្លួនបែបនេះ ក៏បានបញ្ឈប់ការប្រគំតន្រ្តីរបស់ខ្លួន ដែលកំពុងប្រព្រឹត្តិទៅនៅឯទីក្រុងញូយ៉ក យ៉ាងទាន់ហន់ ដោយបានប្រាប់ទៅកាន់អ្នកគាំទ្រថា លោកមានកិច្ចការបន្ទាន់ ពាក់ព័ន្ធនឹងគ្រួសារ។
ទន្ទឹមគ្នានេះដែរ នៅលើបណ្តាញសង្គមនានា ក៏មានពាក្យចចាមអារាមជាច្រើន និងការបន់ស្រន់ បួងសួងផងដែរ ចំពោះលោក West និងក្រុមគ្រួសារ ខណៈពុំទាន់មានប្រភពព័ត៌មានណាមួយ បានបញ្ជាក់ច្បាស់ពីមូលហេតុ ពីក្រោយហេតុការណ៍ខាងលើ នៅឡើយនោះទេ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង