ភ្នំពេញ៖ ដោយមើលឃើញ ពីការលំបាក របស់តារាកំប្លែងជើងចាស់ពីរដួង និងកំពុងតែមានជំងឺ ប្រចាំកាយទៀតនោះ ប្រធានសមាគមន៍សិល្បករខ្មែរ លោក សុះ ម៉ាច ថ្មីៗនេះ បាននាំយកថវិកាមួយចំនួន ដែលបានមកពីសប្បុរសជន ទៅឧបត្ថម្ភ ជូនលោកតា វីតាមីនសេ និងតាចេក ដែលបច្ចុប្បន្នកំពុងមានជំងឺជាប់ខ្លួន និងជូបការលំបាក សម្រាប់ជីវភាពប្រចាំថ្ងៃ។
លោក សុះ ម៉ាច កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥បានសរសេរ នៅលើហ្វេសប៊ុកថា ព្រឹកនេះខ្ញុំបានយកថវិកា ទៅឧបត្ថម្ភលោក តាវីតាមីនសេ ចំនួន ៣០,០០០០រៀល លោក តាចេក២០,០០០០រៀល និងអ្នក មីងស៊ីថា ១៥,០០០០រៀល។
លោក សុះ ម៉ាច បានបញ្ជាក់ទៀតថា «ថវិកាខាងលើនេះ គឺបានមកពីសប្បុរសជន រួមមានលោកពៅ និង ភរិយា, ប្អូនស្រី chan DA និង ថវិកាផ្ទាល់ខ្លួនរបស់លោកខ្លះផងដែរ។ លោកក៏សូមអរគុណ ចំពោះសន្តានចិត្ដ ដ៏សប្បុរស របស់លោកអ្នក និងសូមជូនឲ្យជួបនូវពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលះ កុំបីឃ្លាតឡើយ»។
សូមបញ្ជាក់ថា តារាកំប្លែងនាយ វីតាមីនសេ កាលពីថ្មីៗមុននេះ បានធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវក្រុមគ្រួសារបញ្ជូនបន្ទាន់ ទៅសង្គ្រោះ នៅឯមន្ទីពេទ្យកាល់ម៉ែត្រ ខណៈដែលជំងឺចាស់ ត្រូវរើសឡើងវិញ។បើតាមការឲ្យដឹង ពីក្រុមគ្រួសារតារា កំប្លែងនាយ វីតាមីនសេ បច្ចុប្បន្នកំពុងប្រឈមមុខជំងឺដូចជា លើសឈាម ទឹកនោមផ្អែម ខ្លាញរុំបេះដូង និង ជំងឺពុកឆ្អឹងដែលតម្រូវឲ្យ មានការព្យាយាបាល ដោយយកចិត្តទុកដាក់ព្រមទាំង ការតាមដានជាប្រចាំ ពីសំណាក់ក្រុមគ្រូពេទ្យ។
ដោយឡែក ទន្ទឹមគ្នានេះដែរតារាកំប្លែង ស្ថិតនៅក្រុមរបស់នាយកុយ គឺតាចេក កាលពីកន្លង ទៅក៏បានធ្លាក់ខ្លួនឈឺត្រូវសម្រាកព្យួសេរ៉ូម នៅឯផ្ទះផងដែរ។ ការដែលនាយចេកសម្រេចជ្រើស យកការព្យាបាលនៅគេហដ្ឋាន របស់គាត់នោះក៏ព្រោះតែនាយជួបភាពលំបាក មកពីកត្តាគ្រួសារ មានវិភាពខ្វះខាត៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល