(ភ្នំពេញ)៖ បន្ទាប់ពីស្ងប់ស្ងាត់អស់មួយខ្យល់ធំ ជុំវិញរឿងរ៉ាវជម្លោះ រវាងតារាសម្តែងស្រី កញ្ញា វណ្ណ ម៉ូនីកា ជាមួយលោក វ៉ាត លីម៉េង អ្នកដឹកនាំសម្ដែងបទចម្រៀងខារ៉ាអូខេ ដែលឈានដល់ដំណាក់ការ នៃបណ្តឹងទៅតុលាការ កាលពីប៉ុន្មានខែមុននោះ ឥឡូវត្រូវបានប្រភពបង្ហើបថា សំណុំរឿងរបស់អ្នកទាំង២ ត្រូវបានបញ្ជូនដល់សាលាឧទ្ធរណ៍ហើយ បន្ទាប់ពីមានការប្តឹងជំទាស់ពីភាគី លោក វ៉ាត លីម៉េង ។
បើយោងតាមប្រភពក្រៅផ្លូវមួយ បានបង្ហើបថា បច្ចុប្បន្នសំណុំរឿងតារាសម្តែង កញ្ញា វណ្ណ ម៉ូនីកា ប្តឹងអតីតគូស្នេហ៍លោក វ៉ាត លីម៉េង ពីបទគំរាមបង្ហោះរូបភាពអាក្រាត និងបរិហាកេរ្តិ៍នៅលើទំព័រសង្គមហ្វេសប៊ុក ត្រូវបានបញ្ជូនឡើងដល់សាលាឧទ្ធរណ៍ហើយ កាលពីថ្មីៗនេះ។ មិនតែប៉ុណ្ណោះ ភាគីទាំងពីរអាចនឹងឡើងតទល់គ្នា នៅរសៀលថ្ងៃទី៣០ ខែធ្នូ នេះផងដែរ។
លោក វ៉ាត លីម៉េង នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥នេះ គេហទំព័រ Khmertalking មិនទាន់អាចសុំការបំភ្លឺ តាមទូរស័ព្ទជុំវិញរឿងនេះ បាននៅឡើយទេ។ ដោយឡែកតារាសម្តែងកញ្ញា វណ្ណ ម៉ូនីកា បាននិយាយ ប្រាប់ឲ្យដឹងតាមទូរស័ព្ទថា ថ្ងៃនេះនាងពិតជាត្រូវឡើងសាលាឧទរណ៍ ដើម្បីតទល់គ្នា ជាមួយលោក វ៉ាត លីម៉េង ពាក់ព័ន្ធការគំរាមបង្ហោះរូបភាពអាក្រាត និងបរិហាកេរ្តិ៍នាង នៅលើទំព័រសង្គមហ្វេសប៊ុក។ ប៉ុន្តែសម្រាប់លទ្ធផលយ៉ាងណានោះ មិនទាន់ត្រូវបាននាងបញ្ជាក់ប្រាប់ នៅឡើយទេ។
សូមជម្រាបថា នៅក្នុងពាក្យបណ្តឹង របស់តារាសម្តែង កញ្ញា វណ្ណ ម៉ូនីកា កាលពីពេលកន្លងមកនេះ បានលើកឡើងថា «នាងខ្ញុំឈ្មោះ វណ្ណ ម៉ូនីកា អាយុ២៨សុំប្តឹង ឈ្មោះ វ៉ាតលីម៉េងភេទប្រុស អាយុ៣៣ពីបទគំរាមបង្ហោះរូបភាពអាក្រាត និងបរិហាកេរ្តិ៍ដោយបុគ្គលរូបនេះ បានសរសេរនូវពាក្យបង្អាប់បង្ខួចកិត្តយសនាងខ្ញុំ យ៉ាងធ្ងន់ធ្ងរ និងសារមួយទៀត សរសេរគំរាមបង្ហោះរូបភាពអាក្រាតរបស់នាងខ្ញុំ នៅក្នុងបណ្តាញហ្វេសប៊ុក.»៕
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី