(ភ្នំពេញ)៖ តារាសិល្បៈស្រីពីរដួង ដែលមានឈ្មោះ លក្ខិណា ដូចគ្នា គឺ អ្នកនាង ចន ច័ន្ទលក្ខិណា និង កញ្ញា ថន លក្ខិណា បែរជាជួបរឿងក្ដៅក្រហាយដូចគ្នា ក្នុងថ្ងៃតែមួយដែល ធ្វើឲ្យអ្នកទាំងពីឆេះដុំក្ដៅស្លឹកត្រចៀក មិនធម្មតា ដេកមិនលក់បក់មិនល្ហើយនោះឡើយ។
ចន ច័ន្ទលក្ខិណា ហាក់ក្រៅក្រហាយនឹងបុរសម្នាក់ ដែលថ្លើមធំ ហ៊ានជេរប្រមាថនាង ថា ជាស្រីក្បត់ប្ដី ខណៈដែលនាង ថន លក្ខិណា វិញក៏ក្ដៅចិត្តមិនស្ទើរដែរ ជុំវិញដំណឹងថា ស្វាមីរបស់អ្នកនាង ថន តារា ជាបងស្រីបង្កើតរបស់នាង ដែលជាមន្រ្តីជនជាតិថៃ លែងប្រពន្ធមិនទាន់ដាច់ ហើយមករៀបការជាមួយ នឹងបងស្រីរបស់នាង។
អ្នកនាង ចន ច័ន្ទលក្ខិណា បានក្ដៅស្លឹកត្រចៀក នឹងអាចឈានទៅរកផ្លូវច្បាប់ ក្នុងករណីបុរសម្នាក់ មកវាយប្រហារនាងដល់ក្នុងគណនីផ្ទាល់ ដែលបានប្រើពាក្យ សម្ដីថា «ម៉ែក្បត់ម៉េចដូចម៉ែ» ធ្វើឲ្យនាងមិនសប្បាយចិត្តជាខ្លាំង រហូតនាងនឹងប្រើប្រាស់ផ្លូវច្បាប់ ដើម្បីព្រមានអ្នកវាយប្រហារ ចំពោះអ្នកដែលប្រមាថនាង។
អ្នកនាង ចន ច័ន្ទលក្ខិណា ក៏ធ្លាប់រងនៅរឿងមិនល្អ បែបនេះច្រើនណាស់ តែគេមិនបានចូល មកនិយាយក្នុងគណនីនាង លើកនេះនាងលែងអត់ឱនឲ្យហើយ ព្រោះប្រៀបដូចចោរដែលចូលក្នុងផ្ទះ ពោលគឺនាងលេងមែនទែនហើយ។
អ្នកនាង ចន ច័ន្ទលក្ខិណា ហាក់អស់ភាពអត់ធ្មត់ឲ្យមនុស្ស ដែលមើលងាយនាង ព្រោះកន្លងមហាជនមួយចំនួនតូច គឺជេរនាងមិនអាសូរឡើយ ពាក្យសម្ដី អាក្រ់បែបណា ក៏ធ្លាប់ឮដែរ តែនាងមិនមាត់ ប៉ុន្តែពេលនេះនាងសុំវិញម្ដង។
ចំណែកឯតារាស្រីវ័យក្មេងរូបស្អាត រាងស្រឡូន កញ្ញា ថន លក្ខិណា ឯណោះវិញ ក៏ក្ដៅចិត្តមិនតិចទេ ពេលបងស្រីសំណប់ចិត្ត ត្រូវបានសារព័ត៌មាន ក្នុងស្រុកមួយចំនួន បានចុះថា ប្ដីបងស្រីនាង មិនទាន់លែងប្រពន្ធ ខណៈដែលព័ត៌មានបានបកប្រែ សាច់រឿងត្រឹមតែពាក់កណ្ដាល ធ្វើឲ្យភ្លើងក្នុងចិត្តនាង ឆាបឆួលឡើងមិនតិចទេ។ ថន លក្ខិណា បាននិយាយ ក្នុងបណ្ដាញសង្គមរបស់នាងថា «ផ្អើលអីក៏ផ្អើលយ៉ាងនេះ!!! នាងខ្ញុំសូមផ្តាំទៅសារព័ត៌មានខ្មែរមួយចំនួនផងដែរ ថា បើជ្រុលតែបកប្រែពីគេមកដែរ ហេតុអីក៏មិនបកឲ្យអស់ ទៅចាំបាច់ទុកមួយកំណាត់ទៀតធ្វើអី?»។
ថន លក្ខិណា បានសង្កត់ធ្ងន់ថា «ត្រង់ចំណុចសំខាន់ ដែលខាងប្រុសគាត់បានផ្តល់បទសម្ភាសន៍ថា ប្រពន្ធមុនគាត់មិនបានរៀបការទេ ហើយគាត់ក៏បាន លែងលះគ្នាដែរ ចំណុចនេះម៉េចក៏មិនបកប្រែ យកមកចុះផ្សាយផង? ហេតុអីក៏អាត្មានិយមម្ល៉េះ? តើអ្នកមានខួរគិតទេថា បើគេមិនទាន់លែងប្រពន្ធ តើគេអាចរៀបការ ប្រពន្ធថ្មីបានឬ? ទាំងច្បាប់អាពាពិពាហ៍ ពិតជាពិបាកសុំណាស់។ អ្វីដែលសំខាន់ចាស់ទុំទាំងសងខាង បានដឹងឮនិង សម្រេចឲ្យអ្នកទាំងពីររៀបការ។ ឈប់បានឈប់ទៅ កុំដើម្បីតែផលប្រយោជន៍របស់ខ្លួន សរសេរចំណងជើងតាមអំពើចិត្តនោះ វាធូរថ្លៃពេក ត្រូវគិតដល់ចិត្តគេផង បើរឿងនេះធ្លាក់ ទៅលើគ្រួសារអ្នកតើអ្នកមានអារម្មណ៍បែបណា? សូមមេត្តាពិចារណាឡើងវិញ..!»៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង