(ភ្នំពេញ)៖ តារាសម្តែងចាស់វស្សា ហើយនៅតែរក្សាបានប្រិជាប្រិតភាព អ្នកនាង ចន ច័ន្ទលក្ខិណា កាលពីម្សិលមិញ បានផ្ទុះកំហឹងខឹងដាច់ក្បាលដាច់កន្ទុយ បន្ទាប់ពីនាងបានបង្ហោះរូបថតមួយសន្លឹក ដែលថតជុំគ្នាពីរនាក់ម្តាយ-កូនដោយបានសរសេរខ្លីថា «មុខដូចឪគ្មានល្អៀង មកម៉ែម៉ាបន្តិចណាសោះហ្មង!»។ ប៉ុន្តែភ្លាមៗនោះក្រោយពីនាងបង្ហោះ មិនបានប៉ុន្មាននាទីផង ក៏ស្រាប់តែឃើញមានម្ចាស់ Acount Facebook មួយ មានឈ្មោះថា «វឿន ចាន់វីរៈបុត្រ» បានសរសេរ Comment មកថា «ម៉ែក្បត់ម៉េចដូចម៉ែ!»។
ត្រឹមតែ Comment ពាក្យមួយឃ្លា ដោយខ្លីនេះសោះ បានធ្វើឲ្យអ្នកនាង ចន ច័ន្ទលក្ខិណា ឡើងកំដៅឆេះដុំប្រតិកម្មវិញថា «ច្បាស់អត់ថាខ្ញុំក្បត់ ? រកភ័ស្តតាងឲ្យច្បាស់ បើមិនច្បាស់អ្នកឯង នឹងជួបខ្ញុំនៅតុលាការ ឥឡូវខ្ញុំទុកពេលឲ្យអ្នកឯងមួយអាទិត្យ លាងខួររកភ័ស្តុតាងឲ្យច្បាស់ អាទិត្យក្រោយជួបគ្នា!»។
ជាមួយគ្នានេះ តារាស្រីអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានបញ្ជាក់បន្ថែមថា« ចាំមើលគេក្លាហាន ចេញមុខមកតវ៉ាឬអត់ ឥឡូវសុំលេងអាអ្នកហ៊ាន មកខមមិនបែបនេះ ក្នុង Acc ខ្ញុំម្តង។ កុំអាងខ្ញុំជាមនុស្សមហាជន ចង់មកដៀលខ្ញុំស្រេចចិត្ត ខ្ញុំបង្ហោះក្នុង Acc ផ្ទាល់ខ្លួនរបស់ខ្ញុំទេ តែអ្នកមកបំពានសិទ្ធខ្ញុំ បំណាច់អ្នកមិនគោរពសិទ្ធិខ្ញុំទៅហើយ ខ្ញុំក៏មិនគោរពអ្នកវិញដែរ។ ខ្វះអីមនុស្សជេរខ្ញុំ និងដៀលខ្ញុំ តែខ្ញុំមិនខ្វល់ ព្រោះពួកគេមិនដែលចូលមកជេរក្នុង Acc ផ្ទាល់ខ្លួនខ្ញុំទេ ខ្ញុំលែងយល់មុខទៀតហើយ ហើយបើក្លាហានចេញមុខមក!»។
ទន្ទឹមនឹងគ្នានេះ ការប្រកាសគំរាមប្តឹង ពីសំណាក់អ្នកនាង ចន ច័ន្ទលក្ខិណា គេក៏សង្កេតឃើញ មានអ្នកគាំទ្រនៅលើហបណ្តាញសង្គម ហ្វេសប៊ុកនាងជាច្រើន ក៏បានគាំទ្រនឹងជម្រុញ ឲ្យចន ច័ន្ទលក្ខិណា ដាក់ពាក្យទៅបុរស ដែលជាម្ចាស់ Acount Facebook ខាងលើនេះផងដែរ។ ប៉ុន្តែគេនៅមិនទាន់ដឹងទេថា តើអ្នកនាង ចន ច័ន្ទលក្ខិណា ពិតជាចិត្តសឿង ប្តឹងបុរសម្នាក់នេះ ឬយ៉ាងណាទេ ប្រសិនបើគ្មានការចេញមុខសុំទោសជាសាធារណៈ ទេនោះ៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី